(គុយវ៉ែត ស៊ីធី)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃអាទិត្យ ទី១២ ខែឧសភានេះបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាប់មួយ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា ការដោះលែងចំណាប់ខ្មាំង និងការបង្កើនលំហូរជំនួយមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសុន្ទរកថាជាវីដេអូមួយទៅកាន់សន្និសីទម្ចាស់ជំនួយប្រព្រឹត្តទៅក្នុងប្រទេសគុយវ៉ែត លោក Guterres បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមលើកឡើងម្ដងទៀតពី ការអំពាវនាវរបស់ខ្ញុំ រួមទាំងការអំពាវនាវរបស់ពិភពលោកឱ្យមានបទឈប់បាញ់បន្ទាន់មួយ និងការដោះលែងចំណាប់ខ្មាំងដោយគ្មានលក្ខខណ្ឌ ក៏ដូចជាការបង្កើនលំហូរ ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា»។ លោកបន្ថែមថាក៏ប៉ុន្តែ បទឈប់បាញ់មួយត្រឹមតែជាការចាប់ផ្ដើមមួយប៉ុណ្ណោះ ដ្បិតការបំផ្លិចបំផ្លាញ និងការគ្រាំគ្រាដោយសារ សង្រ្គាមត្រូវការរយៈពេលវែងដើម្បីដោះស្រាយ។

គួរបញ្ជាក់ថា អ៉ីស្រាអែល នៅថ្ងៃអាទិត្យនេះដែរ បានបើកការវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្កាហ្សា បន្ទាប់ពីបានបង្គាប់ឱ្យប្រជាជនប៉ាឡេស្ទីនបន្ថែមទៀតជម្លៀសខ្លួន ចេញពីទីក្រុង Rafah បើទោះជាមានការជំទាស់ពីអន្តរជាតិជុំវិញការធ្វើប្រតិបត្តិការយោធានៅភាគខាងកើត នៃទីក្រុងនេះក៏ដោយ៕