(វ៉ាស៊ីនតោន)៖ អំឡុងថ្លែងសុន្ទរកថាអបអរឆ្នាំសកល ២០២៤កន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថាចិននឹងត្រូវបង្រួបបង្រួមឡើងវិញយ៉ាងពិតប្រាកដ ហើយថា ប្រជាជនចិនទាំងអស់នៃជ្រោយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ គួរតែត្រូវបានផ្សារភ្ជាប់គ្នាដោយ «គោលបំណងរួមមួយ»។ ប៉ុន្តែ ផ្ទុយគ្នាទៅនឹងសារចូលឆ្នាំថ្មីរបស់លោក ស៊ី ជីនពីង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បែរជាប្រកាសទៅវិញថាការបង្រួបបង្រួមជាតិជាមួយកូរ៉េខាងត្បូងគឺមិនអាចធ្វើទៅរួចនោះទេ ហើយរដ្ឋធម្មនុញ្ញគួរតែត្រូវបានធ្វើវិសោធនកម្ម ដោយចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បងរបស់កូរ៉េខាងជើង។ តាមរយៈការលើកឡើងផ្ទុយគ្នានេះបានបង្កើតជាសំណួរដ៏សំខាន់មួយថាតើរវាងសុន្ទរកថារបស់លោក ស៊ី ជីនពីង និងលោក គីម ជុងអ៊ុន តើមួយណាបង្ហាញពីសញ្ញាថាវិបត្តិនៅក្នុងតំបន់អាស៊ីបូព៌ាអាចផ្ទុះឡើង ពោលគឺថាតើរវាងសង្រ្គាមកូរ៉េ និងសង្រ្គាមតៃវ៉ាន់ មួយណាងាយនឹងផ្ទុះឡើងខ្លាំងជាង?

ដើម្បីសាកល្បងឆ្លើយនឹងសំណួរនេះ យើងគួរពិចារណាមុនគេលើទីតាំងភូមិសាស្ត្ររវាងតៃវ៉ាន់ និងចិន ព្រមទាំងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ និយាយពីទីតាំងភូមិសាស្ត្រ តៃវ៉ាន់ មានអំណោយផលខាងយុទ្ធសាស្ត្រការពារខ្លួនពីធម្មជាតិ នោះគឺច្រកសមុទ្រតៃវ៉ាន់។ ដើម្បីវាយលុកចូលតៃវ៉ាន់ កងទ័ពរំដោះប្រជាជនចិន PLA​ ដឹងច្បាស់ជាងនរណាៗទាំងអស់ថាពួកគេ ត្រូវឆ្លងច្រកសមុទ្រតៃវ៉ាន់ ក្នុងចម្ងាយជាង១៦១គីឡូម៉ែត្រ និងសម្បូរព្យុះស្ទើរពេញមួយឆ្នាំ។ លើសពីនេះទៅទៀត ការបញ្ជូនកងទ័ពឆ្លងសមុទ្រឡើងលើឆ្នេរតៃវ៉ាន់ ត្រូវការពេលវេលាច្រើន គួរសមក្នុងការកែនកងទ័ព ដែលនេះងាយនឹងឱ្យចារកម្ម ឬផ្កាយរណបរបស់អាមេរិកចាប់សញ្ញាបាន។ ក្នុងន័យនេះ ក្រុមអ្នកវិភាគខាងយោធាជឿថាការវាយលុកចូលតៃវ៉ាន់ដែលតម្រូវឱ្យមាន ការបញ្ជូនកងទ័ពក្នុងចំនួនដ៏ច្រើនសម្បើមឡើងលើឆ្នេរតៃវ៉ាន់ នឹងមិនអាចធ្វើទៅដោយសម្ងាត់ៗនោះទេ។ ផ្ទុយទៅវិញ កូរ៉េខាងជើង និងកូរ៉េខាងត្បូងមានព្រំដែនគោកជាប់គ្នាប្រហែលជា ២៥០គីឡូម៉ែត្រ ហើយប្រទេសទំាង២ ក៏ធ្លាប់ប៉ះទង្គិចគ្នានៅក្បែរតំបន់ដែនទឹកភាគខាងជើងនៃសមុទ្រលឿងដែរ។ ការប្រៀបធៀបទីតាំងភូមិសាស្ត្រនេះអាចបញ្ជាក់បានថាកូរ៉េខាងជើង និងកូរ៉េខាងត្បូង ងាយនឹងផ្ទុះជម្លោះនឹងគ្នាទាំងជើងគោក និងជើងទឹក ខ្លាំងជាងជម្លោះយោធារវាងចិន និងតៃវ៉ាន់ ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។

មិនតែប៉ុណ្ណោះ ជម្លោះនៅលើឧបទ្វីបកូរ៉េក៏ងាយនឹងផ្ទុះខ្លាំងជាងច្រកសមុទ្រតៃវ៉ាន់ផងដែរ ដោយសារទំហំ និងការធ្វើសមយុទ្ធយោធាជាប្រចាំ។ កន្លងមក កូរ៉េខាងជើងតែងតែធ្វើតេស្ដបាញ់ មីស៊ីល ឬធ្វើសមយុទ្ធយោធាជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ចំណែក កងទ័ពរំដោះប្រជាជនចិន PLA វិញក៏តែងតែធ្វើសមយុទ្ធយោធា ផងដែរ នៅពេលដែលតៃវ៉ាន់ធ្វើសមយុទ្ធយោធាម្ដងៗ។ តែទោះជាបែបនេះក្ដី កម្លាំងយោធាតៃវ៉ាន់មិនអាចប្រៀបធៀបនឹងកម្លាំងយោធាចិនបាននោះទេ។ ដូច្នេះសមយុទ្ធរបស់តៃវ៉ាន់មិនអាច ចាត់ទុកថាជាការគំរាមកំហែងដល់ចិន ដូចដែលកូរ៉េខាងជើងមើលឃើញថាសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺជាការគំរាមកំហែងដ៏ធំនោះឡើយ។ និយាយពី ភាពញឹកញាប់នៃការធ្វើសមយុទ្ធនេះដែរ កូរ៉េខាងត្បូងមានសមយុទ្ធយោធារួមគ្នាចំនួន២ ជាមួយកងកម្លាំងអាមេរិក និងសមយុទ្ធរួមគ្នាកម្រិតថ្នាក់ជាតិចំនួន៣ ក្នុងមួយឆ្នាំៗ ខណៈតៃវ៉ាន់មាន សមយុទ្ធប្រចាំឆ្នាំថ្នាក់ជាតិតែមួយគត់ឈ្មោះថា Han Kuang។ នេះបានន័យថាកូរ៉េខាងជើងមានហេតុផលច្រើនជាងចិន ៥ដង ដើម្បីប្រើប្រាស់សមយុទ្ធយោធារបស់កូរ៉េខាងត្បូង អះអាងពី ភាពត្រឹមត្រូវនៃសកម្មភាពយោធារបស់ខ្លួន។ ម្យ៉ាងទៀត ជម្លោះនៅលើឧបទ្វីបកូរ៉េមានភាគរយខ្ពស់នឹងផ្ទុះរាលដាលចេញពីការគ្រប់គ្រង ដោយសារតែគោលនយោបាយយោធាកូរ៉េខាងត្បូង ផ្តោតលើការវាយលុកជាជាងតៃវ៉ាន់ដែលផ្តោតត្រឹមការការពារខ្លួនឯងប៉ុណ្ណោះ។

តាមរបាយការណ៍យោធាមួយកាលពីឆ្នាំ២០២២ យោធាកូរ៉េខាងត្បូងបានបង្កើតយុទ្ធសាស្ត្រមួយដែលគេស្គាល់ថា «ប្រព័ន្ធអ័ក្ស ៣ ឬ three-axis system» តាំងតែពីឆ្នាំ២០១២មកម្ល៉េះ។ នៅក្រោមយុទ្ធសាស្ត្រនេះ យោធាកូរ៉េខាងត្បូងអាចនឹងបើកការវាយប្រហារបង្ការទុកជាមុនប្រឆាំងនឹងមូលដ្ឋាននុយក្លេអ៊ែរ ឬមីស៊ីលនៅលើទឹកដីកូរ៉េខាងជើង និងបញ្ជូនកម្ម៉ង់ដូរពិសេស