(បេរូត)៖ ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល បានសម្លាប់សមាជិកគ្រួសារ ៤នាក់ នៅក្នុងផ្ទះមួយខ្នង នៅឯភូមិ Meiss al Jabal ព្រំដែនភាគខាងត្បូង ប្រទេសលីបង់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤។

Meiss al Jabal ជាភូមិដែលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីការបាញ់ផ្លោងដាក់គ្នារវាងអ៉ីស្រាអែល និងក្រុមហេសប៊ូលឡាគាំទ្រដោយអ៉ីរ៉ង់ គិតចាប់តាំងពីសង្រ្គាម ហ្កាហ្សាផ្ទុះឡើង។ ក្រុមហេសប៊ូលឡា បានឱ្យដឹងថាជាការសងសឹក ខ្លួនបានបាញ់រ៉ុក្កែត Katyusha ជាង ១០គ្រាប់ទៅលើទីប្រជុំជន Kiryat Shmona របស់អ៉ីសា្រអែល ដែលនៅភាគខាងជើងជាប់ព្រំដែនលីបង់។

គួរបញ្ជាក់ថា បើតាមប្រភពពីក្រុមមន្ត្រីអ៉ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក សមាជិកក្រុមហេសប៊ូលឡាជាង ២៥០នាក់ និងជនស៉ីវិល ៧៥នាក់បានស្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើទឹកដីលីបង់។ ចំណែក អ៉ីស្រាអែលវិញ ក៏បានឱ្យដឹងថា ខ្លួនបានរងនូវការបាញ់មីស៉ីលចេញពីលីបង់ បណ្តាលឱ្យទាហាន និងជនស៉ីវិលជាច្រើននាក់ស្លាប់ផងដែរ។ បើទោះជាមានការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងជាបន្តបន្ទាប់ ប៉ុន្តែគេមើលឃើញថា ភាគីទាំងសងខាងព្យាយាមបញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំ៕