(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប មិនបានដាក់សម្ពាធគ្រប់គ្រាន់នោះទេ ក្នុងការ បង្ខំឱ្យអ៉ីស្រាអែល ព្រមព្រៀងលើបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាសទទួលយកសំណើបទឈប់បាញ់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤។

ថ្លែងទៅកាន់ក្រុមបញ្ញ​វន្តមូស្លីម នៅក្នុងទីក្រុងអ៉ីស្តង់ប៊ុល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ លោក Erdogan និយាយថា ហាម៉ាស បានទទួលយកសំណើ បទឈប់បាញ់ស្នើឡើងដោយកាតា និងអេហ្ស៉ីបហើយ ដែលវាជាជំហានថ្មីមួយឆ្ពោះទៅរកបទឈប់បាញ់អចិន្ត្រៃយ៍ ប៉ុន្តែរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នៅមិនទាន់ចង់ឱ្យសង្រ្គាមបញ្ចប់។

លោក Erdogan បានគូសបញ្ជាក់ដូច្នេះថា «ការឆ្លើយតបរបស់រដ្ឋាភិបាលរបស់លោក Netanyahu គឺវាយប្រហារលើជនស្លូតត្រង់ក្នុងទីក្រុង Rafah»។ ដូច្នេះថាតើ មានការបញ្ចេញប្រតិកម្មខ្លាំងក្លាប្រឆាំងនឹងអាកប្បកិរិយារបស់លោក Netanyahu ដែរឬទេ? ជាការពិតណាស់ ទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប មិនបានបញ្ចេញ ប្រតិកម្មណាមួយដែលអាចបង្ខំឱ្យអ៉ីស្រាអែលទទួលយកបទឈប់បាញ់នោះទេ»

គួរបញ្ជាក់ថា ជារឿយៗតួកគី បានសម្តែងការមិនពេញចិត្តជាខ្លាំង ជុំវិញការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់ ព្រមទាំងរិះគន់ការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់លោកខាងលិច សម្រាប់អ៉ីស្រាអែល។ តួកគី ថែមទាំងផ្អាកការធ្វើពាណិជ្ជកម្មជាមួយអ៉ីស្រាអែល និងប្រកាសចូលរួមជាមួយអាហ្វ្រិកខាងត្បូង ដើម្បីនាំយកអ៉ីស្រាអែលឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តអំពើ ប្រល័យពូជសាសន៍ប្រឆាំងប្រជាជនប៉ាឡេស្ទីន៕