ដើម្បី សម្លាប់ ឬចាប់ខ្លួនលោក គីម ជុងអ៊ុន។ ប្រសិនបើគេប្រៀបធៀបគ្នា យុទ្ធសាស្រ្តយោធាតៃវ៉ាន់គឺផ្អែកលើការការពារខ្លួនសុទ្ធសាធ ហើយក្នុងរបាយការណ៍យោធាមួយតៃវ៉ាន់ក៏បានបញ្ជាក់ដែរថា យុទ្ធសាស្ត្រយោធារបស់ខ្លួន ត្រូវបានបង្កើតឡើងដើម្បីទាញយកប្រយោជន៍ពីទីតាំងភូមិសាស្ត្រនៃច្រកសមុទ្រតៃវ៉ាន់ និងវាយប្រហារក្នុងករណីសត្រូវលើកទ័ពឆ្លងសមុទ្រឡើងលើឆ្នេរតៃវ៉ាន់ ប៉ុណ្ណោះ។ យុទ្ធសាស្ត្រយោធាតៃវ៉ាន់មិនបានចែងពីការវាយប្រហារបង្ការទុកមុន ឬសងសឹកប្រឆាំងនឹងមូលដ្ឋានសំខាន់ណាមួយរបស់ចិន ឬថ្នាក់ដឹកនាំចិន ដូចយុទ្ធសាស្ត្ររបស់កូរ៉េខាងត្បូង ឡើយ។

ប៉ុន្តែ ព្រមពេលជាមួយគ្នា អ្នកខ្លះទៀតអាចនឹងយល់ឃើញផ្សេងពីការរៀបរាប់ខាងលើ ដោយពួកគេជឿថាចិនមានផែនការបង្កើនភាពតានតឹងក្នុងពេលឆាប់ៗ ជាពិសេសនៅថ្ងៃទី២០ ខែឧសភាខាងមុខនេះជាពេលដែលលោក Lai Ching-Te ឡើងស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់។ ទីក្រុងប៉េកាំងអាចនឹងប្រើឱកាសនេះដើម្បីបង្កើតជាវិបត្តិមួយជាមួយតៃវ៉ាន់ ដើម្បីបង្វែរចំណាប់អារម្មណ៍ប្រជាជនចិនពីវិបត្តិនៅក្នុងស្រុក និងជំរុញគំនិតស្នេហាជាតិរបស់លោក ស៊ី ជីនពីង ហើយការកើនឡើងសកម្មភាពរបស់ឆ្មាំសមុទ្រចិននៅក្បែរកោះ Kinmen គ្រប់គ្រងដោយតៃវ៉ាន់កាលពីខែកុម្ភៈកន្លងទៅ អាចជាសញ្ញាបង្ហាញថាវិបត្តិតៃវ៉ាន់កំពុងខិតជិតចូលមកដល់។ អ្នកដែលយល់ឃើញបែបនេះក៏ជឿដែរថាលោក គីម ជុងអ៊ុន មិនហ៊ានបង្កវិបត្តិ ទ្រង់ទ្រាយធំនោះទេ ដ្បិតលោកដឹងថាជម្លោះជាមួយកូរ៉េខាងត្បូង ដែលមានសហរដ្ឋអាមេរិកនៅពីក្រោយ នឹងធ្វើឱ្យកូរ៉េខាងជើងខាតច្រើនជាងចំណេញ។ ត្រង់ចំណុចនេះ អ្នកវិភាគជាច្រើន បានលើកឡើងថាការផ្គត់ផ្គង់អាវុធរបស់កូរ៉េខាងជើងទៅឱ្យរុស្ស៉ី អាចបញ្ជាក់បានថាលោក គីម ជុងអ៊ុន មិនទាន់ត្រៀមលក្ខណៈបង្កសង្រ្គាមជាមួយកូរ៉េខាងត្បូងនោះទេ។ ដូច្នេះគេអាចគិតថា សង្រ្គាម ឬវិបត្តិតៃវ៉ាន់ អាចនឹងងាយផ្ទុះខ្លាំងជាងសង្រ្គាមកូរ៉េ។

តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងកិច្ចការអន្តរជាតិដូចជាលោក Robert Sutter មកពីសាកលវិទ្យាល័យ George Washington យល់ថាសកម្មភាពណាមួយរបស់ចិន នៅថ្ងៃដែល តៃវ៉ាន់មានមេដឹកនាំថ្មី នៅខែឧសភាខាងមុខ នឹងដើរតាមយុទ្ធសាស្ត្រសង្រ្គាមតំបន់ពណ៌ប្រផេះរបស់ចិន នោះគឺការសម្លុតគំរាម និងការដាក់សម្ពាធ ដែលទីក្រុងប៉េកាំងអនុវត្តលើរដ្ឋបាលតៃវ៉ាន់ ដឹកនាំដោយគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតាំងពីឆ្នាំ២០១៦មកម្ល៉េះ។ តាមអ្នកជំនាញរូបនេះ ប្រវតិ្តសាស្ត្របានបង្ហាញថាចិនសុខចិត្តជ្រើសរើសគ្រប់គ្រងវិបត្តិខាងក្រៅ ជាជាងបង្កវិបត្តិថ្មី មួយឡើង នៅពេលដែលខ្លួនកំពុងប្រឈមមុខស្រាប់នឹងបញ្ហាប្រឈមច្រើនក្នុងស្រុកដូចសព្វថ្ងៃ។ ផ្ទុយទៅវិញ សកម្មភាពរបស់កូរ៉េខាងជើងដែលធ្វើឱ្យគេមិនអាចព្យាករ ឬប៉ាន់ស្មាន។ ជាការពិតណាស់ លោក គីម ជុងអ៊ុន ប្រហែលជាមិនមានបំណងបង្កសង្រ្គាមនៅលើឧបទ្វីបកូរ៉េទេ តែការបង្ករឿងនៅក្រោមលក្ខខណ្ឌមិនផ្ទុះជាសង្រ្គាម ឬជម្លោះតូចតាចនៅតែអាចកើតឡើង គ្រប់ពេលក្នុងឆ្នាំ២០២៤នេះ។ ណាមួយដោយសារមានព្រំដែនគោកជាប់គ្នាផងនោះ បើមានជម្លោះតូចតាចផ្ទុះឡើង វាក៏អាចនឹងងាយរាលដាលផ្ទុះជាសង្រ្គាមទ្រង់ទ្រាយធំផងដែរ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំថ្មីៗនេះ ការព្រួយបារម្ភរបស់ក្រុមអ្នកវិភាគថាជម្លោះ ឬសង្រ្គាមនៅតៃវ៉ាន់ និងឧបទ្វីបកូរ៉េអាចនឹងផ្ទុះឡើងក្នុងពេលតែមួយ បានជំរុញឱ្យមានការជជែកវែកញែកលើសំណួរ ថាតើកូរ៉េខាងជើងនឹងធ្វើបែបណា ប្រសិនបើជម្លោះក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើង? ប៉ុន្តែ បច្ចុប្បន្ន គេគួរតែបង្វែរទៅសួរវិញថាតើប្រសិនបើសង្រ្គាមកូរ៉េផ្ទុះឡើង តើចិននឹងធ្វើបែបណា នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់? ឬក៏ថាតើចិនអាចនឹងឆ្លៀតឱកាសធ្វើសកម្មភាពប្រឆាំងតៃវ៉ាន់ ក្នុងករណីវិបត្តិនៅលើឧបទ្វីបកូរ៉េផ្ទុះឡើងដែរ ឬក៏យ៉ាងណា? ហើយបើមិនដូច្នេះទេ ចុះថាតើ ចិននឹងមានឆន្ទៈពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកមធ្យោបាយគ្រប់គ្រងជម្លោះលើតំបន់ឧបទ្វីបកូរ៉េ ដូចដែលខ្លួនបានធ្វើកាលពីឆ្នាំ២០១៧ដែរឬទេ? ការវាយតម្លៃពី កម្រិតនៃ ការគំរាមកំហែងនៅឧបទ្វីបកូរ៉េ និងច្រកសមុទ្រតៃវ៉ាន់ បានបង្កើតចេញជាសំណួរទាំងនេះដែលអាចនឹងជះឥទ្ធិពលដល់ការកំញើញទប់ស្កាត់ និងការទូតរបស់សហរដ្ឋអាមេរិក ចំពោះចិន៕