(ហ្គាហ្សា)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលការទាមទាររបស់ក្រុមហាម៉ាស់ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ដោយបាននិយាយថា ការធ្វើបែបនេះវានឹងអនុញ្ញាតឱ្យក្រុមអ៊ីស្លាមប៉ាឡេស្ទីនមួយនេះ បន្តកាន់អំណាច និងបង្កការគំរាមកំហែងដល់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។

លោក Netanyahu បាននិយាយថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្អាកការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ដើម្បីធានាបាននូវការដោះលែងចំណាប់ខ្មាំង ដែលនៅបន្តឃុំខ្លួនដោយក្រុមហាម៉ាស់ ដែលត្រូវបានគេជឿថាមានចំនួនច្រើនជាង ១៣០នាក់។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់ថា ខណៈពេលដែលអ៊ីស្រាអែលបើកចំហចំពោះលទ្ធភាពនេះ ក្រុមហាម៉ាសនៅតែប្រកាន់ជំហរមិនចុះសម្រុងរបស់ខ្លួន ជាពិសេសក្នុងការទាមទារឱ្យដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុង ចេញពីតំបន់ហ្គាហ្សា ដែលអ៊ីស្រាអែលមិនអាចទទួលយកបានទេ។

មន្ត្រីប៉ាឡេស្ទីនបាននិយាយថា មេដឹកនាំក្រុមហាម៉ាស់បានបើកកិច្ចពិភាក្សាបទឈប់បាញ់នៅថ្ងៃទីពីរ ជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតាក្នុងទីក្រុងគែរ ប៉ុន្តែមិនមានការរីកចម្រើនជាក់ស្តែងទេ ខណៈដែលក្រុមនេះនៅតែទាមទារឱ្យមានការបញ្ចប់សង្គ្រាមហ្គាហ្សា គឺមិនមែនផ្អាកទេ។

គួរជម្រាបថា សង្រ្គាមបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់មនុស្ស ១,២០០នាក់ និងចាប់ចំណាប់ខ្មាំង ២៥២នាក់ នេះបើយោងតាមស្ថិតិរបស់អ៊ីស្រាអែល។

ការវាយលុកយោធារបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៤,៦០០នាក់ នេះបើយោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។ ការ​ទម្លាក់​គ្រាប់​បែក​បាន​បំផ្លាញ​តំបន់​ឆ្នេរ​ជា​ច្រើន ហើយ​បង្ក​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌យ៉ាងធ្ងន់ធ្ងរ៕