(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថាកញ្ចប់ជំនួយយោធា៦០ពាន់លានដុល្លារ ដែលត្រូវបានស្ថាប័ន សភាតំណាងរាស្ត្រអាមេរិកអនុម័ត កាលពីថ្ងៃសៅរ៍កន្លងមកនេះ នឹងជួយផ្តល់ឱកាសដល់ប្រទេសរបស់លោក នូវការរកជ័យជំនះក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ តើកញ្ចប់ជំនួយយោធា៦០ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក ក្នុងការជួយអ៊ុយក្រែនដែលអស់សង្ឃឹមថានឹងចាញ់ សង្គ្រាមបើគ្មានជំនួយពីសហរដ្ឋអាមេរិកនោះ នឹងកែប្រែស្ថានការណ៍អ្វីបានខ្លះនៅលើសមរភូមិ?

ក្តីបារម្ភដែលអ្នកជំនាញយោធាខ្លះ បានវាយតម្លៃថាអ៊ុយក្រែននឹងអាចចាញ់សង្គ្រាមក្នុងឆ្នាំ២០២៤នេះ បើសិនជាគ្មានជំនួយពី សហរដ្ឋអាមេរិកនោះ ពេលនេះ ត្រូវបានស្ថាប័នសភាតំ ណាងរាស្ត្រសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយយោធា៦០ពាន់លានដុល្លារ ហើយ។ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបានថ្លែងថា កញ្ចប់ជំនួយយោធា៦០ពាន់លានដែលត្រូវបាន ស្ថាប័នសភាតំណាងរាស្ត្រអាមេរិក អនុម័តកាលពីថ្ងៃសៅរ៍កន្លងមកនេះ នឹងជួយផ្តល់ ឱកាសដល់ប្រទេសរបស់លោក នូវការរកជ័យជំនះក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ីវិញ។ តើអ៊ុយក្រែនអាចមានសមត្ថភាពនោះដែរឬទេ?

អគ្គលេខាធិការអង្គការណាតូ លោកJens Stoltenberg តបនឹងសំណួរនេះចំពោះកម្មវិធី ទូរទស្សន៍ PBS News របស់សហរដ្ឋអាមេរិក។ មេដឹកនាំអង្គការណាតូរូបនេះ បាននិយាយថា «យើងបានឃើញជាច្រើនដងនូវសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការវាយប្រហារចូលជ្រៅទៅក្នុង ទឹកដីរុស្ស៊ីដាក់ទៅលើមូលដ្ឋានយោធា របស់រុស្ស៊ី ជាពិសេសប្រតិបត្តិការយោធាអ៊ុយក្រែន វាយប្រហារនៅក្នុងដែនសមុទ្ទខ្មៅជាដើម។

លោក Jens Stoltenberg បានថ្លែងបន្តថា «ចាប់តាំងពីមានការវាយប្រហារដោយរុស្ស៊ី នៅថ្ងៃ ទី២៤កុម្ភៈឆ្នាំ២០២២នោះមក អ្នកជំនាញការយោធាខ្លះបានវាយតម្លៃថាអ៊ុយក្រែន នឹងអាចចាញ់សង្គ្រាមក្នុងរយៈពេល តែប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះ ប៉ុន្តែអ៊ុយក្រែនមិនបាន ចាញ់សង្គ្រាមឡើយ និងអ៊ុយក្រែនថែមទាំង បានវាយរំដោះទឹកដីរបស់ខ្លួន ប្រមាណ១៥ភាគ រយពីរុស្ស៊ីបានថែមទៀត និងអ៊ុយក្រែនថែមទាំងបានធ្វើការវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី ដូចអ្វីដែលគេបានឃើញ នូវសមត្ថភាពវាយប្រហារ ដាក់លើមូលដ្ឋានយោធាទ័ពជើងទឹករុស្ស៊ី ក្នុងដែនសមុទ្ទខ្មៅនោះផងដែរ។ ដូច្នេះកងកម្លាំងអ៊ុយក្រែន មានជំនាញនិងមានការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការវាយប្រឆាំងនឹងរុស្ស៊ី»។

