(មូស្គូ)៖ ភូមិមួយចំនួនក្នុងតំបន់ Kharkiv ត្រូវបានរុស្ស៊ីចូលគ្រប់គ្រង ក្នុងអំពើវាយលុកមួយដែលមាន រយៈពេលច្រើនថ្ងៃកន្លងមកនេះ ចាប់តាំងពីថ្ងៃសុក្រទី១៣ឧសភានោះមក។ ការវាយលុក ដោយការប្រើកម្លាំងរថពាសដែកដាក់មកលើតំបន់ Kharkiv នេះ ត្រូវគេនិយាយថា ជាយុទ្ធ​សាស្ត្រមួយរបស់រុស្ស៊ី ដើម្បីឱ្យអ៊ុយក្រែនដកកម្លាំងទ័ពពីតំបន់ភាគខាងកើត ដើម្បីយកមកទប់ ទល់នឹងរុស្ស៊ីនៅមុខព្រួញថ្មីកំពុងវាយប្រហារនេះ។

ការវាយប្រហារចូលទៅក្នុងភូមិមួយចំនួនតំបន់នៃខេត្ត Kharkiv បានទន្ទឹមនឹងការវាយប្រហារ របស់កងកម្លាំងរុស្ស៊ីនៅក្នុងខេត្តលូហានស៍និងខេត្តដូណេតស៍ ដូចជានៅតំបន់ Chasiv Yar ដែលមិនទាន់បានទទួលលទ្ធផលសម្រេចជាចុងក្រោយ និងការវាយប្រហារនេះទៀតបាន ទន្ទឹមនឹងសេចក្តីរាយការណ៍ថា អ៊ុយក្រែនក៏ខ្វះកម្លាំងធនធានទាហានប្រយុទ្ធរបស់ខ្លួនថែមទៀត។ ខេត្ត Kharkiv គឺជាខេត្តដែលមានព្រំដែនភាគខាងកើតរបស់ខ្លួន ជាប់នឹងខេត្តលូ ហានស៍និងភាគអាគ្នេយ៍ជាប់នឹងខេត្តដូណេតស៍។

ការវាយលុកដោយការប្រើកម្លាំងរថពាសដែកដាក់មកលើតំបន់ Kharkiv តាំងពីថ្ងៃសុក្រ សប្តាហ៍មុននេះមក ត្រូវគេនិយាយថាគឺជាយុទ្ធ​សាស្ត្រមួយរបស់រុស្ស៊ីដើម្បីឱ្យអ៊ុយក្រែនដក កម្លាំងទ័ពពីតំបន់ភាគខាងកើតនិងអាគ្នេយ៍ ដើម្បីយកមកទប់ទល់នឹងរុស្ស៊ីនៅមុខព្រួញ ថ្មី ដែលកំពុងវាយប្រហារនេះ។ អគ្គមេបញ្ជាការយោធាអ៊ុយក្រែន លោក Oleksandr Syrskii បានថ្លែងទទួលស្គាល់ថា កងកម្លាំងរបស់លោកពិតជាកំពុងប្រឈមមុខនឹង "ស្ថានភាពលំបាក" នៅក្នុងតំបន់ភាគឦសាន ក្រុង Kharkiv ដែលមានមនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះ ខណៈកងកម្លាំងរុស្ស៊ី កំពុងធ្វើការវាយប្រហារចូលលុកលុយនៅទីនោះ។
លោក Oleksandr Syrskii បានសរសេរនៅលើ Telegram កាលពីថ្ងៃអាទិត្យទី១៣ឧសភាថា «សប្តាហ៍នេះស្ថានភាពនៅក្នុងតំបន់ Kharkiv កាន់តែមានសភាពយ៉ាប់យ៉ឺនទៅៗជាលំដាប់»។ លោកបានសរសេរបញ្ជាក់ថា «មានការប្រយុទ្ធគ្នាជាច្រើននៅតំបន់ព្រំដែន ដែលជាប់នឹងព្រំ ដែនរុស្ស៊ីនោះ»

