(គៀវ)៖ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហារតាមអាកាសរបស់រុស្សីទៅលើកណ្តាលទីក្រុង Kharkiv ក្នុងប្រទេសអ៊ុយក្រែន បានវាយប្រហារចំទៅលើអគារលំនៅដ្ឋានខ្ពស់មួយ ដោយបានបណ្តាលឱ្យមនុស្សយ៉ាងតិច ១៥នាក់រងរបួស ក្នុងនោះមានកុមារពីរនាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើអាវុធប្រភេទណាដែលត្រូវបានប្រើ នៅក្នុងការវាយប្រហារនោះទេ ប៉ុន្តែវាបានធ្លាក់នៅជាន់ទី១០ នៃអគារផ្ទះល្វែងមួយដែលមានកម្ពស់១២ជាន់។

មេប៉ូលីសក្រុងបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នករបួស។

ដោយឡែក អភិបាលស្រុក លោក Oleh Sinyhopov បាននិយាយថា មនុស្សម្នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោកបានបន្ថែមថា អគ្គីភ័យបានឆាបឆេះនៅកន្លែងផ្សេងទៀត ហើយយានដ្ឋានយ៉ាងហោចណាស់ចំនួន១០ត្រូវបានរងការខូចខាត។

គួរជម្រានថា Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន និងតំបន់ជុំវិញនោះ ត្រូវបានវាយប្រហារជារើយៗដោយរុស្ស៊ី។ នាពេលថ្មីៗ​នេះ ការវាយប្រហារ​ទាំង​នេះ​​កាន់​តែ​ខ្លាំង​ឡើង ដោយ​ផ្តោត​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​ថាមពល៕