(ម៉ានីល)៖ កងទ័ពហ្វីលីពីននិងអាមេរិក នាថ្ងៃចន្ទនេះ បានហាត់សមបាញ់មីស៉ីលនិងកាំភ្លើងធំ ដើម្បីទប់ស្កាត់ការឈ្លានពានពីដែនសមុទ្រ នៅផ្ទៃទឹកភាគខាងជើងប្រទេសហ្វីលីពីន ដែលបែរទៅរកកោះតៃវ៉ាន់ ខណៈវាគឺជាការបង្ហាញសាច់ដុំយោធា ក៏ដូចជាចំណងទាក់ទងរឹងមាំរវាងប្រទេសទាំងពីរ​ ស្របពេលដែលភាពតានតឹងក្នុងតំបន់កើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុងសេណារីយ៉ូនៃលំហាត់យោធាខាងលើ ទាហានប្រមាណ២០០នាក់ បានផ្លាស់វេនគ្នាការពារឆ្នេរសមុទ្រនៃទីក្រុង Laoag ក្នុងខេត្ត Ilocos របស់ហ្វីលីពីន ដោយបានបាញ់មីស៉ីល Javelin កាំភ្លើងធំ howitzer និងកាំភ្លើងយន្ត ដើម្បីទប់ស្កាត់សត្រូវដែលព្យាយាមសម្រុកឡើងឆេ្នរនោះ។ ការហាត់សមនេះ គឺជាផ្នែកនៃការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ រវាងសម្ព័ន្ធមិត្តទាំងពីរ ហៅថា Balikatan ដែលបានចាប់ផ្តើមកាលពីខែមេសាកន្លងទៅ ហើយនឹងបន្តរហូតដល់ថ្ងៃទី១០ ខែឧសភា និងចំពេលដែលភាពតានតឹង មានការកើនឡើងរវាងហ្វីលីពីននិងចិន នៅឯតំបន់សមុទ្រចិនខាងត្បូង។

កាលពីសប្តាហ៍មុន ហ្វីលីពីនបានចោទប្រកាន់ចិន អំពីការប្រើប្រាស់កាណុងបាញ់ទឹកជាថ្មីម្តងទៀត ប្រឆាំងមកលើនាវារបស់ខ្លួន នៅតំបន់ថ្មប៉ះប្រះទឹក Scarborough Shoal ដែលមានបញ្ហាវិវាទ ហើយបានបង្កការខូចខាតចំពោះនាវាហ្វីលីពីន និងធ្វើឱ្យមនុស្សលើនោះរងរបួស។ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា ប្រទេសរបស់លោក នឹងមិនធ្វើសកម្មភាពសងសឹកវិញ ក្នុងទម្រង់ណាមួយឡើយ ក្រោមហេតុផលថា ហ្វីលីពីនមិនចង់បង្កើនភាពតានតឹង។

គួរបញ្ជាក់ថា សមយុទ្ធយោធារវាងហ្វីលីពីននិងអាមេរិក បានធ្វើឱ្យចិនមានការមិនពេញចិត្តឡើយ ហើយទីក្រុងប៉េកាំងបានព្រមានអំពី​ការបង្កអស្ថិរភាព នៅពេលដែលប្រទេសនៅក្រៅតំបន់ ចូលមកដំឡើងសាច់ដុំ និងដុះបញ្ឆេះភាពតានតឹង។ សមយុទ្ធយោធាជាបន្តបន្ទាប់ ​រវាងប្រទេសទាំងពីរក្នុងឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅតាមដែនកោះនិងខេត្តរបស់ហ្វីលីពីន ដែលបែរមុខទៅរកកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ តួយ៉ាងទីក្រុង Laoag ខាងលើ មានចម្ងាយត្រឹមជាង៤០០គីឡូម៉ែត្រប៉ុណ្ណោះ ពីចំណុចចុងភាគខាងត្បូងបំផុត នៃកោះតៃវ៉ាន់៕