ខណៈកម្លាំងរុស្ស៊ីត្រូវគេរាយការណ៍ថា បានចូលកាន់កាប់បានភូមិមួយចំនួនក្នុងតំបន់ភាគឦសានក្រុង Kharkiv, អគ្គមេបញ្ជាការយោធាអ៊ុយក្រែនបានថ្លែងប្តេជ្ញាថា កងកម្លាំងការពារ អ៊ុយក្រែននឹងធ្វើអ្វីគ្រប់បែបយ៉ាងដែលអាចធ្វើបាន ដើម្បីការពារទីតាំងនិងទប់ទល់ចំពោះអំពើ វាយលុករបស់កងកម្លាំងរុស្ស៊ី។ យ៉ាងហោចមានអង្គភាពយោធាមួយរបស់អ៊ុយក្រែន ត្រូវគេ រាយការណ៍បានដកថយក្នុង ពេលដែលមិនអាចទប់ទល់បានជាមួយនឹងកងកម្លាំងរុស្ស៊ី ដែលការដកកងកម្លាំងនោះ បានជំរុញឱ្យកម្លាំងទាហានរុស្ស៊ី អាចឆ្លងកាត់តំបន់ប្រផេះដែលជាខ្សែ បន្ទាត់មួយមុននេះត្រូវគេចាត់ទុកថា ជាខ្សែបន្ទាត់ព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែន ប៉ុន្តែលោក Oleksandr Syrskii បានបដិសេធថា កងកម្លាំងរុស្ស៊ីមិនបានវាយទម្លុះកន្លែងសំខាន់ៗរប​ស់អ៊ុយក្រែនឡើយ បើទោះបី ជាទទួលស្គាល់ថា កងកម្លាំងរុស្ស៊ីមានប្រៀបលើកងកម្លាំងអ៊ុយក្រែនរបស់លោកក៏ដោយ។

ទីប្រជុំជន Vovchansk ក្នុងចំណោមទីក្រុងធំជាងគេនាភាគឦសានដែលមានប្រជាជនមុន សង្គ្រាមចំនួន១ម៉ឺន៧ពាន់នាក់ បានក្លាយជាទីសមរភូមិដ៏ពុះកញ្ជ្រោលនារសៀលថ្ងៃអាទិត្យ ទី១២ឧសភា។ មេប៉ូលីសប្រចាំតំបន់ Kharkiv លោក Volodymyr Tymoshko បាននិយាយថាកងកម្លាំងរុស្ស៊ី បានរំកិលមកដល់ជាយក្រុងតាមរយៈមុខព្រួញធ្វើដំណើរចំនួន៣ទិសដោយមានទាំងកម្លាំងទ័ពថ្មើរជើង, កម្លាំងកងរថក្រោះ និងមានកងកម្លាំងកាំភ្លើង ធំបាញ់ដាក់មកលើទីតាំងទឹកដីរបស់អ៊ុយក្រែនផងដែរ។

ក្រុមជម្លៀសបានធ្វើការមិនឈប់ឈរពេញមួយថ្ងៃ ដើម្បីទទួលយកអ្នកស្រុកភៀសខ្លួន ដែល ភាគច្រើនជាមនុស្សចាស់ ចេញពីផ្លូវគ្រោះថ្នាក់។

