(ហ្គាហ្សា)៖ អ៊ីស្រាអែល ​កំពុង​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីស្រាអែល និង​មន្ត្រី​យោធា​របស់ខ្លួន ទាក់ទង​នឹង​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ជាមួយ​ក្រុម​ហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

តុលា ICC កំពុងស៊ើបអង្កេតទាំងការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាស និងការឆ្លើយតបផ្នែកយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលបានបន្តអស់រយៈពេលប្រាំពីរខែ។

ជាការឆ្លើយតបទៅនឹងរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលដែលថា តុលាការ ICC អាចនឹងចេញដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងយោធាអ៊ីស្រាអែលនាពេលឆាប់ៗនេះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Katz កាលពីថ្ងៃអាទិត្យ បានក្រើនរំលឹកដល់ស្ថានទូតអ៊ីស្រាអែល ឱ្យពង្រឹងសន្តិសុខរបស់ពួកគេ ដោយព្រមានពីហានិភ័យនៃ «រលកនៃការប្រឆាំងសាសនាដ៏ធ្ងន់ធ្ងរ»។

លោក Katz បាននិយាយថា «យើងរំពឹងថាតុលាការ (ICC) នឹងបដិសេធមិនចេញដីកាចាប់ខ្លួន ប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ផ្នែកនយោបាយ និងសន្តិសុខអ៊ីស្រាអែលទេ»។ ប៉ុន្តែលោក​បាន​បន្ថែម​ថា «យើង​នឹង​មិន​ឱន​ក្បាល​ទេ យើង​នឹង​មិន​ត្រូវ​បាន​រារាំង​ទេ ហើយ​យើង​នឹង​បន្ត​ប្រយុទ្ធ»

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃសុក្រថា ការសម្រេចចិត្តណាមួយរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នឹងមិនប៉ះពាល់ដល់សកម្មភាពរបស់អ៊ីស្រាអែលទេ ប៉ុន្តែនឹងកំណត់ជាគំរូដ៏គ្រោះថ្នាក់មួយ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា មន្ត្រីអ៊ីស្រាអែលមានការព្រួយបារម្ភថា តុលាការអាចនឹងចេញដីកាចាប់ខ្លួនលោក Netanyahu និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ជុំវិញការចោទប្រកាន់ថាបានរំលោភច្បាប់មនុស្សធម៌អន្តរជាតិនៅក្នុងតំបន់ហ្គាហ្សា។

ប្រភពដដែលក៏បានឱ្យដឹងដែរថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏កំពុងពិចារណាចេញដីកាចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាស់ផងដែរ។

គួរជម្រាបថា អ៊ីស្រាអែលមិនមែនជាសមាជិករបស់តុលាការនេះទ ហើយមិនទទួលស្គាល់យុត្តាធិការរបស់វាដែរ ប៉ុន្តែទឹកដីប៉ាឡេស្ទីនត្រូវបានទទួលយកជារដ្ឋសមាជិកក្នុងឆ្នាំ ២០១៥ ។ កាលពីខែតុលា រដ្ឋអាជ្ញា ICC លោក Karim Khan បាននិយាយថា តុលាការមានយុត្តាធិការលើឧក្រិដ្ឋកម្មសង្គ្រាម ដែលអាចកើតមានដោយពួកយុទ្ធជនហាម៉ាសនៅអ៊ីស្រាអែល និងកងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប៕