(តៃប៉ិ)៖ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វានឹងមានការលំបាកសម្រាប់តៃវ៉ាន់ ដើម្បីអាចចូលរួម មហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក (WHA) ហើយតៃវ៉ាន់ រំពឹងថានឹងមានប្រទេសកាន់តែច្រើន គាំទ្រវត្តមានរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ ២០២៤។

តៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិនានា ដោយសារតែការជំទាស់ពីចិន ដែលចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួន។ តៃវ៉ាន់ ធ្លាប់ចូលរួមអង្គមហាសន្និបាតរបស់អង្គការសុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការណ៍ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៦ ក្រោមអាណត្តិរបស់មេដឹកនាំ លោក Ma Ying-jeou។

ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ដែលថា សហរដ្ឋអាមេរិក លើកទឹកចិត្តយ៉ាងខ្លាំងឱ្យ WHO ផ្តល់លិខិតអញ្ជើញតៃវ៉ាន់ឡើងវិញ លោក Wu បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសភាថា «នៅពេលនិយាយអំពីការចូលរួម WHA វានឹងមានការលំបាកខ្លះ ប៉ុន្តែយើងកំពុងប្រឹងប្រែងធ្វើការ ដូចពេលមុនដែរ គឺដើម្បីទទួលបានការគាំទ្រពីប្រទេសដ៏ទៃ»។ យ៉ាងនេះក្តី លោក Wu មិនបានបញ្ជាក់ទេថាតើអ្វីជាការលំបាកនោះ។

គួរបញ្ជាក់ថា នៅឆ្នាំនេះ មហាសន្និបាទប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក គ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា មួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំជាប់ឆ្នោតៃវ៉ាន់ លោក Lai Ching-te ចូលកាន់តំណែងជាផ្លូវការ៕