អភិបាលក្រុង Kharkiv លោក Oleh Syniehubov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់លោកថា មានជនស៊ីវិលយ៉ាងហោចណាស់៤ម៉ឺននាក់បានភៀសខ្លួនចេញពីតំបន់ Kharkiv ចាប់តាំងពីថ្ងៃសុក្រនៅពេលដែលកងកម្លាំងរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការនេះមក។ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាត្រូវគេរាយការណ៍ថា បានកើតឡើងនៅអាទិត្យនៅតាមបណ្តោយខ្សែជួរមុខភាគឦសាន ជាកន្លែងដែលកងកម្លាំងរុស្ស៊ីបានវាយប្រហារដាក់លើអ៊ុយក្រែនចំនួន ២៧កន្លែងក្នុងរយៈពេល២៤ម៉ោង។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ ភូមិចំនួន៤ នៅតាមព្រំដែនបន្ថែមពីលើភូមិចំនួនប្រាំដែលរុស្ស៊ីបានបញ្ជាក់ថា ត្រូវបានកាន់ កាប់កាលពីថ្ងៃសៅរ៍រួចមកហើយនោះ។ ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​មិន​បាន​បញ្ជាក់​ជុំវិញភូមិដែលរុស្ស៊ីបានចូលកាន់កាប់នោះទេ ប៉ុន្តែមេប៉ូលីសអ៊ុយក្រែននៅតំបន់ខាគីវនោះ បាននិយាយថាភូមិ Strilecha, Pylna និង Borsivika ត្រូវបានរុស្ស៊ីកាន់កាប់ហើយ ក្នុងពេលដែលកងកម្លាំងថ្មើរជើងរុស្ស៊ី បានធ្វើការវាយប្រហារចូលមកក្នុងភូមិ Hlyboke និង Lukiantsi។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy គ្រាន់តែបាននិយាយបញ្ជាក់កាលពី ថ្ងៃអាទិត្យថា មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅទូទាំងផ្នែកនៃតំបន់។

លោក Zelenskyy និយាយថា «ការប្រយុទ្ធការពារ និងការប្រយុទ្ធយ៉ាងសាហាវបានបន្តកើត ឡើងនៅលើទឹកដីព្រំដែនរបស់អ៊ុយក្រែន និងថាកងកម្លាំងអ៊ុយក្រែនបានដាក់ពង្រាយកម្លាំង ទ័ពជាបន្ថែមទៀតដើម្បីការទប់ទល់ជាមួយនឹងរុស្ស៊ី»

លោកហ្សេឡិនស្គីនថ្លែងថា មានសេចក្តីរាយការណ៍ពីមេបញ្ជាការកងទ័ពគឺលោក Oleksandr Syrskii ដែលបញ្ជាក់ថា យើងកំពុងពង្រឹងទីតាំងរបស់យើងជាពិសេសនៅក្នុងតំបន់ Kharkiv ដោយដាក់ពង្រាយកងកម្លាំងបន្ថែមរបស់យើង។ កងកាំភ្លើងធំរបស់អ៊ុយក្រែនកំពុងដំណើរការ យ៉ាងពិតប្រាកដដូចការគ្រោងទុក។ ក្រុមអ្នកវិភាគបាននិយាយថា ការវាយរុលទៅមុខរបស់រុស្ស៊ី គឺក្នុងពេលចង់ឆក់យក ឱកាសចំណេញ ខណៈជំនួយគ្រាប់រំសេវរបស់សហរដ្ឋអាមេរិកនៅមិនទាន់ដឹកជញ្ជួនដល់ សមរភូមិមុខដែលអ៊ុយក្រែន មិនអាចមានលទ្ធភាពនឹងទប់ទល់អំពើវាយលុករបស់រុស្ស៊ីបានឡើយ។

ទាហានអ៊ុយក្រែនបាននិយាយថា នេះគឺជាយុទ្ធសាស្ត្ររបស់រុស្ស៊ី ដោយធ្វើការ វាយលុកក្នុងពេលដែលកម្លាំងអ៊ុយក្រែនមានចំនួនមិនដល់កម្លាំងរុស្ស៊ីទាំងកម្លាំងទាហាននិង ចំនួនគ្រាប់រំសេវ។

