(ហ្សាការតា)៖ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសឥណ្ឌូណេស៉ី នាថ្ងៃពុធនេះ បានប្រកាសជាផ្លូវការថា លោក Prabowo Subianto នឹងជាប្រធានាធិតីថ្មី នៃប្រទេសប្រជាធិបតេយ្យធំជាងគេលំដាប់ទី៣មួយនេះ បន្ទាប់ពីតុលាការធម្មនុញ្ញឥណ្ឌូណេស៉ី ក្នុងសប្តាហ៍នេះ បានច្រានចោលការតវ៉ាចំពោះជ័យជម្នះរបស់លោក នៅក្នុងការបោះឆ្នោតកាលពីខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី លោក Prabowo ដែលមានវ័យ៧២ឆ្នាំ នឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅខែតុលា ឆ្នាំនេះ បន្តពីប្រធានាធីបតីចាំផ្ទះ លោក Joko Widodo ហៅ Jokowi។ លោក Prabowo បានសម្រេចជោគជ័យនេះ គឺនៅលើកទី៣ ក្នុងការឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី។

ប្រធានគណៈកម្មការបោះឆ្នោតឥណ្ឌូណេស៉ី (KPU) លោក Hasyim Asy'ari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «KPU ទទួលស្គាល់ បេក្ខជនប្រធានាធិបតី និងបេក្ខជនអនុប្រធានាធិបតី គឺលោក Prabowo Subianto និងលោក Gibran Rakabuming Raka ជាបេក្ខជនប្រធានាធីបតី និងបេក្ខជនអនុប្រធានាធីបតី ដែលជាប់ឆ្នោត»

បេក្ខជនដែលជាគូប្រជែងរបស់លោក នៅក្នុងការបោះឆ្នោត គឺលោក Anies Baswedan និង លោក Ganjar Pranowo បានដាក់ពាក្យតវ៉ា ទៅកាន់តុលាការធម្មនុញ្ញ ដើម្បីទាមទារឱ្យមាន ការរៀបចំបោះឆ្នោតប្រធានាធិបតីសាជាថ្មីឡើងវិញ ដោយចោទប្រកាន់ថា មានការជ្រៀតជ្រែកពីរដ្ឋាភិបាលលោក Jokowi និងការកែប្រែក្បួនច្បាប់ ដែលបានជួយយុទ្ធនាការបោះឆ្នោតរបស់លោក Prabowo។ បេក្ខជនអនុប្រធានាធិបតីជាប់ឆ្នោត លោក Gibran អាយុ៣៦ឆ្នាំ គឺត្រូវជាកូនប្រុសច្បងរបស់លោក Jokowi។

លោក Jokowi បានរងការចោទប្រកាន់ថា កែប្រែកួនច្បាប់ដើម្បីឱ្យកូនប្រុសខ្លួន ឈរឈ្មោះជាអនុប្រធានាធីបតីរបស់លោក Prabowo។ ប៉ុន្មានខែក្រោយការចូលរួមពីលោក Gibran សំឡេងគាំទ្ររបស់លោក Prabowo ត្រូវគេសង្កេតឃើញថា បានស្ទុះឡើងយ៉ាងខ្ពស់ នៅក្នុងការស្ទង់មតិជាបន្តបន្ទាប់។ រហូតដល់ពេលបោះឆ្នោតផ្លូវការ កាលពីថ្ងៃទី១៤ ខែកុម្ភៈ លទ្ធផលបានបង្ហាញថា លោក Prabowo បានឈ្នះសំឡេងគាំទ្ររហូតដល់ជិត៦០ភាគរយ ដែលប្រការនេះពុំចាំបាច់ត្រូវបោះឆ្នោតជុំទី២ នោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ តុលាការធម្មនុញ្ញឥណ្ឌូណេស៉ី បានសម្រេចច្រានចោលការតវ៉ារបស់លោក Anies និងលោក Ganjar ដោយនិយាយថា មិនមានភស្តុតាងជាក់ស្តែង នៃការប្រកាន់គោលការណ៍បក្ខពួកនិយម ឬក៏ការជ្រៀតជ្រែកពីរដ្ឋាភិបាលឡើយ នៅក្នុងការបោះឆ្នោតប្រធានាធិបតី៕