(ហ្គាហ្សា)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ ដើម្បីជំរុញឱ្យមានជំនួយបន្ថែមទៀតដល់តំបន់ហ្គាហ្សា ខណៈពេលដែលជំរុញឱ្យក្រុមហាម៉ាស់ ទទួលយកកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា និងនាំយកចំណាប់ខ្មាំងមួយចំនួនត្រឡប់ទៅផ្ទះវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

អ៊ីស្រាអែល​គឺជា​កន្លែង​ឈប់​ចុងក្រោយ ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកការទូត​កំពូលរបស់អាមេរិក​រូបនេះនៅ​មជ្ឈិមបូព៌ា​ ដែលជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ប្រាំពីរ​ហើយរបស់គាត់ ​ទៅកាន់​តំបន់នេះ។

ដំណើរទស្សនកិច្ចរបស់ លោក Blinken ទៅកាន់ប្រទេសអ៊ីស្រាអែលលើកនេះ ផ្តោតលើកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ រួមទាំងការពិភាក្សាស្តីពីការសម្របសម្រួលការផ្តល់ជំនួយដល់ប្រជាជននៅតំបន់ហ្គាហ្សា ដែលកំពុងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ។

ក្នុងអំឡុងពេលពិភាក្សាជាមួយ លោក Netanyahu លោក Blinken បានគូសបញ្ជាក់ពីវឌ្ឍនភាពក្នុងការចែកចាយជំនួយ និងបានជំរុញឱ្យបន្តដំណើរការរបស់វា។ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកគាំទ្រអ៊ីស្រាអែលដ៏ឥតងាករេ បានព្រមានអំពីការផ្លាស់ប្តូរគោលនយោបាយដែលមានសក្តានុពល ប្រសិនបើបង្កការខូចខាតស៊ីវិលធ្ងន់ធ្ងរ និងតម្រូវការមនុស្សធម៌មិនត្រូវបានដោះស្រាយ។

លោក Blinken ក៏បានរំលឹកឡើងវិញនូវជំហររបស់សហរដ្ឋអាមេរិកដែលថា ក្រុមហាម៉ាសជាអ្នករារាំងកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់ ដោយជំរុញឱ្យពួកគេទទួលយកសំណើបទឈប់បាញ់ ដែលសម្របសម្រួលដោយអេហ្ស៊ីប ដែលរួមមានការដោះលែងចំណាប់ខ្មាំងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន និងការបញ្ឈប់អរិភាព។ ទោះ​ជា​យ៉ាង​ណា ក្រុម​ហាម៉ាស​បាន​ចោទសហរដ្ឋអាមេរិកថា មិនបានបង្ហាញការគោរពដល់ភាគីទាំងពីរ ហើយបានអះអាងថាអ៊ីស្រាអែលថា ទើបជាឧបសគ្គពិតប្រាកដ៕