(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកកំពុងរៀបចំ កញ្ចប់ជំនួយយោធាថ្មីទៀត ទំហំ៤០០លានដុល្លារ សម្រាប់អ៊ុយក្រែន ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន អាចត្រឡប់មកផ្គត់ផ្គង់ សព្វាវុធជាប្រចាំឡើងវិញដល់ទីក្រុងកៀវ ក្រោយ​សភាអាមេរិកបានអនុម័តច្បាប់ ស្តីពីការបន្តផ្តល់ជំនួយឱ្យអ៊ុយក្រែន សរុបជាទឹកប្រាក់រាប់សិបពាន់លានដុល្លារ។​ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤។

យោងតាមប្រភពពីមន្រ្តីអាមេរិកដែលបានបង្ហើបប្រាប់​ ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ កញ្ចប់ជំនួយយោធានោះ រួមមានដូចជា កាំភ្លើងធំ គ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS គ្រាប់ប្រឆាំងរថក្រោះ រថពាសដែក ព្រមទាំងអាវុធធុនតូច ដែលអាចប្រើប្រាស់បានភ្លាមៗ នៅលើសមរភូមិ។ ក្នុងចំណោមជំនួយទំហំសរុប៩៥ពាន់លានដុល្លារ ដែលសភាអាមេរិកបានអនុម័តនាពេលកន្លងទៅ សម្រាប់​សម្ព័ន្ធមិត្តមួយចំនួន របស់ទីក្រុងវ៉ាស៉ីនតោន រួមមានទាំងអ៉ីស្រាអែល និងកោះតៃវ៉ាន់ គឺ៦០.៨ពាន់លានដុល្លារ ត្រូវបានបែងចែកសម្រាប់ផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗ ឱ្យទៅអ៊ុយក្រែន។

គួរបញ្ជាក់ថា សេចក្តីប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីខាងលើធ្វើឡើង បន្ទាប់ពីកងកម្លាំងរបស់រុស្ស៉ី ទើបតែបានចាបឪផ្តើមធ្វើការវាយលុកថ្មីតាម​ជើងគោក កាលពីថ្ងៃសុក្រនៅក្បែរទីក្រុង Kharkiv ភាគឦសានអ៊ុយក្រែន ខណៈវាគឺជាការបើកសមរភូមិមុខថ្មីមួយទៀត នៅក្នុងសង្រ្គាមដែលជាច្រើនខែមកនេះ ត្រូវបានផ្តោតប្រយុទ្ធតែនៅភាគខាងកើត និងភាគខាងត្បូង៕