(វ៉ាសូវី)៖ ក្នុងបទសម្ភាសមួយ ដែលចេញផ្សាយនាថ្ងៃចន្ទនេះ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា ប្រទេសប៉ូឡូញ ត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីទទួលយកការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ប្រសិនបើអង្គការ NATO សម្រេចធ្វើយ៉ាងដូច្នោះ ចំពោះមុខ​ការពង្រឹងសព្វាវុធរបស់រុស្ស៉ី នៅឯប្រទេសបេឡារុស និងតំបន់ Kaliningrad។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤។

ប៉ូឡូញដែលជាសមាជិក NATO និងជាអ្នកគាំទ្រដ៏រឹងមាំមួយរបស់អ៊ុយក្រែន មានព្រំប្រទល់ជាប់ទាំងជាមួយតំបន់ Kaliningrad របស់រុស្ស៉ី និងជាមួយ​បេឡារុសដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ទីក្រុងមូស្គូ។ ក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Duda បានលើកឡើងថា «ប្រសិនបើសម្ព័ន្ធមិត្តយើង សម្រេចដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅលើទឹកដីរបស់យើង ក្រោមក្របខណ្ឌនៃការចែករំលែកអាវុធនុយក្លេអ៊ែរ ដើម្បីពង្រឹងផ្នែកខាងកើតរបស់ NATO ពួកយើងត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើយ៉ាងដូច្នោះ។ រុស្ស៉ីកំពុងបង្កើនសកម្មភាពបំពាក់សព្វាវុធ នៅតំបន់ Kaliningrad ហើយមួយរយៈចុងក្រោយនេះ ក៏បានបញ្ជូនអាវុធនុយក្លេអ៊ែរទៅកាន់បេឡារុស ផងដែរ»។

គួរបញ្ជាក់ថា បទសម្ភាសខាងលើធ្វើឡើង បន្ទាប់ពីលោក Duda បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុង New York ជាទីដែលរូបលោក បានបើកកិច្ចពិភាក្សា នៅអង្គការសហប្រជាជាតិ និងជជែកអំពីសង្រ្គាមនៅអ៊ុយក្រែន ជាមួយអតីតប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ។ រីឯកាលពីខែមីនាកន្លងទៅ លោកប្រធានាធិបតីប៉ូឡូញ បានធ្វើដំណើរទៅរដ្ឋធានីវ៉ាស៉ីនតោន ជាទីដែលលោកបានជួបជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន៕