(ហ្សឺណែវ)៖ ក្រុមតាលីបង់ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ត្រូវប្រឈមនឹងការរិះគន់ជុំវិញកំណត់ត្រាសិទ្ធិមនុស្ស នៅឯកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ (UN) នាថ្ងៃចន្ទនេះ ដោយទីក្រុងវ៉ាស៉ីនតោនចោទប្រកាន់ពួកគេថា បានបិទសិទ្ធិស្ត្រី និងក្មេងស្រីមានលក្ខណៈជាប្រព័ន្ធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ ២០២៤។

ដោយសារតែអន្តរជាតិមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថាន នឹងត្រូវបានតំណាងដោយឯកអគ្គរដ្ឋទូតនៃរដ្ឋាភិបាលមុន គាំទ្រដោយសហរដ្ឋអាមេរិក និងដែលតាលីបង់បានបណ្តេញចេញ កាលពីឆ្នាំ ២០២១។ បណ្តុំសំនួរដែលមានចងក្រងក្នុងឯកសាររបស់ UN មុនការពិនិត្យឡើងវិញ សហរដ្ឋអាមេរិក បានចោទសួរថា តើអាជ្ញាធរនឹងចាប់ខ្កួនជនល្មើស ឱ្យមកទទួលខុសត្រូវចំពោះការរំលោភលើ ជនស៉ីវិល ជាពិសេសស្ត្រី និងកុមារីដែលកំពុងត្រូវបានដកហូតសិទ្ធិជាប្រព័ន្ធនោះ យ៉ាងដូចម្តេច? ក្រៅពីនេះ បានអំពាវនាវឱ្យ មានការលើកកម្ពស់ សិទ្ធិរបស់អ្នកស្រលាញ់ភេទដូចគ្នា ដោយកត់សម្គាល់ពីការកើនឡើងនៃការគំរាមកំហែង និងការរំលោភបំពាន ក្រោយពេលដែលក្រុមតាលីបង់ មកគ្រប់គ្រងអាហ្វហ្កានីស្ថានសាជាថ្មី។ ចក្រភពអង់គ្លេស និង​បែលហ្ស៉ិក ក៏​បានលើក​ជា​សំណួរ​អំពី​ការ​ប្រព្រឹត្ត​របស់ក្រុមតាលីបង់​ចំពោះ​ស្ត្រីនេះដែរ។ សរុបមក មានប្រទេសចំនួន ៧៦ ស្នើឱ្យមានកិច្ចប្រជុំនេះ។ នៅក្រោមប្រព័ន្ធរបស់ UN កំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនានា ស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស រួចដាក់ចេញនូវអនុសាសន៍ជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ចាប់តាំងពីក្រុមតាលីបង់មកគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានជាថ្មី មានសេចក្តីរាយការណ៍ថា ក្មេងស្រីភាគច្រើន ត្រូវហាមឃាត់ពីការចូលរៀននៅវិទ្យាល័យ និងស្ត្រីពីសាកលវិទ្យាល័យ។ ក្រុមលីបង់ ក៏បានបញ្ឈប់បុគ្គលិកស្រ្តីអាហ្វហ្គានីស្ថានភាគច្រើន មិនឱ្យទៅធ្វើការនៅភ្នាក់ងារផ្តល់ជំនួយ បិទហាងកែសម្ផស្ស រារាំងស្ត្រីពីការទៅកម្សាន្តនៅតាមសួនច្បារ និងកាត់បន្ថយការធ្វើដំណើរ សម្រាប់ស្ត្រី ក្នុងករណីដែលគ្មានអាណាព្យាបាលបុរស។ ប៉ុន្តែក្រុមតាលីបង់ថា ពួកគេអនុវត្តការគោរពសិទ្ធិតាម ការបកស្រាយរបស់ច្បាប់ឥស្លាម៕