(អ៉ីស្លាម៉ាបាដ)៖ លោកនាយករដ្ឋមន្រ្តី Shehbaz Sharif បាននិយាយនៅថ្ងៃសុក្រនេះថា សូចនាករសេដ្ឋកិច្ចប៉ាគីស្ថាន កំពុងបង្ហាញសញ្ញាវិជ្ជមាន ជាមួយនិងរបៀបវារៈនៃការធ្វើកំណែទម្រង់ និងដំណើរការធ្វើឯកជនភាវូបនីយកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤។

ការបញ្ជាក់ខាងលើនេះ ធ្វើឡើងនៅមុនពេលមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុ (IMF) ដើម្បីសម្រេចលើការផ្តល់មូនិធិចំនួន ១.១ពាន់លានដុល្លារដល់ប៉ាគីស្ថាន។ ក្នុងសុន្ទរកថាទៅកាន់គណៈរដ្ឋមន្រ្តី ផ្សាយផ្ទាល់តាមទូរទស្សន៍ លោកនាយករដ្ឋមន្រ្តី Sharif បានឱ្យដឹងថា ការនាំចេញ និងការផ្ទេរប្រាក់មានការកើនឡើង ក្នុងរយៈពេលមួយខែកន្លះនៃរដ្ឋាភិបាលរបស់លោក។

ដោយសារតែភាពរុំារៃនៃវិបត្តិទូរទាត់ប្រាក់ ប៉ាគីស្ថាន ត្រូវការសងបំណុល និងបង់ការប្រាក់ចំនួន ២៤ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ចាប់ពីថ្ងៃទី១ ខែកក្កដា ខណៈចំនួននេះគឺច្រើនជាង ៣ដងនៃទុនបម្រុងដែលមានក្នុងធនាគារកណ្តាល។ បើតាមលោក Sharif «វាមិនគ្រាន់តែត្រូវការថ្នាំផ្សះមកព្យាបាលទេ តែវាត្រូវការការវះកាត់»

គួរបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលរបស់ IMF នឹងជួបប្រជុំនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីសម្រេចទៅលើការផ្តល់ថវិកាឧបត្ថម្ភលើកទីពីរ និងចុងក្រោយនៃថវិកាដែលពន្យារពេលយូមកហើយចំនួន ៣ពាន់លានដុល្លារ ដែលប៉ាគីស្ថានត្រូវផ្តល់ការធានា ថាមិនមានការបំពានលើអធិបតេយ្យភាព របស់ប្រទេស៕