(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឱ្យមានការពង្រឹងកងកម្លាំងការពារជាតិរបស់សហភាពអឺរ៉ុប ក្នុងសុន្ទរកថាស្តីពីចក្ខុវិស័យរបស់លោក សម្រាប់សហភាពអឺរ៉ុបនៅលើឆាកពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤។

ក្នុងសុន្ទរកថារយៈពេលជិត ២ម៉ោង នៅឯសាកលវិទ្យាល័យ Sorbonne ទីក្រុងប៉ារីស លោក Macron បានគូសបញ្ជាក់ថា «មានហានិភ័យដែលអាចឱ្យអឺរ៉ុបស្លាប់។ យើងមិនទាន់មានការបំពាក់អាវុធ ដើម្បីប្រឈមមុខនឹងហានិភ័យនោះទេ»។ លោក Macron បានព្រមានថា «សម្ពាធផ្នែកយោធា សេដ្ឋកិច្ច និងផ្សេងៗទៀត អាចធ្វើឱ្យចុះខ្សោយ និងធ្វើឱ្យសហភាពអឺរ៉ុបមាន ២៧ប្រទេសបែកបាក់»

លោក Macron បានន្ថែមថា រុស្ស៉ី នឹងមិនត្រូវបានអនុញ្ញាតឱ្យឈ្នះសង្រ្គាមអ៊ុយក្រែនឡើយ ដូច្នេះអំពាវនាវឱ្យមានការបង្កើនសមត្ថភាព សន្តិសុខតាមអ៉ីនធឺណិតរបស់អឺរ៉ុប ទំនាក់ទំនងផ្នែកការពារជាតិកាន់តែជិតស្និទ្ធ ជាមួយចក្រភពអង់គ្លេសក្រោយ Brexit និងការបង្កើតសាលាអឺរ៉ុបដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាជាន់ខ្ពស់។ ទន្ទឹមនេះ សហភាពអឺរ៉ុប ក៏គួរតែផ្តោតលើការទិញសម្ភារៈ ដើម្បីបំពាក់ឱ្យយោធាផងដែរ។

គួរបញ្ជាក់ថា លោក Macron បានអំពាវនាវជាយូរមកហើយសម្រាប់ «ស្វ័យភាពជាយុទ្ធសាស្រ្ត» របស់អឺរ៉ុប ដែលពាក់ព័ន្ធនឹងការពឹងផ្អែកតិចលើសហរដ្ឋអាមេរិក និងជាគោលជំហរមួយដែលទទួលបានការគាំទ្រជាងមុន ចំពោះមុខលទ្ធភាពនៃការវិលត្រលប់របស់ លោក Donald Trump ទៅកាន់សេតវិមានសាជាថ្មី៕