(គែរ)៖ ប្រទេសអេហ្ស៉ីប កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានប្រកាសថាខ្លួននឹងចូលរួមគាំទ្រ លើករណីបណ្តឹងរបស់អាហ្វ្រិកខាងត្បូង ប្រឆាំងអ៉ីស្រាអែល នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយលើកឡើងពីការបង្កើនប្រតិបត្តិការយោធាអ៉ីស្រាអែល ក្នុងតំបន់ហ្កាហ្សា និងផលប៉ះពាល់ចំពោះជនស៉ីវិល។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤។

សកម្មភាពនេះបង្ហាញពីភាពតានតឹងដែលកំពុងកើនឡើងស្រាប់រវាងប្រទេសជិតខាងទាំងពីរ ខណៈប្រតិបត្តិការរបស់អ៉ីស្រាអែល នៅទីក្រុងព្រំដែន Rafah នឹងធ្វើ តេស្តលើកិច្ចព្រមព្រៀងរយៈពេលវែង ក៏ដូចជាកិច្ចសហប្រតិបត្តិការសន្តិសុខ។ ក្រសួងការបរទេសអេហ្ស៉ីប បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ការប្រកាសពី កិច្ចអន្តរាគមន៍នេះកើតមានឡើង ក្រោយពេលដែលវិសាលភាពនៃប្រតិបត្តិការយោធា និងការរំលោភបំពានជនស៉ីវិលពីសំណាក់អ៉ីស្រាអែល នៅតំបន់ហ្កាហ្សា កាន់តែរីកធំ។ កន្លងមក អេហ្ស៉ីបធ្លាប់បង្ហាញទឡ្ហីករណ៍ក្នុងសំណុំរឿងនេះហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន អាហ្វ្រិកខាងត្បូងបានស្នើ ICJ បង្គាប់ឱ្យអ៉ីស្រាអែលដកកងទ័ពចេញពីទីក្រុង Rafah ស្របតាមលក្ខខណ្ឌនៃវិធានការបន្ទាន់ ដែលកំពុងអនុវត្តជុំវិញការចោទប្រកាន់ថាអ៉ីស្រាអែល បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងប្រជាជនប៉ាឡេស្ទីន៕