(តៃប៉ិ)៖ នាចុងសប្តាហ៍នេះ ឆ្មាំសមុទ្រតៃវ៉ាន់កំពុងបង្កើនសកម្មភាពល្បាត នៅជុំវិញកោះរបស់ខ្លួន ដែលនៅក្បែរឆ្នេរប្រទេសចិន និងដែល​បានមើលឃើញ ការកើនឡើងនៃវត្តមានរបស់នាវាចិន ខណៈមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ គឺលោក Lai Ching-te នឹងត្រូវស្បថចូលកាន់​មុខតំណែងជាផ្លូវការ នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។

ឆ្មាំសមុទ្រតៃវ៉ាន់បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ពួកគេបានបញ្ជូនកងកម្លាំងឱ្យទៅល្បាត ជាប់រៀងរាល់ម៉ោងទាំងថ្ងៃទាំងយប់ នៅជុំវិញកោះសំខាន់ៗ​ចំនួន៣ ដែលស្ថិតនៅឆ្ងាយៗ គឺ Kinmen, Matsu និង Penghu ដើម្បីធានាសន្តិសុខសុវត្ថិភាព នៃតំបន់ព្រំប្រទល់ដែនសមុទ្រ អំឡុង​ពិធីស្បថចូលកាន់តំណែងមេដឹកនាំតៃវ៉ាន់ថ្មី។ លោក Lai ដែលបានជាប់ឆ្នោតជាមេដឹកនាំតៃវ៉ាន់ កាលពីខែមករា ដើមឆ្នាំ២០២៤នេះ ត្រូវទីក្រុងប៉េកាំង ចាត់ទុកជាបុគ្គលមាននិន្នាការចង់បំបែករដ្ឋ ដ៏គ្រោះថ្នាក់មួយរូប។

គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវប្រទេសចិនចាត់ទុកជា ផ្នែកមិនអាចកាត់ផ្តាច់បាននោះឡើយនៃទឹកដីរបស់ខ្លួន ហើយចិនបានធ្វើសកម្មភាពយោធា ជាប្រចាំសឹងតែរាល់ថ្ងៃ នៅក្បែរដែនកោះនេះ ជាមួយវត្តមានយន្តហោះ និងនាវាយោធា។ អំឡុងពេលប៉ុន្មានខែចុងក្រោយ ចិនក៏បាន​បង្កើនការបញ្ជូននាវាឆ្មាំសមុទ្ររបស់ខ្លួន មកក្បែរៗកោះ Kinmen ដែលគ្រប់គ្រងដោយតៃវ៉ាន់ផងដែរ ខណៈវាស្ថិតនៅចម្ងាយត្រឹមតែ ​៥គីឡូម៉ែត្រប៉ុណ្ណោះ ពីឆ្នេរនៃទីក្រុង Xiamen របស់ចិន៕