(គៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នឹងធ្វើទស្សនកិច្ចនៅទីក្រុង Madrid នៅថ្ងៃទី១៧ ខែឧសភា ដើម្បីជួបជាមួយស្តេច Felipe នៃប្រទេសអេស្ប៉ាញ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំង ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

ទោះជាយ៉ាងណា រដ្ឋាភិបាលអេស្ប៉ាញមិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីដំណើរទស្សនកិច្ចនេះទេ សម្រាប់ហេតុផលសន្តិសុខ ប៉ុន្តែ លោក Zelensky ក៏ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រី លោក Pedro Sanchez បន្ទាប់ពីមានការប្រកាសរួមគ្នារបស់អង្គការណាតូកាលពីឆ្នាំមុន។

ដូចបណ្តាប្រទេសសហភាពអឺរ៉ុបដទៃទៀតដែរ អេស្ប៉ាញបានប្តេជ្ញាគាំទ្រអ៊ុយក្រែនជាមួយនឹងជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់ លោក Zelensky នេះ ធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុប កំពុងរៀបចំការគាំទ្រសន្តិសុខរយៈពេលវែងសម្រាប់អ៊ុយក្រែន ដោយធានាក្រុងកៀវនូវអាវុធបន្ថែមទៀត ការបណ្តុះបណ្តាលយោធា និងជំនួយផ្សេងទៀតសម្រាប់ឆ្នាំខាងមុខ៕