(សិង្ហបុរី)៖ លោក Lawrence Wong បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសសិង្ហបុរីហើយ នៅថ្ងៃពុធ ទី១៥ ខែឧសភានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Wong បានស្បថចូលកាន់តំណែងនៅម៉ោង ៨យប់ (ម៉ោងនៅសិង្ហបុរី) ដោយធ្វើឱ្យរូបលោកក្លាយជានាយករដ្ឋមន្ត្រីទី៤របស់សិង្ហបុរី ចាប់តាំងពី ទទួលបានឯករាជ្យ ក្នុងឆ្នាំ១៩៦៥ ហើយក៏ជាលើកដំបូងផងដែរដែលសិង្ហបុរីមាននាយករដ្ឋមន្ត្រីថ្មីក្នុងពេល ២០ឆ្នាំមកនេះ។
លោក Wong មានអាយុ៥១ឆ្នាំ ត្រូវបានអតីតនាយករដ្ឋមន្ត្រី Lee Hsien Loong មានអាយុ ៧២ឆ្នាំ ជ្រើសរើសជាអនាគតនាយករដ្ឋមន្ត្រីសិង្ហបុរី កាលពី ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយការប្រកាសជាសាធារណៈ ថាលោក Wong នឹងក្លាយជាអ្នកបន្តវេនពីរូបលោក ក្នុងនាមជាមេដឹកនាំគណបក្ស People’s Action Party (PAP) មុននឹងការបោះឆ្នោតសកលធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៥។
លោក Lee Hsien Loong បានកាន់តំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី ចាប់តាំងពីឆ្នាំ២០០៤មកម្ល៉េះ។ លោក Lee នឹងត្រូវកាន់តំណែងជាទេសរដ្ឋមន្ត្រី ជាតំណែងមួយត្រូវផ្ដល់ឱ្យអតីតនាយករដ្ឋមន្ត្រី៕