(ប៊ុយដាប៉ែស)៖ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសស៊ែប៊ី ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រីហើយ កាលពីថ្ងៃពុធ ទី៨ ខែឧសភា ដែលជាទីឈប់សំចតចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកក្នុងតំបន់អឺរ៉ុប ក្នុងគោលបំណងពង្រឹងទំនាក់ទំនងដែលកំពុងមានភាពល្អប្រសើរ ស្រាប់ទៅហើយនោះ រវាងទីក្រុងប៉េកាំង និងហុងគ្រីដែលជាសមាជិកសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ក្នុងប្រទេសហុងគ្រី ធ្វើឡើងចំពេលនៃការប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ដែលមេដឹកនាំចិន ត្រូវបានរំពឹងថានឹងចូលរួមក្នុងពិធីលៀងសាយភោជនថ្នាក់រដ្ឋជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅល្ងាចថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ក្នុងតំបន់អឺរ៉ុបជាលើកដំបូងបំផុតក្នុងរយៈពេល៥ឆ្នាំមកនេះ បានធ្វើឡើងមុនគេនៅប្រទេសបារាំង បន្ទាប់មកគឺប្រទេស ស៊ែប៊ី ដែលដូចគ្នាទៅនឹងហុងគ្រីដែរគឺមានទំនាក់ទំនងជិតស្និទ្ធជាមួយចិន និងរុស្ស៉ី៕