អ៊ុយក្រែន នៅថ្ងៃសៅរ៍ដែលសភាអាមរិកបានអនុម័តកញ្ចប់ជំនួយយោធានោះ ត្រូវគេរាយ ការណ៍ថា បានធ្វើការវាយប្រហារលើខេត្តចំនួន ៨ របស់រុស្ស៊ី ដោយប្រើប្រាស់ យន្តហោះដ្រូន ប្រយុទ្ធរយៈចម្ងាយឆ្ងាយ តម្រង់ទៅរកឃ្លាំងប្រេងនិងអនុស្ថានីយ៍ថាមពលអគ្គីសនីរបស់រុស្ស៊ី ផងដែរ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ការវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី នោះពិត ជាបានកើតឡើងមែន។ ខេត្តទាំង៨របស់រុស្ស៊ី ដែលរងការវាយប្រហារដោយដ្រូនរបស់អ៊ុយ ក្រែនរួមមានខេត្ត Belgorod, Bryansk, Kursk, Tula, Smolensk, Ryazan, Kulaga, និងថែម ទាំងតំបន់នៃក្រុងម៉ូស្គូថែមទៀត។

ការវាយប្រហាររបស់អ៊ុយក្រែនដាក់លើទឹកដីរុស្ស៊ី បានទន្ទឹមនឹងអ្វី ដែលរុស្ស៊ីកំពុងព្យា យាម សាជាថ្មីក្នុងការវាយប្រហារដាក់លើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ អ៊ុយក្រែន ដែលអំពើ វាយប្រហារនោះ បានធ្វើឲ្យពលរដ្ឋអ៊ុយក្រែនជាច្រើនបានរងនឹងការដាច់ ភ្លើងក្នុងរដូវត្រជាក់។ រីឯការវាយប្រហាររបស់អ៊ុយក្រែនដាក់លើទឹកដីរុស្ស៊ីវិញ កាលពីថ្ងៃសៅរ៍ ត្រូវគេចាត់ទុកថាជា ការប៉ុនប៉ងវាយប្រហារដាក់លើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ិវិញ ដើម្បីជាការតបតសងសឹក។ ប្រភពពីប្រទេសអ៊ុយក្រែន បានឲ្យដឹងថា អនុស្ថានីយ៍ភ្លើងយ៉ាងហោចបីកន្លែង និងឃ្លាំងប្រេងមួយកន្លែង បានរងការខូចខាតនិងឆាបឆេះ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា គេបានស្ទាក់ចាប់ដ្រូនមួយគ្រឿងនៅខេត្ត Smolensk ហើយថាប្រព័ន្ធការពារដែនអាកាសរបស់រុស្សី បានស្ទាក់ចាប់ និងកម្ទេចយន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៥០គ្រឿងក្នុងការវាយ ប្រហារកាលពីថ្ងៃសៅរ៍នោះ។

