(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានរាយការណ៍ថា រដ្ឋមន្រ្តីកសិកម្មចិន លោក Tang Renjian កំពុងតែ​ស្ថិតក្រោមការស៉ើបអង្កេតពាក់ព័ន្ធករណីពុករលួយ ស្របពេលដែលយុទ្ធនាការប្រយុទ្ធប្រឆាំងពុករលួយ របស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅតែបន្តបោសសំអាតមន្រ្តីមិនស្អាតស្អំក្នុងជួររដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយចិន CCTV បានរាយការណ៍ថា លោក Tang Renjian ដែលជាប្រមុខក្រសួងកសិកម្មនិងកិច្ចការជនបទ មានជាប់សង្ស័យអំពីការប្រព្រឹត្តទង្វើបំពានវិន័យនិងច្បាប់ធ្ងន់ធ្ងរ ប៉ុន្តែមិនបានបញ្ជាក់ឱ្យលម្អិតច្បាស់តែម្តង អំពីបទល្មើសរបស់លោកឡើយ។ កាលពីមុនមក លោក Tang ធ្លាប់កាន់តួនាទីជាអភិបាលខេត្ត Gansu នៅភាគពាយព្យ និងជាអនុប្រធានតំបន់ស្វយ័ត Guangxi នៅភាគខាងត្បូង។

ចាប់តាំងតែពីឡើងកាន់អំណាចដំបូង កាលពីជាង១០ឆ្នាំមុនមក លោក ស៉ី ជីនពីង បានដឹកនាំកិច្ចប្រឹងប្រែងលុបបំបាត់ អំពើពុករលួយក្នុងរដ្ឋាភិបាល ដែលបានចាស់ឬសយ៉ាងជ្រៅ។ ក្រុមអ្នកគាំទ្រមើលឃើញ យុទ្ធនាការនេះ លើកកម្ពស់អភិបាលកិច្ចឱ្យមានភាពស្អាតស្អំ ខណៈក្រុមអ្នករិះគន់បាននិយាយថា វាក៏ផ្តល់ឱ្យលោក ស៉ី នូវអំណាចដើម្បីកម្ចាត់គូបដិបក្ខនយោបាយ របស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ លោក Xiao Yaqing ដែលកាលណោះ ជារដ្ឋមន្រ្តីឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន ត្រូវបានដាក់ឱ្យ​ស្ថិតក្រោមការស៉ើបអង្កេត។ រីឯប៉ុន្មានខែចុងក្រោយ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក៏ត្រូវគេសង្កេតឃើញ មានការកើនឡើងសកម្មភាពជាថ្មីផងដែរ ជាពិសេសគឺក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារ៕