(ហ្សាការតា)៖ នៅថ្ងៃចន្ទនេះ តុលាការធម្មនុញ្ញនៃប្រទេសឥណ្ឌូណេស៉ី បានច្រានចោលការតវ៉ាចំពោះលទ្ធផលបោះឆ្នោតប្រធានាធិបតី ដែលរដ្ឋមន្រ្តីការពារជាតិលោក Prabowo Subianto ជាអ្នកទទួលជ័យជម្នះ បន្ទាប់ពីគូប្រជែងរបស់លោក បានចោទប្រកាន់ថា វាបានប្រព្រឹត្តទៅដោយគ្មានភាពយុត្តិធម៌។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤។

លោក Prabowo វ័យ៧២ឆ្នាំ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែកុម្ភៈកន្លងទៅ ដើម្បីក្លាយជាមេដឹកនាំបន្ទាប់របស់ឥណ្ឌូណេស៉ី ដែលជាប្រទេសប្រជាធិបតេយ្យធំបំផុតលំដាប់ទី៣ នៅលើពិភពលោក ហើយលោកបានឈ្នះក្នុងសំឡេងគាំទ្រ មានគម្លាតដាច់ឆ្ងាយថែមទៀត បើធៀបជាមួយអតីតអភិបាលទីក្រុងហ្សការតា លោក Anies Baswedan ព្រមទាំងគូប្រជែងម្នាក់ទៀត។ លោក Prabowo ទទួលបានសំឡេងគាំទ្រដល់ទៅ ៥៨.៦ភាគរយ ខណៈលោក Anies ទទួលបានត្រឹម២៤.៩ភាគរយ។

លោក Prabowo បានរងការចោទប្រកាន់ថា ត្រូវបានជួយជ្រោមជ្រែងដោយ ប្រធានាធិបតីឥណ្ឌូណេស៉ីចប់អាណត្តិ គឺលោក Joko Widodo ហៅ Jokowi។ កូនប្រុសច្បង អាយុ៣៦ឆ្នាំ របស់លោក Jokowi បានឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី របស់លោក Prabowo បន្ទាប់ពីតុលាការធម្មនុញ្ញ ដែលកាលនោះមានលោក Anwar Usman ត្រូវជាសាច់ថ្លៃរបស់លោក Jokowi បានសម្រេចបន្ថយការកំណត់​អាយុអប្បបរមា សម្រាប់បេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី កាលពីខែតុលា ឆ្នាំមុន។ ចាប់តាំងពី ពេលនោះមក សំឡេងគាំទ្ររបស់លោក Probowo បានស្ទុះឡើងយ៉ាងខ្លាំង នៅក្នុងការស្ទង់មតិជាបន្តបន្ទាប់ ហើយលោក​ត្រូវគេព្យារកថា នឹងជាប់ជាប្រធានាធិបតី ក្នុងការព្យាយាមជាលើកទី៣ ក្រោយបរាជ័យកាលពីឆ្នាំ២០១៤ និង២០១៩ ពេលប្រកួតប្រជែង​ជាមួយលោក Jokowi។

គួរបញ្ជាក់ថា យ៉ាងណាមិញ លោក Anies មិនព្រមទទួលយកលទ្ធផលបោះឆ្នោតផ្លូវការ ដែលត្រូវបានប្រកាសឡើយ ដោយអះអាងថា រដ្ឋាភិបាលលោក Jokowi បានលូកដៃជ្រៀតជ្រែក ដើម្បីជួយឱ្យលោក Prabowo បានទទួលជ័យជម្នះ តាមរយៈការឱ្យកូនប្រុសរបស់​លោក Jokowi ឈរឈ្មោះអមលោក Prabowo ព្រមទាំងការប្រើប្រាស់កម្មវិធីជំនួយសង្គម ដើម្បីទាក់ទាញទឹកចិត្តប្រជាជនដែលជា​ម្ចាស់សន្លឹកឆ្នោត ហើយលោក Anies បានទាមទារឱ្យមានការបោះឆ្នោតឡើងវិញ។ ទោះជាបែបនេះក្តី តុលាការធម្មនុញ្ញ បានច្រានចោលពាក្យតវ៉ារបស់លោក Anies។

ដោយឡែក លោក Ganjar Pranowo ដែលជាគូប្រជែងម្នាក់ទៀតរបស់លោក Prabowo ឈរនៅលេខរៀងទី៣ ជាមួយសំឡេងគាំទ្រ ១៦ភាគរយ ក្នុងការបោះឆ្នោតប្រធានាធិបតី ក៏បានបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោតផងដែរ ហើយបានដាក់ពាក្យតវ៉ាមកកាន់តុលាការធម្មនុញ្ញដូចគ្នា។ ប៉ុន្តែតុលាការនៅមិនទាន់ចេញសេចក្តីសម្រេច លើពាក្យបណ្តឹងរបស់លោក Ganjar នៅឡើយទេ។ រីឯលោក Prabowo វិញ បានទាត់ចោលការអះអាងរ បស់គូប្រជែងទាំង២របស់លោកថា ជាពាក្យសម្តីចោទប្រកាន់គ្មានមូលដ្ឋាន។ លោក Prabowo នឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ បន្តពីលោក Jokowi នៅខែតុលា ឆ្នាំនេះ៕