(ប៉េកាំង)៖ ដោយបន្តប្រកៀកស្មាជាមួយបណ្តាប្រទេសនានាដើម្បីសម្រេចបាន នូវគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលបានដាក់ចេញដោយ អង្គការសហប្រជាជាតិ ប្រទេសចិនបានជំរុញល្បឿន នៃការបណ្តុះបណ្តាលមូលធនមនុស្សសំដៅផ្តល់ជូន នូវមធ្យោបាយនៃប្រាជ្ញាចិនលើដំណោះស្រាយ ស្តីពីការកាត់បន្ថយការបំពុលបរិស្ថានដែលក្នុងនោះ បច្ចេកវិទ្យាផលិតរថយន្តអគ្គិសនី ជាផ្នែកដ៏សំខាន់មួយ ខណៈដែលប្រទេសចិនតែងប្រកាន់ខ្ជាប់ជានិច្ចនូវភក្តីភាពលើ ការគាំពារបរិស្ថានដូចគូសបញ្ជាក់យ៉ាងប្រត្យក្ស នៅរដ្ឋធានីប៉ារីស កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ សមាជិកទាំងអស់នៃអង្គមហាសន្និបាតស្តីពីបម្រែបម្រួលអាកាសធាតុ បានយល់ស្របគ្នាថា បើគ្មានការគំាទ្រដ៏មានប្រសិទ្ធភាពពីលោក Xi Jinping ប្រធានរដ្ឋចិនដែលលោកបានចំណាយពេលជាង៣០ម៉ោង ក្នុងការផ្លាស់ប្តូរមតិយោបល់ យ៉ាងស៊ីជម្រៅ ជាមួយអ្នកយោបាយបរទេសសំខាន់ៗជាច្រើនរូប ទើបមហាសន្និបាតនេះអាចឈានដល់ កិច្ចព្រមព្រៀងរួមបាន បែរជាកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងនាមជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនបំផុត ទី២ក្នុងពិភពលោក ប្រទេសអាមេរិកបានចាកចេញជាផ្លូវការ ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ ដែលកិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ដោយបន្តមរតកហ្សែនជាង២៥០០ឆ្នាំកន្លងមក ក្នុងកិច្ចគាំពារបរិស្ថានបញ្ញត្តិ«ប្រទេសចិន»ដែលជាស្មារតីគាំទ្រយ៉ាងមុតស្រួចដល់ ការការពារបរិស្ថានដែលបានចារឹក ក្នុងផែនការ៥ឆ្នាំលើកទី១៤ ប្រទេសចិនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងនាមជាគំរូ នៃសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ ដោយក្នុងនោះដោយមិនរាប់ពីផ្ទៃដីប្រមាណ ២៥%ដែលពោរពេញដោយដើមឈើ កិច្ចបង្កើនការផលិតរថយន្តអគ្គិសនីគឺជាមធ្យោបាយដ៏សំខាន់បំផុត។

កិច្ចខិតខំផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនមិនត្រឹមបានចូលរួម នៅក្នុងការបង្កើនផលិតផលប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលមានគុណភាពល្អនិងតម្លៃសមរម្យចូលក្នុង ទីផ្សារសកលប៉ុណ្ណោះ ថែមទាំងបានចូលរួមពង្រីកនិងពន្លាតការអភិវឌ្ឍសកលបៃតង និងការអភិវឌ្ឍនៃឧស្សាហកម្មនវានុវត្ត ទាន់យុគសម័យបច្ចេកវិទ្យាទំនើបទៀតផង ដូចការប្រកាសរបស់ក្រុមហ៊ុនចិន BYDដែលបានលក់រថយន្តអគ្គិសនីជាង៥២៦,០០០គ្រឿង នៅត្រីមាសទី៤នៃឆ្នាំ២០២៣ លើសពីចំនួនសរុបរបស់ក្រុមហ៊ុន Tesla ជាង៤៨៤,០០០គ្រឿង។ ការណ៍នេះត្រូវបានប្រទេសអាមេរិក យកជើងរាទឹកក្នុងពេលដែលខ្លួនកំពុងព្រួយបារម្ភថា ផលិតផលរបស់ខ្លួនកាន់តែច្រើនឡើងៗ មិនអាចរក្សាបាននូវឋានៈទីខ្ពស់នៃខ្សែសង្វាក់តម្លៃ ក្នុងពាណិជ្ជកម្មអន្តរជាតិ ដូចមានគូសបញ្ជាក់ដោយលោក John Ross អតីតនាយកទីភ្នាក់ងារគោលនយោបាយសេដ្ឋកិច្ច និងធុរកិច្ចទីក្រុងឡុងដ៍របស់អង់គ្លេស។

