(វ៉ាស៊ីនតោន)៖ សម្រាប់លោកប្រធានាធិបតីរុស្ស៉ី វ៉្ល៉ាឌីមៀ ពូទីន ការតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មីនឹងផ្ដល់នូវមូលដ្ឋានថ្មីមួយ ដើម្បីឆ្ពោះទៅរកការប្រយុទ្ធនៅក្នុងសង្រ្គាមរយៈពេលវែងមួយ។ ភស្តុតាងក៏បានបង្ហាញដែរ នៅពេលលោក Andrei Belousov ដែលត្រូវបានលោក ពូទីន តែងតាំងជារដ្ឋមន្ត្រីការពារជាតិជំនួសលោក Sergei Shoigu បានបង្ហាញខ្លួនជាសាធារណៈ លើកដំបូងក្នុងមុខនាទីថ្មី និងបាននិយាយពី «ការិយាល័យធិបតេយ្យ» ច្រើនជាងនិយាយពីសមរភូមិសង្រ្គាម។

ការតែងតាំងលោក Belousov បានឆ្លុះបញ្ចាំងពីការទទួលស្គាល់ថាផលិតផលយោធាដែលផ្គត់ផ្គង់ដល់សង្រ្គាមរបស់រុស្ស៉ី និងសេដ្ឋកិច្ច ត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន ជាទីបំផុត ដើម្បីធានាឱ្យបាននូវសមត្ថភាពធ្វើសង្រ្គាមរយៈពេលវែងនៅអ៊ុយក្រែន។ បន្ថែមពីលើការតែងតាំងលោក Belousov លោក ពូទីនក៏បានដំឡើងតំណែងលោក Denis Manturov ជារដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម ទៅជាឧបនាយករដ្ឋមន្ត្រីទី១ផងដែរ ជាសញ្ញាមួយថាការពង្រីកផលិតផលឧស្សាហកម្មនឹងក្លាយទៅជាអាទិភាពមួយរបស់រដ្ឋាភិបាលរុស្ស៉ី ក្នុងពេលដែល ទីក្រុងមូស្គូកំពុងលេងហ្គេមរយៈពេលវែងនៅលើសមរភូមិ។ ជាឧទាហរណ៍៖ នៅឯសមរភូមិមួយចំនួនជាពិសេស នៅភាគឦសានអ៊ុយក្រែន កងកម្លាំងរុស្ស៉ីបាន និងកំពុងវាយរុលទៅមុខយឺតៗ ជាជាងតក់ក្រហល់វាយយកជ័យជម្នះទ្រង់ទ្រាយធំ នៅតាមទីក្រុងធំៗ មិនដូចដែលពួកគេធ្លាប់បានធ្វើកាលពីអំឡុងសង្រ្គាមចាប់ផ្ដើមដំបូងនោះទេ។

នៅក្នុងសុន្ទរកថាផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ទៅកាន់សភាជាន់ខ្ពស់រុស្ស៉ីដែលត្រូវបានគេរំពឹងថានឹងអនុម័តការតែងតាំងរបស់លោក លោក Belousov បានសង្កត់ធ្ងន់ពី «ការិយាល័យ ធិបតេយ្យ» ច្រើនជាងនិយាយពីសមរភូមិសង្រ្គាម ហើយថែមទាំងបញ្ជាក់ទៀតផងថាការលើកកម្ពស់ស្ដង់ដារជីវភាពសម្រាប់កងទ័ព អតីតយុទ្ធជន និងគ្រួសាររបស់ពួកគេគឺជាអាទិភាពមួយ របស់លោក។ ការផ្ដោតរបស់លោក Belousov លើការិយាល័យធិបតេយ្យនេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងរុស្ស៉ីបានបើកសមរភូមិប្រយុទ្ធថ្មីមួយដោយវាយរុលទៅមុខ ក្នុងតំបន់ភាគខាងជើងនៃព្រំដែនអ៊ុយក្រែន ខណៈក្រុមអ្នកជំនាញមើលឃើញថាការតែងតាំងអ្នកសេដ្ឋកិច្ចម្នាក់ដូចជាលោក Belousov ឱ្យដឹកនាំក្រសួងការពារជាតិរុស្ស៉ីជាយុទ្ធសាស្ត្រថ្មីមួយ របស់លោក ពូទីន ដើម្បីយកឈ្នះអ៊ុយក្រែនតាមរយៈសង្រ្គាមរយៈពេលវែង។

