(ប៉េកាំង)៖ យោងតាមទិន្នន័យថ្មីបំផុតរបស់ក្រសួងពាណិជ្ជកម្មចិន បង្ហាញឱ្យឃើញថា នៅត្រីមាសទីមួយ ប្រទេសចិនបានបង្កើត សហគ្រាសថ្មីដែលវិនិយោគ ដោយពាណិជ្ជករបរទេសចំនួន ១,២ ម៉ឺនសហគ្រាស បានកើនឡើង ២០,៧ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ហើយទំហំប្រើប្រាស់ ទុនបរទេសជាក់ស្តែង របស់ប្រទេសចិនមានចំនួនដល់ទៅ ៣ សែន ១ ពាន់ ៦ រយ ៧០ លានយាន់ប្រាក់ចិន។ នៅត្រីមាសទីមួយ អនុបាតនៃការកៀរគរ ទុនបរទេសរបស់ ឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់មានចំនួន ១២,៥ ភាគរយ ដែលបានកើនឡើង ២,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច សម្គាល់ឃើញថា មូលហេតុសំខាន់នៅពីក្រោយ គឺ ប្រសិទ្ធភាពនៃគោលនយោបាយស្តីពីការកៀរគរទុនបរទេសមួយចំនួន របស់ចិនកំពុងលេចឡើងជាសន្សឹមៗ។

មិនពិបាកឃើញថា ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោកបានបង្អង់ល្បឿន និងការវិនិយោគនៅបរទេសជាសកល បានធ្លាក់ចុះជាទូទៅ ក៏ដោយ ក៏ប៉ុន្តែប្រទេសចិន នៅតែជាគោលដៅពេញនិយម សម្រាប់ការបណ្តាក់ទុនរបស់សហគ្រាសបរទេសដដែល។ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ សន្និសីទស្តីពីការកៀរគរពាណិជ្ជករសកលលោក លើកទីមួយក្រុង Suzhou បានប្រារព្ធធ្វើ ដោយជោគជ័យ។ ក្នុងចំណោមសហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកមានចំនួន ៤២៩ សហគ្រាសបានអញ្ជើញ ចូលរួមសន្និសីទនៅទីក្រុង Suzhou ហើយគម្រោងចំនួន ៣៦៧ ដែលមានទំហំវិនិយោគសរុបចំនួន ៣ សែន ៧ ម៉ឺន ១ ពាន់ ៦ រយ ៥០ លានយាន់ប្រាក់ចិនបានចុះកិច្ចព្រមព្រៀងជាបន្តបន្ទាប់។

លោក Homma Tetsuro អគ្គនាយករងនៃក្រុមហ៊ុន Panasonic Holding លីមីតធីតរបស់ជប៉ុនបានថ្លែងក្នុងពេលផ្តល់ បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា "ទីផ្សាររបស់ចិនគឺជាទីផ្សារដ៏សំខាន់មួយ ក្នុងការបង្កើតរចនាសម្ព័ន្ធ នៅទូទាំងពិភពលោករបស់ ក្រុមហ៊ុន Panasonic ជាប់រហូមក "។ លោកបានចាត់ទុកទីក្រុង Suzhou ជាបង្អួចមួយសម្រាប់ការឈ្វេងយល់ពីសេដ្ឋកិច្ចចិន ព្រមពេលជាមួយគ្នានេះ លោកក៏បានមើលឃើញប្រទេសចិន ដែលពោរពេញទៅដោយ កាលានុវត្តភាព។

ចាប់តាំងពីបានអនុវត្តគោលនយោបាយកំណែទម្រង់ និងបើកទូលាយរយៈពេលជាង ៤០ ឆ្នាំមក ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរ លើពិភពលោក ជាប្រទេសឧស្សាហកម្មកម្មន្តសាលធំទីមួយ នៅលើពិភពលោកក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា ក៏ដូចជាបានរក្សាឋានៈជាប្រទេសពាណិជ្ជកម្មទំនិញធំទីមួយ នៅលើពិភពលោកក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នាផងដែរ ។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ នៅក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ប្រទេសចិនគឺជាចំណែកមួយដែលមិនអាចខ្វះបាន។