សេចក្តីរាយការណ៍២៤ម៉ោងចុងក្រោយនេះ បានបង្ហាញថា កងកម្លាំងជើងទឹករបស់អ៊ុយក្រែន បានធ្វើឱ្យនាវាចម្បាំងរបស់រុស្ស៊ីមួយគ្រឿង ទៀតមិនអាច ដំណើរការបានឡើយ។ អ្នកនាំពាក្យកងទ័ពជើងទឹកលោក Dmytro Pletenchuk បានថ្លែងថា នាវារុស្ស៊ីឈ្មោះ Kommuna មិនអាចដំណើរការបានឡើយ ក្នុងពេលដែលរងការវាយប្រហារ តាមផ្លូវអាកាសក្បែរក្រុង Sevastopol ក្នុងតំបន់គ្រីមៀរ។ ការវាយប្រហាររបស់អ៊ុយក្រែនបាន ពន្លិចនិងបំផ្លាញកម្លាំងទ័ពជើងទឹករុស្ស៊ី នៅឈូងសមុទ្ទខ្មៅនោះ យ៉ាងហោច ប្រមាណ១ភាគ បីនៃកម្លាំងកងទ័ពជើងទឹករបស់រុស្ស៊ី ដែលបានព្យាយាមរារាំងមិនឱ្យអ៊ុយក្រែន នាំចេញគ្រាប់ធញ្ញជាតិនិងសម្ភារៈនានាចេញ ទៅក្រៅប្រទេសនោះ។ សកម្មភាពវាយប្រហារចូលក្នុងទឹកដីរុស្ស៊ីនោះហើយ ត្រូវបានមេដឹកនាំអង្គការណាតូបាន និយាយបង្ហាញនូវភាពប្តេជ្ញាចិត្ត និងជំនាញប៉ិនប្រសប់ធ្វើសង្គ្រាម របស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។

*** អ៊ុយក្រែនរំពឹងទទួលជំនួយយោធាភ្លាមៗ ពីសហរដ្ឋអាមេរិកក្រោយលោកចូបៃដិនចុះហត្ថ លេខាចុងក្រោយលើច្បាប់ ដែលសភាទាំង២ថ្នាក់បានអនុម័ត
ស្ថាប័នសភាតំណាងរាស្ត្រអាមេរិក បានអនុម័តកាលពីថ្ងៃសៅរ៍នូវសម្លេងគាំទ្រភាគច្រើន លើកញ្ចប់ថវិកាជំនួយសន្តិសុខយោធា តម្លៃ៩៥ពាន់លានដុល្លារសម្រាប់ប្រទេស អ៊ុយក្រែន, សម្រាប់អ៊ីស្រាអែលនិងសម្រាប់កោះតៃវ៉ាន់ផង។ ការអនុម័តថវិកា កាលពីថ្ងៃសៅរ៍កន្លងមកនេះ បាន ទទួល សំឡេងគាំទ្រពីសមាជិកសភាមក ពីបក្សប្រជាធិបតេយ្យចំនួន ២១០ សំឡេង និងសមា ជិក សភាមកពីបក្សសាធារណរដ្ឋចំនួន ១០១សំឡេង មានន័យថាសម្លេងគណបក្សសាធារណរដ្ឋ ដែលធ្លាប់តែប្រឆាំងនឹងកញ្ចប់ ជំនួយយោធានេះ ស្រាប់តែបានផ្លាស់ប្តូរគំនិតមកគាំទ្រគណបក្ស ប្រជាធិបតេយ្យលើការ អនុម័តច្បាប់ថវិកានេះវិញ។ ច្បាប់ដែលបានគាំទ្រ រួចមកនេះត្រូវបានបញ្ជួនទៅស្ថាប័នព្រឹទ្ធសភាវិញនិងរំពឹងថា នឹងសម្រេចអនុម័តក្នុងសប្ដាហ៍នេះហើយមុនការបញ្ជួន ទៅប្រធានាធិបតីអាមេរិក ដើម្បីចុះហត្ថលេខា ចុងក្រោយ។ លោកហ្សេឡិនស្គី ក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធព័ត៌មានបរទេស បាននិយាយ អំពីក្តីសង្ឃឹមរបស់អ៊ុយក្រែន ក្នុងការទទួលបាននូវប្រព័ន្ធអាវុធការពារដែនអាកាស និងអាវុធ មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ ដែលនឹងអាចជួយទាហានអ៊ុយក្រែននៅក្នុងការវាយដណ្តើម យកទឹកដីវិញពីកណ្តាប់ដៃរបស់រុស្ស៊ី។

មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គីបានប្រញាប់សម្តែងក្តីដឹងគុណ ដល់ស្ថាប័នសភាតំណាងរាស្ត្រអាមេរិកដែលបានយល់ព្រម អនុម័តលើកញ្ចប់ថវិកាយោធា ដល់ប្រទេសអ៊ុយក្រែននេះ។ លោកហ្សេឡិនស្គី បានថ្លែងថា«ជំនួយនេះនឹងជួយពង្រឹង អ៊ុយក្រែន និងក៏ជាសារមួយប្រាប់ ទៅរដ្ឋាភិបាលវិមានក្រឹមឡាំងដែរថា អ៊ុយក្រែនមិនមែនជាប្រទេសអាប់កានីស្ថានទី២ឡើយ»។ លោកហ្សេឡិនស្គី ថ្លែងទៀតថា «សហរដ្ឋអាមេរិកនឹងស្ថិតនៅជាមួយអ៊ុយក្រែន និងជួយការពារ លទ្ធិប្រជាធិបតេយ្យ ក្នុងពិភពលោកនេះ»។ លោកហ្សេឡិនស្គី បានសរសើរសហរដ្ឋអាមេរិក ថាទង្វើរបស់រដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោន «នេះជាការបង្ហាញនូវភាពដឹកនាំនិងភាពដ៏ខ្លាំង ក្លាមួយ» ។ លោកបញ្ជាក់ថាតាមរយៈកញ្ចប់ជំនួយយោធានេះ នឹងជួយកាត់បន្ថយអាយុជីវិតប្រជាពលរដ្ឋអ៊ុយក្រែនបានជាច្រើន មិនឱ្យស្លាប់ដោយសារអំពើវាយប្រហាររបស់រុស្ស៊ី។

**** តើអ៊ុយក្រែននឹងធ្វើយ៉ាងណាដើម្បីការរំដោះយកទឹកដីវិញពីរុស្ស៊ីនោះ?
អ៊ុយក្រែនបានបាត់បង់ឱកាសយកឈ្នះ ឆ្នាំ២០២៣រួចទៅហើយ ប៉ុន្តែភ្លាមៗក្រោយការទទួល បានការអនុម័តជំនួយយោធាពី ស្ថាប័នសភាតំណាងរាស្ត្រអាមេរិក បានវិលត្រឡប់មកវិញនូវ ជំនឿសាជាថ្មីថានឹងអាចឈ្នះសង្គ្រាមលើរុស្ស៊ី។ រុស្ស៊ីបានប្រតិកម្មថា ការអនុម័តស្ថាប័នសភាអាមេរិកនូវទឹកប្រាក់៦០,៨៤ ពាន់លានដុល្លារ ជាបន្ថែមទៀតសម្រាប់ការគាំទ្រដល់អ៊ុយក្រែន កំពុងតែបង្ហាញថារដ្ឋាភិបាលក្រុងវ៉ាស៊្ហីនតោន កំពុងចង់ឱ្យអ៊ុយក្រែនមាន មនុស្សកាន់តែស្លាប់ច្រើនក្នុងសង្គ្រាម ដែលទីបំផុតសង្គ្រាមដែល សហរដ្ឋអាមេរិកបានលួកដៃនោះ នឹងត្រូវទទួលរងការអាម៉ាស់ដូចគ្នា នឹងសង្គ្រាមនៅវៀត ណាមឬសង្គ្រាមអាហ្វហ្គានីស្ថាន។ រុស្ស៊ីបានថ្លែងថាជំនួយយោធា របស់សហរដ្ឋអាមេរិកដល់ អ៊ុយក្រែននឹងមិនអាចផ្លាស់ប្តូរស្ថានការណ៍សឹក នៅលើសមរភូមិបានឡើយ។

