(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃបានចេញសារព្រមានថ្មីទៀត ស្តីអំពីអាកាសធាតុឡើងក្តៅខ្លាំង ស្របពេលដែលរដ្ឋាភិបាលថៃ បានកត់ត្រាឃើញថា មនុស្សយ៉ាងហោច ៣០នាក់ហើយ បានបាត់បង់ជីវិត ដោយសារតែកម្តៅក្តៅខ្លាំង នៅក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។

អាជ្ញាធរនៃរដ្ឋបាលទីក្រុងបាងកក បានចេញការព្រមានអំពីកម្តៅអាកាសធាតុក្តៅខ្លាំងនេះ ស្របពេលដែលសន្ទស្សន៍កម្តៅ ត្រូវបានរំពឹងថា នឹងកើនលើស៥២អង្សាសេ ខណៈសីតុណ្ហភាពនៅក្នុងរាជធានីនៃប្រទេសថៃ បានស្ថិតក្នុងកម្រិត៤០.១អង្សាសេ កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយកម្រិតប្រហាក់ប្រហែលគ្នា ត្រូវបានព្យាករសម្រាប់ ថ្ងៃព្រហស្បតិ៍នេះ។ សន្ទស្សន៍កម្តៅ គឺជាការវាស់ស្ទង់សីតុណ្ហភាព ដោយគិតបញ្ចូល​ទាំងភាពសំណើម ល្បឿនខ្យល់ និងកត្តាមួយចំនួនផ្សេងទៀត ដោយមន្ទីរបរិស្ថានរបស់ទីក្រុងបាងកក បានព្រមានថា វាកំពុងស្ថិតក្នុងកម្រិត​គ្រោះថ្នាក់ខ្លាំង។ បើតាមការឱ្យដឹងពីក្រសួងសុខាភិបាលថៃ កាលពីយប់ថ្ងៃពុធ មនុស្សសរុបយ៉ាងហោច៣០នាក់ហើយ បានស្លាប់ដោយសារអាការៈ heatstroke ដែលជាការសន្លប់ក្រោយខ្លួនប្រាណយើង គ្រប់គ្រងសីតុណ្ហភាពលែងបាន ព្រោះក្តៅខ្លាំងពេក កាលពីចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ធៀបនឹងពេញមួយឆ្នាំ២០២៣ ដែលមាន​អ្នកស្លាប់ត្រឹម៣៧នាក់។

គួរបញ្ជាក់ថា ខែមេសា ជាទូទៅគឺជាពេលដែលមានអាកាសធាតុក្តៅជាងគេប្រចាំឆ្នាំ មិនថានៅប្រទេសថៃ ឬក៏ប្រទេសដទៃទៀតនៅក្នុង​តំបន់អាស៉ីអាគ្នេយ៍នោះទេ។ យ៉ាងណាមិញ ស្ថានភាពសីតុណ្ហភាពនៅក្នុងឆ្នាំនេះ គឺបានទទួលរងឥទ្ធិពលខ្លាំង ដោយសារបាតុភូធាតុអាកាស El Nino។ កាលពីឆ្នាំ២០២៣ គេសង្កេតឃើញមានការកើនឡើងកម្តៅ ក្នុងកម្រិតបំបែកកំណត់ត្រា នៅទូទាំងសកលលោក ដោយទីភ្នាក់ងារ​ឧតុនិយមនិងអាកាសធាតុ របស់អង្គការសហប្រជាជាតិ បាននិយាយថា តំបន់អាស៉ីកំពុងកើនឡើងកម្តៅ យ៉ាងឆាប់រហ័សជាពិសេស៕