(ម៉ូស្គូ)៖ រុស្ស៊ីតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន បានព្រមានបារាំងនៅថ្ងៃពុធនេះថា ប្រសិនបើប្រធានាធិបតីបារាំង លោក Emmanuel Macron បញ្ជូនទាហានទៅចូលរួមប្រយុទ្ធនៅអ៊ុយក្រែន នោះ​ពួកគេ​នឹង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​គោលដៅ​ស្របច្បាប់​របស់​យោធា​រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

កាលពីខែកុម្ភៈកន្លងទៅ លោក Macron បានបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញពាក្យសម្តីរបស់លោក ដែលបានលើកឡើងថា លោកមិនបានបដិសេធការដាក់ពង្រាយទាហានបារាំង ក្នុងប្រទេសអ៊ុយក្រែននាពេលអនាគតនោះទេ។ ទន្ទឹមគ្នានេះ ប្រធានាធិបតីបារាំងរូបនេះបានព្រមានទៀតថា ប្រសិនបើរុស្ស៊ីឈ្នះនៅអ៊ុយក្រែន ភាពជឿជាក់របស់អឺរ៉ុបនឹងធ្លាក់ចុះដល់សូន្យ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយទៅកាន់អ្នកសារព័ត៌មានថា វោហាសាស្ត្ររបស់លោក Macron ស្តីពីការដាក់ពង្រាយកងទ័ពដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែន វាឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រដោយចេតនា ដើម្បីសាបព្រួសភាពមិនប្រាកដប្រជាជាយុទ្ធសាស្ត្រសម្រាប់ប្រទេសរុស្ស៊ី។

លោកស្រីបានសង្កត់ធ្ងន់ថា «...ប្រសិនបើកងទ័ពបារាំងចូលទៅក្នុងតំបន់ជម្លោះ ពួកគេនឹងក្លាយជាគោលដៅសម្រាប់រុស្ស៊ី។ ទីក្រុងប៉ារីសប្រហែលជាដឹងរឿងនេះរួចហើយ»។

គួរជម្រាបថា កាលពីថ្ងៃចន្ទ រុស្ស៊ីបានប្រកាសថាខ្លួននឹងអនុវត្តការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ជាផ្នែកមួយនៃសមយុទ្ធយោធា បន្ទាប់ពីអ្វីដែលទីក្រុងម៉ូស្គូបាននិយាយថា ជាការគំរាមកំហែងពីប្រទេសបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក៕