(តៃប៉ិ)៖ នាវាពិឃាដមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ ទី៨ ខែឧសភា ខណៈមិនដល់២សប្ដាហ៍ទៀតទេ មេដឹកនាំថ្មី របស់តៃវ៉ាន់នឹងស្បថចូលកាន់តំណែងជាផ្លូវការ ដោយជំរុញឱ្យមានការថ្កោលទោសទាំងការខឹងសម្បារពីសំណាក់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិនបានចាត់ទុកតៃវ៉ាន់ត្រឹមត្រែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ និងថាមានសិទ្ធិគ្រប់គ្រងលើច្រកសមុទ្រតៃវ៉ាន់។ ប៉ុន្តែសហរដ្ឋអាមេរិក និងតៃវ៉ាន់បានអះអាងថាច្រកសមុទ្រនេះ គឺជាដែនទឹកអន្តរជាតិ។ កងនាវាទី៧ របស់សហរដ្ឋអាមេរិកបាននិយាយថានាវាពិឃាដប្រដាប់ដោយមីស៊ីល USS Halsey បានដឹកនាំការធ្វើប្រតិបត្តិការឆ្លងកាត់ច្រកសមុទ្រ តាមទម្លាប់ធម្មតា កាលពីថ្ងៃពុធ កាត់តាមដែនទឹកជាទីដែលសេរីភាពនៃការធ្វើនាវាចរ និងការហោះហើរត្រូវបានអនុវត្តស្របតាមច្បាប់អន្តរជាតិ។

តែយ៉ាងណាក៏ដោយ យោធាចិនបានចាត់ទុកការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដោយនាវាពិឃាដអាមេរិក គឺជាការបំភ្លៃសាធារណជន ហើយថាខ្លួនបានបញ្ជូននាវា និងយន្ដហោះចម្បាំងតាមឃ្លាំមើលសកម្មភាពនាវាចម្បាំងអាមេរិក។

គួរបញ្ជាក់ថា ការធ្វើដំណើរការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវាចម្បាំងអាមេរិក ធ្វើឡើងចំពេលដ៏សំខាន់ និងសល់មិនដល់ ២សប្ដាហ៍ទៀតទេ លោក Lai Ching-te ដែលចិនចាត់ទុកថាជាមនុស្សដ៏គ្រោះថ្នាក់ នឹងស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់នៅថ្ងៃទី២០ ខែឧសភា។ ជាទម្លាប់ សហរដ្ឋអាមេរិកតែងតែបញ្ជូន នាវាចម្បាំង ឬយន្ដហោះល្បាតសមុទ្រ ធ្វើប្រតិបត្តិការឆ្លងកាត់ និងហោះពីលើច្រកសមុទ្រតៃវ៉ាន់ ក្នុងរយៈពេលមួយខែម្ដង៕