(អង់ការ៉ា)៖ ប្រធានាធិបតីតួនគី លោក Recep Tayyip Erdogan បានចាប់ផ្តើមដំណើរទស្សនកិច្ចដ៏កម្រមួយ ទៅកាន់ប្រទេសជិតខាងអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ ក្នុងគោលបំណងស្តារឡើងវិញ នូវទំនាក់ទំនងទ្វេភាគីដ៏តានតឹង តាមរយៈកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ពាណិជ្ជកម្ម និងសន្តិសុខប្រឆាំងនឹងពួកសកម្មប្រយុទ្ធ Kurdistan Workers' Party (PKK)ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមេសា​ ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចដែលរង់ចាំជាយូរមកហើយរបស់ លោក Erdogan នេះ គឺជាដំណើរទស្សនកិច្ចលើកដំបូង ដោយមេដឹកនាំតួកគីចាប់តាំងពីឆ្នាំ ២០១១ ហើយវាបានកើតឡើងបន្ទាប់ពីភាពតានតឹងជាច្រើនឆ្នាំក្នុងទំនាក់ទំនងរបស់ប្រទេសជិតខាងទាំងពីរ នៅពេលដែលទីក្រុងអង់ការ៉ាបង្កើនប្រតិបត្តិការឆ្លងព្រំដែនរបស់ខ្លួន ប្រឆាំងនឹងសកម្មប្រយុទ្ធ Kurdistan Workers' Party (PKK) ដែលឈរជើងនៅតំបន់ភ្នំ និងតំបន់ដែលមានជនជាតិឃឺដរស់នៅភាគច្រើន ក្នុងប្រទេសអ៊ីរ៉ាក់។

ប្រធានាធិបតីតួកគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីអ៊ីរ៉ាក់ លោក Abdul Latif Rashid ថា «តួកគីមានការរំពឹងទុកពីអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការភេរវករនៃគណបក្សពលករឃឺដ (PKK) ហើយអ៊ីរ៉ាក់ត្រូវតែលុបបំបាត់អំពើភេរវកម្មគ្រប់ប្រភេទ»។

ដោយឡែក ប្រធានាធិបតីអ៊ីរ៉ាក់ លោក Rashid បានឆ្លើយតបថា អ៊ីរ៉ាក់គាំទ្រសកម្មភាពរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងប្រឆាំងនឹងការប្រើប្រាស់ទឹកដីរបស់ខ្លួន សម្រាប់ការវាយប្រហារប្រទេសជិតខាងណាមួយ។ ប៉ុន្តែលោកក៏​បាន​និយាយ​ដែរ​ថា អ៊ីរ៉ាក់​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ណា​មួយ​លើ​ទឹក​ដី​របស់​ខ្លួន។

គួរជម្រាបថា អ៊ីរ៉ាក់​បាន​ចាត់ទុកប្រតិបត្តិការ​តួកគីកន្លងមក ​បាន​រំលោភ​លើ​អធិបតេយ្យភាព​ និង​បាន​សម្លាប់​ជន​ស៊ីវិលរបស់ខ្លួន។ ចំណែកឯ ទីក្រុងអង់ការ៉ាវិញបាននិយាយថា ខ្លួនត្រូវតែការពារខ្លួនពីគណបក្សពលករឃឺដ (PKK) ដែលតួកគី និងសម្ព័ន្ធមិត្តលោកខាងលិចចាត់ថ្នាក់ជាក្រុមភេរវករ។

តួកគីគ្រោងនឹងបើកការវាយប្រហារថ្មីលើពួកសកម្មប្រយុទ្ធនៅនិទាឃរដូវនេះ ហើយបានស្វែងរកកិច្ចសហប្រតិបត្តិការយោធាអ៊ីរ៉ាក់ ក៏ដូចជាការទទួលស្គាល់ទីក្រុងបាកដាដ ចំពោះការគំរាមកំហែងដែលបង្កឡើងដោយ PKK។

កិច្ចសហប្រតិបត្តិការក្នុងគម្រោងសេដ្ឋកិច្ចធំៗរវាងប្រទេសទាំងពីរ ក៏ស្ថិតនៅលើតុផងដែរ។ ជាក់ស្តែង កាលពីឆ្នាំមុន អ៊ីរ៉ាក់បានចាប់ផ្តើមគម្រោងផ្លូវអភិវឌ្ឍន៍តម្លៃ ១៧ ពាន់លានដុល្លារ ក្នុងគោលបំណងប្រែក្លាយប្រទេសនេះ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដែលតភ្ជាប់អាស៊ី និងអឺរ៉ុប តាមរយៈការតភ្ជាប់រវាងកំពង់ផែដ៏ធំរបស់អ៊ីរ៉ាក់ឈ្មោះថា Al-Faw នៅភាគខាងត្បូង និងតួកគីនៅភាគខាងជើង៕