(តៃប៉ិ)៖ មេដឹកនាំជាប់ឆ្នោតតៃវ៉ាន់ លោក Lai Ching-te នាថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា ចិនគួរតែមានភាពជឿជាក់ ក្នុងការសន្ទនាគ្នាជាមួយ រដ្ឋាភិបាលដែលជាប់ឆ្នោតដោយស្របច្បាប់របស់តៃវ៉ាន់ ក្នុងឱកាសដែលរូបលោកប្រកាសជាផ្លូវការ អំពីសមាសភាពនៃគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក មុនពេលឡើងកាន់តំណែង នាខែក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។

លោក Lai បាននិយាយដូច្នេះថា «ខ្ញុំទន្ទឹងរង់ចាំខ្លាំងណាស់ចំពោះ ពេលដែលចិនមានភាពជឿជាក់គ្រប់គ្រាន់ ដើម្បីធ្វើប្រាស័យទាក់ទង ជាមួយរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់ ដែលទទួលបានទំនុកចិត្តពីប្រជាជនតៃវ៉ាន់ ដ្បិតវាគឺជាមធ្យោបាយដ៏ត្រឹមត្រូវ សម្រាប់ការទាក់ទងគ្នា​រវាងត្រើយទាំងសងខាង នៃចក្រសមុទ្រតៃវ៉ាន់»។ អនាគតមេដឹកនាំតៃវ៉ាន់ថ្មីរូបនេះ បានបន្តថា ទីក្រុងប៉េកាំងនឹងមិនទទួលបានការគាំទ្រ​ពីសាធារណជនតៃវ៉ាន់ឡើយ ប្រសិនបើមានឆន្ទៈធ្វើប្រាស្រ័យទាក់ទង តែជាមួយបក្សប្រឆាំងតៃវ៉ាន់ ដោយភ្ជាប់ជាមួយនូវបុរេលក្ខខណ្ឌនយោបាយ។ ការលើកឡើងនេះរបស់លោក Lai ហាក់ចង់សំដៅលើបក្សប្រឆាំងតៃវ៉ាន់ធំជាងគេ Kuomintang (KMT) ដែលមួយរយៈចុងក្រោយ បានបញ្ជូន​ថ្នាក់ដឹកនាំជាន់ខ្ពស់​របស់ខ្លួន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ជាញឹកញាប់។

គួរបញ្ជាក់ថា ទោះបីមានរដ្ឋាភិបាលដាច់ដោយឡែកក៏ដោយ តៃវ៉ាន់ត្រូវទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បានឡើយ នៃទឹកដី​របស់ប្រទេសចិន។ អំឡុងពេលប្រមាណ ៤ឆ្នាំមកនេះ ចិនបានបង្កើនការដាក់សម្ពាធជាខ្លាំង ទាំងផ្នែកនយោបាយនិងយោធាមកលើតៃវ៉ាន់។ លោក Lai ដែលបានឈ្នះការបោះឆ្នោតរើសមេដឹកនាំតៃវ៉ាន់ថ្មី កាលពីខែមករា ដើមឆ្នាំនេះ ហើយនឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែឧសភា បន្តពីលោកស្រី Tsai Ing-wen ដែលជាមេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន គឺត្រូវបានចិនចាត់ទុកជា បុគ្គលមាននិន្នាការចង់បំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់៕