(ហ្គាហ្សា)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ រថក្រោះអ៊ីស្រាអែលបានរុលចូលជ្រៅទៅក្នុងភាគខាងកើត នៃទីក្រុង Rafah ដោយបានទៅដល់តំបន់លំនៅដ្ឋានមួយចំនួន ក្នុងទីក្រុងមួយនេះ ដែលជាកន្លែងដែលមនុស្សជាងមួយលាននាក់ បានភៀសខ្លួនទៅជ្រកកោននៅទីនោះ បន្ទាប់ពីត្រូវបានជម្លៀសចេញ ក្នុងអំឡុងសង្គ្រាមដែលបានអូសបន្លាយអស់រយៈពេលប្រាំពីរខែ។ ​នេះបើយោងតមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

សម្ព័ន្ធមិត្តអ៊ីស្រាអែល និងអង្គការផ្តល់ជំនួយអន្តរជាតិ បានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងការលុកលុយចូលទៅក្នុងទីក្រុង Rafah ដែលកកកុញដោយជនភៀសខ្លួន ដោយព្រមានអំពីមហន្តរាយមនុស្សធម៌ដែលអាចកើតមាន។

នាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdul Rahman Al Thani បាននិយាយថា ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុង Rafah បានរារាំងដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់បទឈប់បាញ់ ទោះបីជាការចរចានេះនៅបន្តក៏ដោយ។

ក្រុមប្រដាប់អាវុធនៃចលនាហាម៉ាសបានរាយការណ៍ថា ខ្លួនបានបំផ្លាញរថពាសដែករបស់អ៊ីស្រាអែលជាមួយនឹងមីស៊ីលដែលមានឈ្មោះថា Al-Yassin 105 នៅក្នុងសង្កាត់ Al-Salam ភាគខាងកើត ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំណោមទាហានអ៊ីស្រាអែលផងដែរ។ កងកម្លាំងអ៊ីស្រាអែល (IDF) មិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេ។

IDF បាននិយាយថា ខ្លួនបានលុបបំបាត់ភេរវករប្រដាប់អាវុធជាច្រើននាក់ នៅក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លានៅជិតព្រំដែនទីក្រុង Rafah ឆ្លងកាត់ជាមួយប្រទេសអេហ្ស៊ីប។ ពួកគេក៏បានរាយការណ៍អំពីការបំផ្លាញទីតាំងបាញ់មីស៊ីលមួយកន្លែងនៅភាគខាងកើតនៃទីក្រុង Rafah ផងដែរ។

គួរជម្រាបថា អ៊ីស្រាអែលបានចេញបញ្ជាជម្លៀសប្រជាជនឱ្យផ្លាស់ទីពីផ្នែកខ្លះនៃភាគខាងកើតនៃទីក្រុង Rafah កាលពីមួយសប្តាហ៍មុន ជាមួយនឹងការបញ្ជាជម្លៀសជុំទីពីរកាលពីថ្ងៃសៅរ៍នេះ បានពង្រីកទៅតំបន់ផ្សេងទៀត។

ជនភៀសខ្លួនប៉ាឡេស្ទីន កំពុងផ្លាស់ទីចូលទៅក្នុងដីដែលទទេគ្មានអ្វីទាល់តែសោះ រួមទាំងតំបន់ Al-Mawasi ដែលជាវាលខ្សាច់ជាប់ឆ្នេរសមុទ្រ ដែលអ៊ីស្រាអែលបានកំណត់ជាតំបន់មនុស្សធម៌។ ភ្នាក់ងារជំនួយអន្តរជាតិបានព្រមានថា តំបន់នេះខ្វះអនាម័យ និងសម្ភារៈបរិក្ខារផ្សេងទៀត ដើម្បីទទួលលំហូរនៃជនភៀសខ្លួន។

UNRWA ដែលជាទីភ្នាក់ងារជំនួយដ៏សំខាន់របស់អង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សា ប៉ាន់ប្រមាណថា មនុស្សប្រហែល ៤៥០,០០០នាក់បានភៀសខ្លួនចេញពីទីក្រុង Rafah ចាប់តាំងពីថ្ងៃទី ៦ ខែឧសភា។ ទីភ្នាក់ងារនេះបានបង្ហោះនៅលើ X យ៉ាងដូច្នេះថា «មនុស្សប្រឈមនឹងការហត់នឿយឥតឈប់ឈរ ការស្រេកឃ្លាន និងការភ័យខ្លាច។ គ្មានកន្លែងណាមានសុវត្ថិភាពទេ»៕