(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល បានឱ្យដឹងនៅថ្ងៃពុធនេះថា ការអនុម័តរបស់ព្រឹទ្ធសភាអាមេរិក នូវកញ្ចប់ជំនួយយោធាតម្លៃ ១៣ពាន់លានដុល្លារ ជាការបញ្ជូនសារយ៉ាងរឹងមាំទៅកាន់សត្រូវ ចំពេលដែលការវាយលុកលើតំបន់ហ្គាហ្សា ក្នុងសង្គ្រាមប្រឆាំង ក្រុមហាម៉ាសកាន់ឈានទៅមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Israel Katz បានអរគុណដល់ព្រឹទ្ធសភាអាមេរិក ដោយបង្ហោះសារមួយលើបណ្តាញសង្គម X ថា «ជំនួយយោធាសម្រាប់អ៉ីស្រាអែល ដែលឥឡូវនេះទទួលបានការអនុម័តពីសភាទាំងពីរ គឺជាសក្ខីភាពយ៉ាងច្បាស់ចំពោះ ភាពរឹងមាំនៃសម្ព័ន្ធភាពរបស់យើង ហើយបានផ្ញើសារដ៏រឹងមាំទៅកាន់សត្រូវទាំងអស់របស់យើង»

ការភ័យខ្លាចកំពុងកើនឡើងថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu នឹងធ្វើតាមការគំរាមម្តងហើយ ម្តងទៀតរបស់លោក ជុំវិញលទ្ធភាពបញ្ជូនកងទ័ពវាយលុកចូលទីក្រុង Rafah ដែលស្ថិតនៅខាងត្បូងតំបន់ហ្គាហ្សា និងជាជម្រកសម្រាប់ ជនភៀសខ្លួន ១.៥លាននាក់។ ស្របពេល អ៉ីស្រាអែលថា Rafah គឺជាទីតាំងធំចុងក្រោយបង្អស់របស់ក្រុមហាម៉ាស ក្រុមផ្តល់ជំនួយ ក៏បានព្រមានដែរថា ការវាយលុកជើងគោកចូលក្នុងទីក្រុងមួយនេះ នឹងនាំទៅរកស្ថានភាពដ៏អាក្រក់បំផុត។

គួរបញ្ជាក់ថា បើតាមមន្ទីរពេទ្យ និងប្រភពសន្តិសុខក្នុងតំបន់ហ្គាហ្សា នៅព្រឹកថ្ងៃពុធ មានការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល លើទីក្រុង Rafah ក៏ដូចជាជំរំជនភៀសខ្លួន Nuseirat ដែលស្ថិតនៅភាគកណ្តាល៕