ពោលគឺការតែងតាំងលោក Belousov អាចបញ្ជាក់បានពីការផ្ដោតរបស់លោក ពូទីន ក្នុងការបញ្ចូលសេដ្ឋកិច្ចរបស់ប្រទេសទៅក្នុងតម្រូវការយោធារបស់លោកជាមួយការរំពឹងថាសង្រ្គាមនៅ អ៊ុយក្រែន ឬភាពតានតឹងផ្នែកយោធាជាមួយលោកខាងលិច អាចនឹងកំណត់ពីជោគវាសនារបស់រុស្ស៉ី នៅប៉ុន្មានឆ្នាំទៅមុខ។ «អាទិភាពរបស់លោក ពូទីន គឺសង្រ្គាម ហើយសង្រ្គាមរយៈពេលវែង គឺត្រូវឈ្នះតាមរយៈសេដ្ឋកិច្ច»។ នេះជាការលើកឡើងរបស់លោកស្រី Alexandra Prokopenko ជាអតីតមន្ត្រីធានាគារកណ្ដាលរុស្ស៉ី និងសព្វថ្ងៃជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Carnegie Russia Eurasia Center ក្នុងទីក្រុងបែរឡាំង។

រយៈពេល៦ឆ្នាំ ក្នុងនាមជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ពូទីន លោក Belousov គឺជាអ្នកគាំទ្រដ៏សំខាន់ម្នាក់ ចំពោះតួនាទីរបស់រដ្ឋនៅក្នុងសេដ្ឋកិច្ច និងការបង្កើនការចំណាយរបស់រដ្ឋ។ សង្គ្រាម នៅអ៊ុយក្រែនក៏បានជំរុញរួចទៅហើយដែរឱ្យលោក ពូទីន ដាក់ចេញវិធានការមួយចំនួនដែលលោក Belousov ធ្លាប់បានផ្ដល់យោបល់ឱ្យអស់រយៈពេលជាច្រើនឆ្នាំ ដូចជាការដំឡើងពន្ធលើ ក្រុមហ៊ុនធំៗ និងការប្រើប្រាស់កាន់តែច្រើននូវប្រេងសន្សំសំច្ចៃរបស់រដ្ឋ។ នៅក្នុងទីក្រុងមូស្គូ ប្រធានសភាជាន់ខ្ពស់រុស្ស៉ី លោកស្រី Valentina Matviyenko បាននិយាយថាការតែងតាំងលោក Belousov ជារដ្ឋមន្ត្រីការពារជាតិជាជម្រើសមួយដ៏ល្អប្រសើរ ក្នុងការស្វែងរកមធ្យោបាយទិញអាវុធថ្មីទំនើបៗ បច្ចេកវិទ្យាថ្មី និងនវានុវត្ដន៍ថ្មីសម្រាប់វិស័យយោធា។ លោកស្រីបានបន្ថែមថាលោក Belousov នឹងមិនចាំបាច់ចូលរួមដោយផ្ទាល់ក្នុងការបញ្ជា ឬដឹកនាំសមរភូមិនោះទេ ដោយអាចទុកឱ្យអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធដឹកនាំជំនួស។

ស្រដៀងគ្នានេះដែរ លោក Sergei Mironov ជាតំណាងរាស្ត្រជាតិនិយមរុស្ស៉ីម្នាក់ បានបង្ហាញការស្វាគមន៍ចំពោះការតែងតាំងលោក Belousov ដោយនិយាយថាសព្វថ្ងៃ កងទ័ពមិនមែនមានតែ អ្នកប្រយុទ្ធនោះទេ តែក៏មានអ្នកសេដ្ឋកិច្ចដែរ។ ក្រុមមន្ត្រីរុស្ស៉ីមួយចំនួនបានសង្ឃឹមថាក្រសួងការពារជាតិក្រោមការដឹកនាំរបស់លោក Belousov នឹងជួយលើកកម្ពស់ការផលិតអាវុធកំណត់ គោលដៅជាក់លាក់ ដែលវិស័យអាវុធប្រភេទនេះរុស្ស៉ីកំពុងដើរតាមពីក្រោយលោកខាងលិច។ ជាពិសេស ពួកគេក៏បានបញ្ជាក់ដែរពីគោលបំណងរបស់លោក Belousov ក្នុងការធ្វើឱ្យប្រសើរឡើង នូវការផលិតដ្រូនរបស់រុស្ស៉ី។ តាមអ្នកកាសែតរុស្ស៉ី លោក Konstantin Remchukov ជាមួយការសម្រេចចិត្តផ្ទាល់ខ្លួន លោក ពូទីនកំពុងត្រៀមលក្ខណៈសម្រាប់ការប្រឈមមុខដាក់គ្នា រយៈពេលវែងជាមួយលោកខាងលិច ហើយក្នុងសេណារីយ៉ូបែបនេះ អ្នកឈ្នះគឺជាអ្នកដែលមានធនធានច្រើន និងចេះប្រើប្រាស់ធនធានទាំងនោះឱ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា លោក Belousov ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មីជំនួសលោក Sergei Shoigu ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៉ីម្នាក់មានភក្ដីភាពបំផុតម្នាក់ចំពោះលោក ពូទីន។ ក្រុមអ្នកវិភាគយល់ថាទោះជាមនុស្សជំនិតរបស់លោក ពូទីនក៏ដោយ ក៏តំណែងរបស់លោក Shoigu បានស្ថិតក្នុងភាពស្រពេចស្រពិល ដោយសារតែបរាជ័យរបស់កងទ័ពរុស្ស៉ីនៅដើមទីនៃសង្រ្គាម អ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្តែជំនួសឱ្យការបណ្ដេញលោក Shoigu លោក ពូទីន បានជ្រើសរើសផ្ទេររូបលោកឱ្យទៅកាន់តំណែងជាលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី បន្ទាប់ពី កងកម្លាំងរុស្ស៉ីមានប្រៀបលើសមរភូមិឡើងវិញ។ តំណែងរបស់លោក Shoigu បានចុះទន់ខ្សោយកាលពីខែមុន នៅពេលអនុរដ្ឋមន្ត្រីម្នាក់របស់លោក គឺលោក Timur Ivanov ត្រូវបានចាប់ខ្លួន និងជាប់ចោទពីបទពុករលួយ ធ្វើឱ្យអ្នកជំនាញខ្លះបកស្រាយថាការផ្ទេរតំណែនេះបញ្ជាក់ពីការមិនពេញចិត្តរបស់លោក ពូទីន ចំពោះជីវិតហ៉ឺហារបស់មនុស្សជំនិតមួយចំនួនរបស់លោក Shoigu។

ផ្ទុយទៅវិញ លោក Belousov មិនធ្លាប់មានប្រវត្តិជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយធំៗណាមួយទេ ក្នុងពេលបំពេញការងារក្នុងរដ្ឋាភិបាលជាច្រើនទសវត្សរ៍។ «លោក ពូទីន ត្រូវការមនុស្សម្នាក់ ដែលអាចជឿទុកចិត្តបាន ដើម្បីគ្រប់គ្រងក្រសួងការពារជាតិដែលលុយហូរចូលច្រើនជាងគេ»។ នេះជាការយល់ឃើញរបស់លោក Remchukov។ តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគយោធាជឿថា ឥទ្ធិពលរបស់លោក Belousov នឹងអាស្រ័យទៅលើថាតើលោកអាចគ្រប់គ្រងទំនាក់ទំនងយ៉ាងដូចម្ដេចជាមួយក្រុមមន្ត្រីយោធាជាន់ខ្ពស់ដូចជាលោក Valery Gerasimov ជាប្រធានអគ្គសេនាធិការ កងកម្លាំងប្រដាប់អាវុធរុស្ស៉ីជាដើម៕