ចាប់តាំងពីចូលដើមឆ្នាំនេះមក សហគ្រាសទុនបរទេស បានបន្តមានសុទិដ្ឋិនិយមចំពោះប្រទេសចិន ពោលគឺ នៅទីក្រុងប៉េកាំង ក្រុមហ៊ុនមូលបត្រ Standard Chartered ជាក្រុមហ៊ុនមូលបត្រ ដែលវិនិយោគដោយពាណិជ្ជករបរទេស បានធ្វើអាជីវកម្មជាផ្លូវការ នៅទីក្រុងសៀងហៃ ហាងលក់ផលិតផលអេឡិចត្រូនិក របស់ក្រុមហ៊ុន Apple ដែលជាហាងធំបំផុតរបស់ទ្វីបអាស៊ី បានដំណើរការ ជាផ្លូវការ នៅទីក្រុង Zhangzhou ខេត្ត Fujian វិស្វកម្មសំខាន់នៃគម្រោងអេទីឡែន Gulei រវាងប្រទេសចិន និងអារ៉ាប៊ីសាអូឌីត ដែលមានទំហំវិនិយោគសរុបប្រហែល ៤៤,៨ ពាន់លានយាន់ប្រាក់ចិន បានចាប់ផ្តើមសាងសង់ ដោយគ្រប់ជ្រុងជ្រោយ។ល។ នៅពីក្រោយការបណ្តាក់ទុនយ៉ាងស៊ីជម្រៅនៅចិន និងទទួលបានជោគជ័យនៅចិន គឺជាការផ្តល់ "សំឡេងគាំទ្រ" របស់សហគ្រាសឆ្លងប្រទេស ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ប្រកបដោយនិរន្តរភាពនិងភាពល្អបរិសុទ្ធ។

អ៊ីចឹង ហេតុអ្វីបានជាសហគ្រាសទុនបរទេស បាននាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន? តាមលទ្ធផលនៃការស្ទង់មតិ ដែលប្រកាស ដោយក្រុមហ៊ុន HSBC របស់អង់គ្លេសនាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា សហគ្រាសទុនបរទេសដែលចូលរួម ការផ្តល់បទសម្ភាសន៍ ចំនួន ៨៧ ភាគរយបានថ្លែងថា ពួកគេនឹងពង្រីក គម្រោងអាជីវកម្មរបស់ខ្លួន នៅប្រទេសចិន ។ មូលហេតុគឺរួមមាន៖ សេដ្ឋកិច្ចចិន បាននិងកំពុង ស្តារឡើងវិញជាបន្តបន្ទាប់ ឧត្តមភាពនៃទីផ្សារដ៏ធំធេងរបស់ ចិននិងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបានរួមបញ្ចូលគ្នា យ៉ាងស៊ីជម្រៅជាដើម។ សហគ្រាសទុនបរទេសដែលចូលរួម ផ្តល់បទសម្ភាសន៍យល់ឃើញថា ឧត្តមភាពនៃឧស្សាហកម្មកម្មន្ដសាល ទំហំទីផ្សារប្រើប្រាស់ សេដ្ឋកិច្ចឌីជីថលនិងកាលានុវត្តភាព ក្នុងវិស័យអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នៃប្រទេសចិនសុទ្ធតែជា កម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញឱ្យពួកគេពង្រីក គម្រោងអាជីវកម្មនៅប្រទេសចិន។

