(បានដាស៊េរីបេហ្កាវ៉ាន់)៖ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ (Haji Hassanal Bolkiah) ព្រះមហាក្សត្រ នៃប្រទេសព្រុយណេ ដារូសាឡឹម នឹងយាងមក កម្ពុជានៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ។

ប្រសូត្រនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៤៦ និងជាព្រះបុត្រច្បងរបស់អតីតព្រះចៅស៊ុលតង់ Haji Omar Ali Saifuddin III ព្រះអង្គ Hassanal Bolkiah គឺជាព្រះចៅស៊ុលតង់ព្រុយណេទី២៩។ នៅឆ្នាំ​១៩៦១ ព្រះអង្គត្រូវបានព្រះបិតាតែងតាំងជារជ្ជទាយាទ ហើយនៅពេលព្រះចៅស៊ុលតង់ Omar ដាក់រាជ្យនៅរយៈពេល ៦ឆ្នាំ ក្រោយមក ទ្រង់ក៏បានក្លាយជាព្រះចៅស៊ុលតង់ថ្មី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៦៧ ហើយពិធីឡើងគ្រងរាជសម្បត្តិផ្លូវការ ត្រូវបានប្រារព្ធនៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៦៨។

ព្រះចៅស៊ុលតង់ Hassanal Bolkiah បានរៀបអភិសេកជាមួយមហេសីទី១ ព្រះនាម Anak Hajjah Saleha ដែលត្រូវជាបងប្អូនជីដូនមួយ នៅឆ្នាំ១៩៦៥ ក្នុងព្រះជន្ម ១៩ព្រះវស្សា។ នៅឆ្នាំ១៩៨១ ព្រះអង្គបានរៀបអភិសេក ជាមួយមហេសីទី២ ព្រះនាម Hajah Mariam ដែលជាអ្នកបម្រើការលើយន្តហោះ ប៉ុន្តែបានចែកផ្លូវគ្នាវិញ នៅឆ្នាំ២០០៣។ ក្រោយមក នៅឆ្នាំ២០០៥ ទ្រង់បានរៀបអភិសេក ជាមួយមហេសីមួយអង្គទៀត ព្រះនាម Azrinaz Mazhar Hakim ដែលជាពិធីការនីទូរទស្សន៍ ជនជាតិម៉ាឡេស៉ី និងមានអាយុតិចជាង​ទ្រង់៣៣ឆ្នាំ។ យ៉ាងណាមិញ ព្រះអង្គបានលាលែងជាមួយមហេសីទី៣នេះវិញ នៅឆ្នាំ២០១០។ ជាមួយមហេសីទាំង៣អង្គ ព្រះចៅស៊ុលតង់ Bolkiah មានព្រះបុត្រាសរុប៥អង្គ និងព្រះបុត្រីសរុប៧អង្គ ប៉ុន្តែព្រះបុត្រាមួយអង្គ ព្រះនាម Abdul Azim បានសោយទិវង្គត នៅព្រះជន្ម៣៨ព្រះវស្សា កាលពីឆ្នាំ២០២០។ ព្រះបុត្រាច្បងបំផុតរបស់ទ្រង់ ព្រះអង្គម្ចាស់ Al-Muhtadee Billah គឺជាព្រះរជ្ជទាយាទ។

ដើម្បីអបអរប្រទេសព្រុយណេ ទទួលបានឯករាជ្យជាផ្លូវការពីចក្រភពអង់គ្លេស កាលពី១៩៨៤ ព្រះចៅស៊ុលតង់អង្គរនេះ បានចេញព្រះរាជបញ្ជា ឱ្យកសាងព្រះរាជវាំង Istana Nurul Iman មានតម្លៃ៦០០លានដុល្លារ ដែលជាប់ឈ្មោះជាព្រះរាជវាំងធំបំផុតលើពិភពលោក។ ព្រះអង្គត្រូវគេស្គាល់ជាពិសេសថា ស្រឡាញ់ចូលចិត្តរថយន្ត ប្រណិតៗ។ បើតាមសេចក្តីរាយការណ៍ព័ត៌មាន ទ្រង់មានរថយន្តតម្លៃខ្ពស់ៗ​កប់ពពកសរុបរាប់រយគ្រឿង ដែលភាគច្រើនជារថយន្តស៊េរី Rolls-Royce។ ដោយសារតែ ធនធានប្រេង-ឧស្ម័នដ៏ធំសម្បើមព្រុយណេ ព្រះអង្គ Bolkiah តែងតែលេចព្រះនាមជាប្រចាំ នៅឯចំណាត់ថ្នាក់កំពូល ឬក្បែរចំណាត់ថ្នាក់កំពូល នៃបុគ្គលមានទ្រព្យសម្បត្តិ ច្រើនជាងគេ លើពិភពលោកលោក កាលពីចន្លោះទសវត្សរ៍ឆ្នាំ១៩៨០-១៩៩០។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ ព្រះចៅស៊ុលតង់ Hassanal Bolkiah ត្រូវគេជឿជាក់ថា មានទ្រព្យសម្បត្តិសរុបប្រហែល ៣០ពាន់លានដុល្លារ។ ទ្រង់ជាប់កំណត់ត្រា ជាព្រះមហាក្សត្រ ដែលគ្រងរាជ្យបានយូរជាងគេបង្អស់ និងជាប្រមុខរដ្ឋកាន់អំណាច​យូរបំផុត៕