ដោយចាត់ទុកគុណតម្លៃនៃកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិជាកម្លាំងស្នូលដ៏សំខាន់ ប្រទេសចិនជំរុញឱ្យបង្កើតជា របៀបអភិវឌ្ឍបៃតង និងរបៀបរស់នៅបៃតង ដែលជាតម្រូវការចាំបាច់នៃគោលគំនិតអភិវឌ្ឍថ្មីរបស់មនុស្សជាតិ ហើយប្រទេសចិនតែងគិតគូរជាប់ជានិច្ច ដល់អរិយធម៌អេកូឡូស៊ី ដោយចិនបានអនុវត្តគោលនយោបាយជាតិ សន្សំសំចៃធនធាន និងផ្តល់អាទិភាពខ្ពស់ក្នុងការសន្សំសំចៃធនធាន ការពារបរិស្ថាន និងលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញដូចកិច្ចប្រឹងប្រែង បង្កើនបរិមាណរថយន្តអគ្គិសនី សម្រាប់បំពេញ មិនត្រឹមតែឱ្យបានទាន់តម្រូវការអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងជួយផ្តួចផ្តើម និងលើកទឹកចិត្ត ដល់ប្រទេសនានាចូលរួមក្នុងចរន្ត នៃកិច្ចគាំពារបរិស្ថានទៀតផង ដែលបានផ្តល់នូវតក្កភាពយ៉ាងត្រឹមត្រូវលើ ទស្សនៈមិនសមស្របនឹងពុទ្ធិខាងសេដ្ឋកិច្ចហើយក៏បានផ្ទុយពី និន្នាការអភិវឌ្ឍនៃសកលភាវូបនីយកម្ម របស់អ្នកនយោបាយមួយចំនួន របស់អាមេរិកដែលយល់ខុសទាំងស្រុង ដោយបានយកសមត្ថភាពផលិតកម្មទៅភ្ជាប់ជាមួយ ពាណិជ្ជកម្មអន្តរជាតិដោយយល់ទាំងខុសថា «ល្គឹកណាដែលផលិតផលត្រូវបាននាំចេញកាន់តែច្រើនឡើងៗ នោះគឺកើតមានបញ្ហាអតិរេកសមត្ថភាពផលិតកម្ម»។

ដោយបង្កើនពុទ្ធិនិងបទពិសោធន៍កាន់តែទូលំទូលាយដល់សហគមន៍អន្តរជាតិ អំពីការពារប្រព័ន្ធបរិស្ថានអេកូឡូស៊ី មានតម្លៃដូចជាកិច្ចការពារនេត្រារបស់ខ្លួន ប្រទេសចិនដែលកំពុងផ្តល់រស្មីដល់ទស្សនៈ «ទឹកស្អាត ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលជាទស្សនវិជ្ជាសកលក្នុងការជំរុញឲ្យមានតុល្យភាព រវាងកំណើនសេដ្ឋកិច្ចនិងការការពារបរិស្ថានអេកូឡូស៊ីក្នុង រយៈពេល១០ឆ្នាំកន្លងមកនេះ ហើយបៃតងភាពបាននិងកំពុងក្លាយជាមូលដ្ឋានដល់បច្ចេកវិទ្យា របស់ប្រទេសចិនដែលមិនបានអភិវឌ្ឍ ក្នុងរយៈពេលត្រឹមមួយថ្ងៃនោះទេ ហើយបែរជាត្រូវបានក្លាយជាគោលដៅនៃការវាយប្រហារ តាមរយៈការប្រើប្រាស់លេស ស្តីពី« សន្តិសុខជាតិ» ប្រទេសអាមេរិកបាននិងកំពុងបង្កើនល្បឿន ក្នុងការរារាំងដល់ការរីកចម្រើនរបស់បច្ចេកវិទ្យាចិន ដូចករណីរំខានដល់ការអភិវឌ្ឍបច្ចេកវិទ្យា ៥G របស់ក្រុមហ៊ុន Hauwei កាលពីចុងឆ្នាំ២០១៨ និងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សភាជាន់ទាបរបស់អាមេរិកនឹងហាមឃាត់ TikTok បណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយម។ នៅក្រោមលេសដូចគ្នានេះ រថយន្តអគ្គិសនីរបស់ចិនក៏ត្រូវបានរាប់ចូលទៅក្នុងស្ថានភាពដ៏អាប់អួរផងដែរ ហើយត្រូវបានលោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ថា៖ អ្វីដែលហៅថា «អតិរេកផលិតកម្មរថយន្តអគ្គិសនីរបស់ចិន បានវាយប្រហារទៅលើទីផ្សារសកល» ជាប្រធានបទពិភាក្សាគ្មានន័យ ហើយលោកសង្ឃឹមថា ប្រទេសពាក់ព័ន្ធអាចប្រកាន់អាកប្បកិរិយាបើកទូលាយ និងប្រកាន់ខ្ជាប់ការប្រកួតប្រជែងដោយយុត្តិធម៌។

ជារួម ប្រទេសចិននឹងមិនស្ទាក់ស្ទើរដើរលើមាគ៌ាតក្កភាពបែបវិទ្យាសាស្រ្ត ដើម្បីជំរុញល្បឿននៃអរិយធម៌អេកូឡូស៊ី តាមរយៈការបង្កើនសមត្ថភាព ក្នុងការផលិតរថយន្តអគ្គិសនីដោយផ្តោតទាំងលើ គុណភាពនិងបរិមាណប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបទាន់ពេលវេលាប្រកបដោយ ស័ក្តិសិទ្ធិភាពទៅលើការឃោសនាបំប៉ោងម្តងហើយម្តងទៀត ដោយមិនឈរលើគោលការណ៍វិទ្យាសាស្រ្តរបស់ប្រទេសអាមេរិក ស្តីពី «អតិរេកសមត្ថភាពផលិតកម្មរបស់ចិន»ដែលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ក្រឡែត ពីការផ្តួចផ្តើមរបស់ប្រទេសអាមេរិក ដើម្បីឱ្យ «ផលបូកស្មើសូន្យ» ក្នុងពេលដែលប្រទេសចិន មិនត្រឹមខំប្រឹងបង្កើន «កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ» និងពន្លាត «សុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ»ក្នុងផែនដីស្របតាមយុគសម័យប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលប្រយោជន៍មហិមាដល់មនុស្សជាតិទៀតផង៕

ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន