(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល បានបង្កើនការវាយប្រហារតាមផ្លូវអាកាសពេញមួយយប់ ទៅលើទីក្រុង Rafah បន្ទាប់ពីទើបនឹងបានប្រកាសអំពីការត្រៀមជម្លៀសជនស៉ីវិល ចេញពីទីក្រុងភាគខាងត្បូងនៃតំបន់ហ្គាហ្សាមួយនេះ ដើម្បីត្រៀមវាយលុកជើងគោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤។

ក្រុមគ្រូពេទ្យ បានរាយការណ៍ពីការវាយប្រហារតាមអាកាស ៥លើករបស់អ៉ីស្រាអែលលើទីក្រុង Rafah កាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយត្រូវចំផ្ទះ ៣ខ្នងបណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ រួមទាំងអ្នកកាសែតក្នុងស្រុកម្នាក់ផងដែរ។ លោក Ibrahim Khraishi ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ Reuters ថា «យើងមានការភិតភ័យ ចំពោះអ្វីដែលបានកើតឡើងនៅ Rafah ហើយការប្រកាសអាសន្នស្ថិតក្នុងកម្រិតខ្ពស់។ អ្នកខ្លះកំពុងរកផ្លូវចេញ ដោយសារតែភ័យខ្លាចមានអ្វីកើតឡើងចំពោះក្រុមគ្រួសាររបស់ខ្លួន ប៉ុន្តែតើពួកគេត្រូវទៅណា? ពួកគេមិនត្រូវបានអនុញ្ញាតឱ្យទៅកាន់ភាគជើងវិញទេ ព្រោះកន្លែងដែលអាចរស់នៅបាននៅសល់ទំហំតូចពេក»

គួរបញ្ជាក់ថា ជិត ៧ខែនៃការវាយប្រហារតាមផ្លូវអាកាស និងជើងគោក កងកម្លាំងអ៉ីស្រាអែល ក៏បានបន្តការទម្លាក់គ្រាប់បែកលើតំបន់ភាគខាងជើង ភាគកណ្តាល និងតំបន់ភាគត្បូងនៃទីក្រុង Khan Younis ដែលស្ថិតនៅភាគខាងកើតនៃតំបន់ហ្គាហ្សា ក្នុងគោលដៅលុបបំបាត់ក្រុមហាម៉ាសឱ្យអស់៕