(តៃប៉ិ)៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានប្រកាសថានឹងពិភាក្សាជាមួយសហរដ្ឋអាមេរិក ជុំវិញរបៀបប្រើប្រាស់ថវិកានៃមូលនិធិថ្មី ដែលសភាអាមេរិកទើបនឹងបានអនុម័តចំនួនជិត ១០០ពាន់លានដុល្លារ នៅក្នុងកញ្ចប់ជំនួយសន្តិសុខសម្រាប់ផ្តល់ឱ្យអ៊ុយក្រែន អ៉ីស្រាអែល និងកោះតៃវ៉ាន់។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤។

ក្រសួងការពារជាតិតៃវ៉ាន់បានថ្លែងអំណរគុណដល់សភាតំណាងរាស្រ្តអាមេរិក ដែលបានអនុម័តនូវកញ្ចប់ជំនួយថ្មីនេះ ដោយនិយាយថា វាបានបង្ហាញនូវការគាំទ្រយ៉ាងរឹងមាំរបស់ សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់។ ក្រសួងនឹងសម្របសម្រួលលើការប្រើប្រាស់ថវិកាពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិក តាមរយៈយន្តការផ្លាស់ប្តូរដែលមានស្រាប់ ហើយខិតខំពង្រឹង សមត្ថភាពត្រៀមប្រយុទ្ធ ដើម្បីធានាដល់សន្តិសុខជាតិ និងសន្តិភាព ស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់មួយរបស់តៃវ៉ាន់ និងបានផ្គត់ផ្គង់អាវុធផងដែរ បើទោះបីជាមិនមានទំនាក់ទំនងផ្លូវការក្តី។ តៃវ៉ាន់ បានត្អូញត្អែរ ចាប់តាំងពីឆ្នាំ២០២២មក អំពីការពន្យារពេលផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិក ដូចជាមីស៉ីលប្រឆាំងយន្តហោះ Stinger ជាដើម ខណៈក្រុមហ៊ុនផលិតផ្តោតលើការផ្គត់ផ្គង់ឱ្យ អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី៕