(សេអ៊ូល)៖ ក្រសួងការបរទេសទីក្រុងសេអ៊ូល បានប្រកាសឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រមុខការទូតកូរ៉េខាងត្បូង លោក Cho Tae-yul នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសចិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ តបតាមការអញ្ជើញរបស់សមភាគីចិន គឺលោក Wang Yi។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៥។

វានឹងជាដំណើរបំពេញទស្សនកិច្ចដំបូងរបស់លោក Cho ទៅកាន់ទីក្រុងប៉េកាំង គិតចាប់តាំងពីរូបលោកបានឡើងកាន់តំណែង ហើយក៏នឹង​ជាទស្សនកិច្ចទីមួយផងដែរ ដែលធ្វើដោយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ក្នុងរយៈពេលប្រមាណជាង៦ឆ្នាំ ទៅកាន់ប្រទេសចិន។ បើតាម​សេចក្តីថ្លែងការណ៍ក្រសួងការបរទេសកូរ៉េខាងត្បូង អំឡុងការបំពេញទស្សនកិច្ចនោះ ប្រមុខការទូតទាំងពីរនឹងពិភាក្សាគ្នាជុំវិញបញ្ហាផ្សេងៗ មានតាំងពី​ទំនាក់ទំនងទ្វេភាគី រហូតដល់កិច្ចប្រជុំត្រីភាគីជាមួយជប៉ុន ហើយនិងស្ថានការណ៍នៅឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា ជាមួយគ្នានេះ លោករដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ក៏នឹងជួបផងដែរ ជាមួយថ្នាក់ដឹកនាំក្នុងវិស័យធុរកិច្ចចិន ហើយដោះដូរទស្សនៈស្តីពីវិធីសាស្រ្ត ដើម្បីជំរុញសកម្មភាពផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ លោក Cho Tae-yul បានឡើងកាន់តំណែងជា ប្រមុខការទូតកូរ៉េខាងត្បូង បន្តពីលោក Park Jin កាលពីខែមករា ដើមឆ្នាំ២០២៤នេះ៕