ក្រុមអ្នកវិភាគយោធាបានថ្លែងថាការលុកលុយចូលគ្រប់គ្រងភូមិមួយចំនួនក្នុងតំបន់ Kharkiv គឺអាចជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ឈ្លាសវៃរបស់រុស្ស៊ីដែលមិនត្រឹមប្រើប្រាស់យុទ្ធសាស្ត្រ សមរភូមិថ្មីដណ្តើមបានយកភូមិបន្ថែមទៀតនៃភាគខាងកើតអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងបង្ខំឱ្យអ៊ុយក្រែនត្រូវដកយកកម្លាំងទាហានរបស់ខ្លួនពីកន្លែងប្រយុទ្ធផ្សេងៗដើម្បីឱ្យអ៊ុយ ក្រែនដែលខ្វះទ័ពទៅហើយនោះ កាន់តែស្តួចស្តើងនូវកម្លាំងប្រយុទ្ធរបស់ខ្លួនលើស​មរភូមិ។ កាសែត The New York Times បានដកស្រង់សម្តីឧត្តមសេនីយ៍អូស្ត្រាលីចូលនិវត្តន៍ម្នាក់គឺ លោក Mick Ryan នៃវិទ្យាស្ថានក្រុមស្រាវជ្រាវ Lowy ដែលមានទីតាំងក្នុងក្រុងស៊ីដនី បាន និយាយមើលឃើញនូវទិដ្ឋភាពមិនល្អ ចំពោះអនាគតរបស់អ៊ុយក្រែនដោយសារល្បិចរប​ស់ រុស្ស៊ីធ្វើការវាយប្រហារដាក់មកលើសមរភូមិថ្មីនោះ។

លោក Mick Ryan បាននិយាយថា ក្នុងពេលច្រើនសប្តាហ៍ខាងមុខនេះ វានឹងក្លាយជារឿង អាក្រក់មួយសម្រាប់កងកម្លាំងជើងគោកអ៊ុយក្រែននាភាគខាងកើតប្រទេស។ លោកថ្លែងបន្ត ថា គ្រាដែលការវាយប្រហារនាពេលនេះ មើលទៅដូចជាមានទ្រង់ទ្រាយតូច ប៉ុន្តែគោលបំណង នៃការវាយប្រហាររបស់រុស្ស៊ី គឺដើម្បីធ្វើឱ្យទាហានអ៊ុយក្រែននិងប្រជាជនស៊ីវិលផងដែរ ធ្លាក់ ទឹកចិត្តនិងបាត់បង់ស្មារតីក្នុងការប្រយុទ្ធជាមួយនឹងរុស្ស៊ី។

ឧត្តមសេនីយ៍យោធាចូលនិវត្តន៍អូស្ត្រាលីរូបនេះ បាននិយាយបន្តថាប្រសិនណាបើអ៊ុយក្រែន សម្រេចចិត្តថា នឹង«ខាំស្មៅ»ត្រាំត្រែងបន្តប្រយុទ្ធទោះបីត្រូវបាត់បង់ខូចខាតអស់ប៉ុណ្ណាក៏ ដោយនោះ, អ៊ុយក្រែននឹងត្រូវបន្តការបាត់បង់និងកម្លាំងទ័ពកាន់តែស្តួចទៅថែមទៀតជាមិនខានឡើយ»។ លោក Mick Ryan បាននិយាយថា លទ្ធផលនេះគឺជាតេស្តដ៏ធ្ងន់ធ្ងរមួយនិងដ៏ សែនពិបាកបំផុតសម្រាប់អ៊ុយក្រែន ចាប់តាំងពីការធ្វើសង្គ្រាមឈានចូលដល់ឆ្នាំទី៣នេះមក ។ ការវាយលុកសមរភូមិថ្មីនេះ ទោះជាយ៉ាងណាក៏ដោយត្រូវគេរំពឹងថា នឹងមិនអាចឈានចូលដល់ក្រុង Kharkiv បានដែរ។ កងកម្លាំងអ៊ុយក្រែន ត្រូវគេរាយការណ៍ថាបានកសាងប្រព័ន្ធការ ពារក្រុងព័ទ្ធជុំវិញដ៏រឹងមាំដោយការជីកលេណដ្ឋានរាប់សិបគីឡូម៉ែត្រការពារក្រុងជាមួយនឹង ការដាក់របាំងឧបសគ្គជាច្រើនដើម្បីត្រៀមទប់ទល់ការវាយប្រហាររបស់រុស្ស៊ីដោយមិនឱ្យ ដណ្តើមយកទីក្រុង Kharkiv នោះបានឡើយ។