រុស្ស៊ីបានថ្លែងថាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៤ ទឹកដីដែលគេបានវាយកាន់កាប់យកពី អ៊ុយក្រែនមានទំហំ៤០៣គីឡូម៉ែត្រក្រឡា។ បច្ចុប្បន្នរុស្ស៊ី បាននិងកំពុងកាន់ កាប់ទឹកដីទំហំ សារុប១០០ពាន់គីឡូម៉ែត្រក្រឡាដែលស្មើនឹង១ភាគ៥នៃទឹកដីអ៊ុយក្រែនទាំង មួលក្នុងនោះរួម មានខេត្ត Donetsk, Kherson, Luhansk និង Zaporizhzhia និងរុស្ស៊ីកំពុងតែបន្តការវាយប្រ ហារដណ្តើមយកទឹកដីខ្លះទៀតពីអ៊ុយក្រែន។

ស្រ្តីនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានថ្លែងថាការអនុម័តផ្តល់ ជំនួយយោធាដល់អ៊ុយក្រែនគឺជា ការបង្ហាញច្បាស់លាស់ថា សហរដ្ឋអាមេរិកចង់ឱ្យអ៊ុយក្រែន ប្រយុទ្ធទាល់តែស្លាប់អស់ជនជាតិអ៊ុយក្រែន និងសហរដ្ឋអាមេរិក ចង់ឱ្យមានការប្រយុទ្ធកើតលើ ទឹកដីរុស្ស៊ីនិងដាក់លើ ពលរដ្ឋស៊ីវិលរុស្ស៊ីថែមទៀត។

ក្នុងសំណួរមួយរបស់កម្មវិធីទូរទស្សន៍ PBS News របស់សហរដ្ឋអាមេរិក ដែលបាន សួរបន្ត ទៅអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ថាតើអង្គការណាតូគាំទ្រអ៊ុយក្រែន ធ្វើការវាយប្រហារដាក់ចូលក្នុងទឹកដីរុស្ស៊ីដែរឬទេ? មេដឹកនាំអង្គការណាតូ ឆ្លើយថា អ៊ុយក្រែន មានសិទ្ធិ សម្រេចរបស់ខ្លួនឯងក្នុងការធ្វើកិច្ចការយ៉ាងដូច្នោះ។

លោកJens Stoltenberg បានថ្លែងថា ការវាយប្រហារគ្នារវាងអ៊ុយក្រែននិងរុស្ស៊ីគឺជាសង្គ្រាម របស់រុស្ស៊ីដែលឈ្លានពាននិងលុកលុយ ដាក់មកលើប្រទេសមួយ ដោយប្រើកម្លាំងទ័ពថ្មើរជើង និងកម្លាំងរថក្រោះផងដែរ។ បើយោងតាមច្បាប់អន្តរជាតិ, ជនរងគ្រោះដោយ អំពើឈ្លានពាន នេះ មានសិទ្ធិក្នុងការការពារខ្លួនរបស់គេ…ហើយណាតូក៏មានសិទ្ធិគាំទ្រអ្នកដែលរងនូវអំពើ ឈ្លានពាននោះផងដែរ…ហើយសិទ្ធិនៃការការពារខ្លួននោះ គឺរួមមានសិទ្ធិវាយប្រហារដាក់លើ គោលដៅមូលដ្ឋានយោធាដែលស្ថិតនៅខាងក្រៅ ប្រទេសអ៊ុយក្រែនផងដែរ»។

លោក Jens Stoltenberg បានបញ្ជាក់បន្ថែមថា «វាមិនមែនជាសិទ្ធិរបស់អង្គការណាតូ ត្រូវសម្រេចលើរឿងនោះទេ ប៉ុន្តែអ៊ុយក្រែន គេមានសិទ្ធិក្នុងការ សម្រេចផ្ទាល់ខ្លួនរបស់គេរូមទាំង ការសម្រេចកម្ទេចគោលដៅយោធា ដែលស្ថិតនៅក្រៅប្រទេសរបស់អ៊ុយក្រែន នោះផងដែរ»៕