(ញូវដែលី)៖ អាជ្ញាធរក្នុងតំបន់និយាយថា មនុស្សចំនួន ១៤នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស បន្ទាប់ពីផ្ទាំងពាណិជ្ជកម្មដ៏ធំមួយ រលំសង្កត់លើពួកគេ អំឡុងពេលព្យុះបោកបក់មកលើទីក្រុងហិរញ្ញវត្ថុ Mumbai របស់ប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ ២០២៤។

ផ្ទាំងពាណិជ្ជកម្មដ៏ធំ បានបាក់សង្កត់ចំផ្ទះ និងស្ថានីយ៍ប្រេងឥន្ធនៈដែលនៅជាប់នឹងផ្លូវដ៏មមាញឹក ក្នុងតំបន់ Ghatkopar បន្ទាប់ពីមានខ្យល់បក់ខ្លាំង និងភ្លៀងកាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ។ មនុស្សជាច្រើនបានជាប់នៅក្រោមនោះ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះ កំពុងបន្តរហូតដល់ព្រឹកថ្ងៃអង្គារ។ យ៉ាងហោចណាស់មនុស្សចំនួន ៧៤នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះដោយសារតែមានរបួស ហើយក្រោយមក ៣១នាក់បានចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ព្យុះផ្គររន្ទះបានធ្វើឱ្យការធ្វើចរាចរណ៍នៅផ្នែកខ្លះនៃទីក្រុងត្រូវផ្អាក និងរំខានដល់ប្រតិបត្តិការនៃអាកាសយានដ្ឋានរបស់ទីក្រុង ជាកន្លែងដ៏មមាញឹកបំផុតមួយរបស់ប្រទេសឥណ្ឌា៕