ក្រុមអ្នកវិភាគបានថ្លែងមើលឃើញថា ការវាយប្រហារក្នុងសមរភូមិថ្មីនេះ គឺ រុស្ស៊ីមិនមានបំណងចង់ចូលគ្រប់គ្រងខេត្ត Kharkiv នោះឡើយ ពីព្រោះការវាយប្រហារដើម្បីយក ទីក្រុងថ្មីនេះ នឹងត្រូវចំណាយជីវិតទាហាននិងឧបករណ៍សឹកយោធាជាច្រើនដែលរុស្ស៊ីនឹងមិន ធ្វើកិច្ចការទាំងនេះឡើយ…ចំណែកការវាយប្រហារក្នុងសមរភូមិថ្មីនេះ គឺជាការពង្រីកយុទ្ធ សាស្ត្រមួយនៅតំបន់ជុំវិញក្រុង Adiivka ដែលរុស្ស៊ីចូលគ្រប់គ្រង និងការវាយបញ្ឆោតឱ្យអ៊ុយ ក្រែនចល័តកងកម្លាំងរបស់ខ្លួនពីតំបន់ក្នុងខេត្តដូណេតស៍នេះដើម្បីទៅជួយនៅសមរភូមិថ្មី ដែលជាឱកាសឱ្យរុស្ស៊ីអាចចូលគ្រប់គ្រងតំបន់នៅក្បែរក្រុង Adiivka បានយ៉ាងសុវត្ថិភាព។

កងកម្លាំងរបស់រុស្ស៊ី ត្រូវគេឃើញបានធ្វើការវាយលុកក្នុងល្បឿនយឺតប៉ុន្តែឥតឈប់ឈរឡើយ តាមរយៈការដណ្តើមយកម្តងបន្តិចនៃខ្សែត្រៀមការពារចម្ងាយ១៥០ម៉ាយល៍របស់អ៊ុយក្រែន នាភាគខាងត្បូងខេត្តខាគីវ សំដៅទៅកាន់ក្រុង Chasiv Yar។ សេចក្តីរាយការណ៍បាននិយាយ ថាការវាយរុលទៅមុខរបស់កងកម្លាំងរុស្ស៊ីបានធ្វើដំណើរកាន់តែកៀកផ្លូវហាយវ៉េដ៏សំខាន់មួយ ដើម្បីការចង់ផ្តាច់ផ្លូវគមនាគមន៍មួយនោះដែលជាច្រកសម្រាប់ផ្គត់ផ្គង់គ្រឿងសព្វាវុធនិង ស្បៀងសម្រាប់ទាហានអ៊ុយក្រែន។ មន្ត្រីយោធាអ៊ុយក្រែនបាននិយាយដែរថា ការវាយប្រ ហាររបស់រុស្ស៊ីដាក់លើភូមិថ្មីនៅតំបន់ខាគីវ ក៏ពួកគេអាចមើលឃើញច្បាស់នូវយុទ្ធសាស្ត្រ របស់រុស្ស៊ីដែលចង់បង្វែងការចាប់អារម្មណ៍កងកម្លាំងអ៊ុយក្រែនចាកចេញពីតំបន់កំពុងប្រយុទ្ធ របស់ខ្លួនផងដែរ ប៉ុន្តែមន្ត្រីយោធាអ៊ុយក្រែនបាននិយាយចំអកថាយុទ្ធសាស្ត្ររបស់រុស្ស៊ីនោះ មិនអាចមានប្រសិទ្ធភាពបានឡើយ ៕