នៅពេលមុននេះមិនជាយូរប៉ុន្មាន ក្រុមហ៊ុន Kearney ដែលជាក្រុមហ៊ុនគ្រប់គ្រងនិងប្រឹក្សាយោបល់ដ៏ល្បីល្បាញ លើពិភពលោកបានចេញផ្សាយ របាយការណ៍ស្តីពី សន្ទស្សន៍ជំនឿចិត្ត ក្នុងការវិនិយោគផ្ទាល់របស់ពាណិជ្ជករបរទេស សកលឆ្នាំ ២០២៤ ដោយបង្ហាញថា ចំណាត់ថ្នាក់របស់ចិន បានកើនឡើងពីលេខរៀងទី៧ កាលពីឆ្នាំមុនដល់ទី ៣ឆ្នាំនេះ ឯចំណាត់ថ្នាក់ពិសេស ក្នុងចំណោមទីផ្សារងើបឡើងថ្មី ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ ១។

អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រុមហ៊ុន SMC លីមីតធីតបានប្រាប់អ្នកសារព័ត៌មានថា "ទំហំវិនិយោគសរុបរបស់ពួកយើ ងបានកើនឡើងពី ២ ពាន់លានយ៉េនជប៉ុននៅពេលដំបូងដល់ ៤៨ ពាន់លានយ៉េនជប៉ុន ហើយតម្លៃផលិតកម្មសរុបខាងឧស្សាហកម្មប្រចាំឆ្នាំប្រហែល ១០ លានយាន់ប្រាក់ចិន "។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន SMC បានបង្កើតរោងចក្រទំនើបចំនួន ៤ និងមជ្ឈមណ្ឌលចរាចរណ៍ទំនិញចំនួន ៣ នៅតំបន់អភិវឌ្ឍន៍បច្ចេកទេសសេដ្ឋកិច្ច នៃក្រុងប៉េកាំងនិងទីតាំងសន្និធិគយ បណ្តោះអាសន្នចម្រុះ Tianzhu នៃក្រងប៉េកាំងដោយឡែកពីគ្នា ហើយផលិតផលរបស់ពួកគេត្រូវបានលក់ដោយផ្ទាល់ទៅកាន់ប្រទេសនិងតំបន់ចំនួនជាង ៨០ នៅទូទាំងពិភពលោក។

ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់ នូវយុទ្ធសាស្ត្រស្តីពីការផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក ឈ្នះ-ឈ្នះនិងបើកទូលាយ ជំរុញយ៉ាងសកម្មនូវការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ស្វាគមន៍សហគ្រាសនៃបណ្តាប្រទេសនានាមកវិនិយោគ និងប្រកបអាជីវកម្មនៅប្រទេសចិន ដើម្បីធ្វើឱ្យខ្លួនឯងទទួលការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ដល់ពិភពលោក តាមរយៈការបើកចំហនិងកិច្ចសហប្រតិបត្តិការ។

ការជ្រើសរើសទីផ្សារចិនបានធ្វើឱ្យទុនបរទេសទទួលបាន ប្រាក់ចំណេញដ៏ច្រើនលើសលប់។ អត្រាទទួលប្រាក់ចំណេញ នៃការវិនិយោគផ្ទាល់ របស់ពាណិជ្ជករបរទេសនៅប្រទេសចិន​ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ប្រហែលជា ៩ ភាគរយដែលស្ថិតក្នុងចំណាត់ថ្នាក់នាំមុខគេលើពិភពលោក។ របាយការណ៍ថ្មីបំផុតដែលប្រកាសដោយ ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ បានបង្ហាញថា សហគ្រាសទុនបរទេសដែលចូលរួម ការផ្តល់បទសម្ភាសន៍ចំនួនជិត ៧០ ភាគរយមានសុទិដ្ឋិនិយមចំពោះសភាពការណ៍ទីផ្សាររបស់ចិន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ចំណែកឯសហគ្រាសទុនបរទេស ដែលចូលរួមការផ្តល់បទសម្ភាសន៍ចំនួនលើសពី ៩០ ភាគរយប៉ាន់ប្រមាណថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ អត្រាប្រាក់ចំណេញ នៃគម្រោងវិនិយោគនៅប្រទេសចិននឹងស្មើគ្នាឬមានការកើនឡើង ។ អ្នកវិភាគបានលើកឡើងថា ទន្ទឹមនឹងគោលនយោបាយពាក់ព័ន្ធ របស់ប្រទេសចិនត្រូវបានដាក់ចេញជាបន្តបន្ទាប់ ទំហំកៀរគរទុនបរទេសនិងអនុបាតសកលនៅពេលអនាគត នឹងមានការកើនឡើងកាន់តែខ្លាំង ដែលនឹងពង្រឹងថែមមួយកម្រិតទៀតនូវជំនឿចិត្ត របស់ទុនបរទេសក្នុងការបន្តធ្វើអាជីវកម្ម រយៈពេលយូរនៅប្រទេសចិន។

នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន BMW បានប្រកាសថា គ្រោងនឹងបង្កើនការវិនិយោគចំនួន ២០ ពាន់លានយាន់ប្រាក់ចិន ចំពោះមូលដ្ឋានផលិតកម្ម Shenyang របស់ខ្លួន ។ លោក Oliver Zipse ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BMW បានថ្លែងថា ទីផ្សារប្រើប្រាស់ដ៏ទូលំទូលាយរបស់ប្រទេសចិន បាននាំមកនូវលំហអភិវឌ្ឍន៍ដ៏ធំធេងសម្រាប់ពួកយើង ។ ផែនការវិនិយោគនេះបានរំលេច ថែមមួយកម្រិតទៀតនូវឋានៈដ៏សំខាន់របស់ប្រទេសចិន ក្នុងគម្រោងរបស់ក្រុមហ៊ុន BMW ស្តីពីការឆ្ពោះទៅរកអនាគតនៃរថយន្តឆ្លាតវៃ ដែលតភ្ជាប់ជាមួយបណ្តាញអ៊ីនធឺណែត។ ពួកយើងពោរពេញទៅដោយជំនឿចិត្ត ចំពោះការអភិវឌ្ឍនៅពេលអនាគត។

សហគ្រាសបរទេសកាន់តែច្រើនឡើងៗទៅបណ្តាក់ទុន និងចាក់ឫសនៅក្នុងប្រទេសចិន វាមានន័យយ៉ាងដូចម្ត៉េច ? ប្រការនេះ បានបញ្ជាក់ថា សេដ្ឋកិច្ចចិនបានស្តារឡើងវិញ និងមាននិន្នាការកាន់តែល្អប្រសើរឡើង ជាបន្តបន្ទាប់ដែលបានបញ្ជាក់ទៀតថា ប្រទេសចិននៅតែជាគោលដៅដ៏មានប្រជាប្រិយភាព សម្រាប់ការវិនិយោគរបស់ពិភពលោក ហើយក៏បានបញ្ជាក់ទៀតដែរថា "ប្រទេសចិនបន្ទាប់ទៀតនៅតែជាប្រទេសចិនដដែល "។

ពេលថ្មីៗនេះ យោងតាមទិន្នន័យស្ថិតិដែលចេញផ្សាយដោយ អគ្គនាយកដ្ឋានគយចិន បានបង្ហាញថា ៤ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលទំនិញរបស់ចិន មានចំនួន ១៣,៨១ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ៥,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ៤ ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលបានបំបែកកំណត់ត្រាថ្មី ក្នុងរយៈពេលដូចគ្នានៃប្រវត្តិសាស្ត្រ ហើយនិន្នាការល្អប្រសើរនៃពាណិជ្ជកម្ម ជាមួយបរទេសរបស់ចិន ត្រូវបានពង្រឹងថែមមួយកម្រិតទៀត។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ប្រទេសចិនដែលកំពុងអភិវឌ្ឍជានិរន្តរភាព និងកាន់តែបើកទូលាយមុខជានឹងនាំមក នូវកម្លាំងចលករថ្មីនិងឱកាសថ្មីសម្រាប់ពិភពលោក តាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួនជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន