(ហាណូយ)៖ គណបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសឱ្យដឹងថា ប្រធានសភានៃប្រទេសវៀតណាម បានសម្រេចលាលែងពីតួនាទី ក្រោមហេតុផល ដោយសារតែបានប្រព្រឹត្តកំហុស និងអសមត្ថភាព ខណៈនេះគឺជាសញ្ញាថ្មីមួយទៀត បង្ហាញឱ្យឃើញពីភាពវឹកវរផ្នែកនយោបាយរបស់ប្រទេសអាស៊ានមួយនេះ ដ្បិតប្រធានាធិបតីវៀតណាម ទើបតែត្រូវបានដកតំណែងកាលពីខែមីនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤។

ប្រធានសភាវៀតណាម លោក Vuong Dinh Hue កន្លងមក ត្រូវគេមើលឃើញថា អាចជាបេក្ខជនបន្តវេនជា អគ្គលេខាធិការរបស់​គណបក្សកុម្មុយនិស្តវៀតណាម ដែលជាតំណែងមានអំណាចធំបំផុត។ តួនាទីរបស់លោកជាប្រធានសភា ត្រូវបានចែងថាស្ថិតក្នុងចំណោម «សសរស្តម្ភ» ទាំង៤នៃថ្នាក់ដឹកវៀតណាម។ ក្នុងសេចក្តីថ្លែងការណ៍ប្រកាសពីការលាលែងរបស់លោក Vuong គណបក្សកុម្មុយនិស្តវៀតណាម បាននិយាយថា «ការប្រព្រឹត្តខុសឆ្គង និងការខ្វះសមត្ថភាព របស់សមមិត្ត Vuong Dinh Hue បានធ្វើឱ្យសាធារណមតិមានភាពអវិជ្ជមាន ហើយប៉ះពាល់ដល់មុខមាត់របស់បក្ស របស់ប្រទេស ក៏ដូចជារបស់ខ្លួនលោកផ្ទាល់»។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃកន្លងទៅ មានសេចក្តីប្រកាសអំពីការចាប់ខ្លួន ជំនួយការលោកម្នាក់ ពាក់ព័ន្ធការស៉ើបអង្កេតអំពើពុករលួយ លើក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធមួយ។ ការលាលែងពីតំណែងរបស់លោក Vuong នេះទៀតសោត កើតមានឡើង ក្រោយកាលពីខែមីនាកន្លងទៅ លោក Vo Van Thuong ត្រូវបានបង្ខំឱ្យលាលែងពីតំណែងជាប្រធានាធិបតី ក្រោមហេតុផលស្រដៀងគ្នា។ លោក Thuong គឺជា​ប្រធានាធិបតីវៀតណាមទី២ ដែលបានចុះចេញពីតួនាទី ក្នុងរយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។ មកទល់ពេលនេះ បក្សកុម្មុយនិស្តវៀតណាម មិនទាន់តែងតាំងប្រធានាធិបតីថ្មី នៅឡើយទេ៕