(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយថាហ្វីលីពីននឹងការពារ «អ្វីដែលជារបស់ពួកយើងជាដាច់ខាត» ខណៈទីក្រុងម៉ានីលកំពុងមាន ជម្លោះដែនទឹកជាមួយទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Marcos ធ្វើការកត់សម្គាល់បែបនេះនៅឯពិធីបញ្ចប់ការសិក្សារបស់សិស្សទាហានហ្វីលីពីន នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភានេះ ជាមួយការចេញបញ្ជាឱ្យសិស្សទាហាន ទើបបញ្ចប់ការសិក្សាទាំងអស់ ការពារសុវត្ថិភាពប្រជាជន ទឹកដី ស្ថិរភាពប្រជាធិបតេយ្យ និងការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងទាំងឡាយ។ ប្រធានាធិបតីហ្វីលីពីនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ប្រឆាំងនឹងពួកឈ្លានពានដែលមិនទទួលស្គាល់បូរណភាពទឹកដីរបស់យើង យើងនឹងការពារអ្វីដែលជារបស់យើងជាដាច់ខាត»

លោក Marcos មិនបាននិយាយចំឈ្មោះចិននោះទេ តែវាកើតឡើងចំពេលដែលទីក្រុងម៉ានីល និងទីក្រុងប៉េកាំងមានភាពតានតឹងនឹងគ្នាកាន់តែខ្លាំងពាក់ព័ន្ធនឹងជម្លោះដែនទឹក នៅឯតំបន់ថ្ម ប៉ប្រះទឹក Scarborough Shoal នៃសមុទ្រចិនខាងត្បូងជាទីដែលនាវារបស់ឆ្មាំសមុទ្រចិន និងហ្វីលីពីនតែងតែប៉ះទង្គិចគ្នាជារឿយៗក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ។

ឆ្មាំសមុទ្រហ្វីលីពីនបានចោទប្រកាន់ចិនថាបានប្រើប្រាស់កាណុងបាញ់ទឹកដាក់នាវា និងទូករបស់ខ្លួន តែចិនបានការពារសកម្មភាពរបស់ខ្លួនដោយថាខ្លួនចាត់វិធានការចាំបាច់ ប្រឆាំងនឹងនាវា ឬទូករបស់ហ្វីលីពីនដែលបំពានចូលដែនទឹករបស់ចិន៕