(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបើកកិច្ចប្រជុំទ្វេភាគី នៅឯទីក្រុងប៉េកាំង ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោក ពូទីន មកកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤។

អំឡុងជំនួបនោះ លោក ស៉ី បានថ្លែងប្រាប់លោក ពូទីន ដូច្នេះថា «ទំនាក់ទំនងចិន-រុស្ស៉ី មិនត្រឹមតែបម្រើចំពោះផលប្រយោជន៍មូលដ្ឋាន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកចំពោះសន្តិភាពពិភពលោកផងដែរ។ ចិនត្រៀមលក្ខណៈជាស្រេច ក្នុងការធ្វើការជាមួយ​រុស្ស៉ី ដើម្បីរក្សាការពារតម្លាភាពនិងយុត្តិធម៌ នៅលើពិភពលោក»។ លោក ស៉ី បានបន្ថែមទៀត ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេច ដើម្បីកសាងចំណងទាក់ទងឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយរុស្ស៉ី។

ចំណែក លោក ពូទីន វិញ បានប្រាប់ទៅកាន់លោក ស៉ី ថាទំនាក់ទំនងរុស្ស៉ី-ចិន គឺជាកម្លាំងដែលជួយផ្តល់ស្ថិរភាព សម្រាប់ពិភពលោកដែលសព្វថ្ងៃមានភាពវឹកវរច្រើន ហើយលោកប្រធានាធិបតីរុស្ស៉ី បានបន្តថា ចំណងទាក់ទងរវាងប្រទេសទាំងពីរ មិនមែនមានលក្ខណៈឱកាសនិយម ឬក៏មានគោលដៅប្រឆាំង​ប្រទេសផ្សេងណាមួយឡើយ។ លោក ពូទីន បានសង្កត់ធ្ងន់ដូច្នេះថា «កិច្ចសហប្រតិបត្តិការរបស់យើង ក្នុងបញ្ហាអន្តរជាតិផ្សេងៗ គឺជាកត្តា​ជួយផ្តល់ស្ថិរភាព នៅលើឆាកអន្តរជាតិ»។

គួរបញ្ជាក់ថា ចិន និងរុស្ស៉ីបានប្រកាសពី «ភាពជាដៃគូគ្មានព្រំដែន» កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោក ពូទីន ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងលោកប្រធានាធិបតីរុស្ស៉ី បញ្ជាឱ្យកងទ័ពរបស់លោកវាយលុកចូលអ៊ុយក្រែន។ ដោយជ្រើសរើសចិនជាគោលដៅ ធ្វើទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូង ចាប់តាំងពីស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៉ី ក្នុងអាណត្តិថ្មីមានរយៈពេល៦ឆ្នាំ កាលពីពេលថ្មីៗនេះ លោក ពូទីន ចង់បញ្ជូនសារមួយទៅកាន់ពិភពលោកពីអាទិភាពរបស់លោក និងភាពស៊ីជម្រៅនៃទំនាក់ទំនងជាមួយលោក ស៊ី ជីនពីង៕