(ប៉ារីស)៖ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយភាគធំ នឹងធ្វើពហិការមិនចូលក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៉ី សម្រាប់អាណត្តិថ្មីមានរយៈពេល៦ឆ្នាំ របស់លោក វ៉្លាឌីមៀ ពូទីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារសប្ដាហ៍នេះនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ប៉ុន្តែ បារាំង និងសមាជិកសហភាពអឺរ៉ុបមួយចំនួនទៀតត្រូវបានរំពឹងថានឹងបញ្ជូនអ្នកតំណាងរបស់ខ្លួនឱ្យទៅចូលរួម បើទោះជាមានការទទូចស្នើសុំពីទីក្រុងកៀវឱ្យធ្វើ ពហិការមិនចូលរួមក៏ដោយ ដែលនេះបង្ហាញពីការខ្វែងគំនិតគ្នានៅក្នុងចំណោមបណ្ដាប្រទេសលោកខាងលិចជុំវិញថាតើត្រូវប្រឈមមុខដោះស្រាយជាមួយលោក ពូទីន ដោយរបៀបណា បន្ទាប់ពីលោកបានបញ្ជូនកងទ័ពឈានចូលអ៊ុយក្រែនអស់រយៈពេលជាង២ឆ្នាំមកនេះ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនតំណាងឱ្យទៅចូលរួមក្នុងពិធីស្បថចូលកាន់តំណែង របស់លោក ពូទីន ឡើយ ហើយក៏មិនបានចាត់ទុកថាការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌នោះដែរ។ ប៉ុន្តែលោក Miller បាននិយាយថា លោក ពូទីន គឺជាប្រធានាធិបតីរុស្ស៉ី ហើយលោកនឹងបន្តកាន់តំណែងនេះ។ រីឯ ខាងចក្រភពអង់គ្លេស និងកាណាដា រួមទាំងសមាជិកសហភាពអឺរ៉ុបចំនួន២០ បាននិយាយថាពួកគេក៏នឹងមិនបញ្ជូនអ្នកតំណាងឱ្យទៅចូលរួមក្នុងពិធីនេះនោះដែរ។ ប៉ុន្តែប្រទេស៧ផ្សេងទៀតត្រូវបានគេរំពឹងថានឹងបញ្ជូនអ្នកតំណាងឱ្យទៅចូលរួម ក្នុងនោះរួមមានបារាំង ហុងគ្រី និងស្លូវ៉ាគីជាដើម។ នេះបើតាមការបញ្ជាក់ពីមន្ត្រីការទូតអឺរ៉ុប២នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ខណៈរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បញ្ជាក់ថានឹងមិនចូលរួមនោះទេ។

គួរបញ្ជាក់ថា ការប្រកាសពីការធ្វើពហិការខាងលើ ធ្វើឡើងក្រោយរុស្ស៉ីកាលពីថ្ងៃចន្ទ បានប្រកាសថាខ្លួននឹងធ្វើសមយុទ្ធហាត់សមពីរបៀបប្រើប្រាស់ អាវុធនុយក្លេអ៊ែរតាក់ទិក ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់មេដឹកនាំលោកខាងលិចមួយចំនួននាពេលថ្មីៗនេះ៕