(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី២៦ ខែមេសានេះ បានរាយការណ៍ថាមេដឹកនាំលោក គីម ជុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានដឹកនាំការធ្វើតេស្ដបាញ់ប្រព័ន្ធគ្រាប់រ៉ុក្កែតចម្រុះ ២៤០មីលីម៉ែត្រ ដែលផលិតដោយអង្គភាពយោធាថ្មីមួយទើបតែបង្កើតឡើង។ នេះបើតាមការដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្ដីរាយការណ៍របស់ KCNA មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមពីអង្គភាពយោធាខាងលើដែលទទួលបន្ទុកផលិតកំាភ្លើងធំដែរនោះទេ។ កូរ៉េខាងជើងត្រូវបានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចោទប្រកាន់ថាកំពុងបង្កើនការផលិតគ្រាប់កំាភ្លើងធំ សម្រាប់ផ្គត់ផ្គង់ឱ្យរុស្ស៉ី។ ប៉ុន្តែទាំងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានច្រានចោលការចោទប្រកាន់បែបនេះ។

តាម KCNA លោក គីម ជុងអ៊ុន បាននិយាយថាប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ២៤០មីលីម៉ែត្រ ដែលមានបំពាក់បច្ចេកវិទ្យាទំនើប នឹងនាំមកនូវការផ្លាស់ប្ដូរយុទ្ធសាស្ត្រមួយ នៅក្នុងការពង្រឹងសមត្ថភាពកងកម្លាំងកាំភ្លើងធំរបស់កូរ៉េខាងជើង។ ក្នុងសេចក្ដីរាយការណ៍ដាច់ដោយឡែកមួយ ប្រព័ន្ធផ្សព្វផ្សាយរូបនេះបានឱ្យដឹងថាលោក គីម ជុងអ៊ុន ក៏បានបំពេញទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យយោធាគីម អ៊ីលស៊ុង (Kim Il Sung) ផងដែរ៕