(ហ្គាហ្សា)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងប្រឆាំងនឹងរាល់ការដាក់ទណ្ឌកម្មលើអង្គភាពយោធាអ៊ីស្រាអែលណាមួយ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំផែនការបែបនេះ ប្រឆាំងនឹងកងវរសេនាតូចមួយ ជុំវិញការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

គេហទំព័រព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងដាក់ទណ្ឌកម្មលើកងវរសេនាតូច Netzah Yehuda របស់អ៊ីស្រាអែល ដែលប្រតិបត្តិការនៅតំបន់ West Bank។ ប៉ុន្តែកងទ័ព​អ៊ីស្រាអែល​បាន​និយាយ​ថា ខ្លួន​មិន​បាន​ដឹង​ពី​ផែនការទាំងនេះទេ។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រសិនបើនរណាម្នាក់គិតថា ពួកគេអាចដាក់ទណ្ឌកម្មលើអង្គភាព IDF (កងកម្លាំងការពារអ៊ីស្រាអែល) ខ្ញុំនឹងប្រយុទ្ធជាមួយវា រហូតអស់ពីកម្លាំងរបស់ខ្ញុំ»

យោធាអ៊ីស្រាអែលបានអះអាងថា កងវរសេនាតូច Netzah Yehuda គឺជាអង្គភាពប្រយុទ្ធសកម្ម ដែលប្រតិបត្តិការស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ។

យោធាអ៊ីស្រាអែលបាននិយាយដូច្នេះថា «IDF មិនបានដឹងពីបញ្ហានេះទេ...ប្រសិនបើការសម្រេចចិត្តត្រូវបានធ្វើឡើងលើបញ្ហានេះ យើងនឹងពិនិត្យមើលឡើងវិញ។ IDF នឹងបន្តធ្វើការស៊ើបអង្កេតព្រឹត្តិការណ៍មិនប្រក្រតីណាមួយ នៅក្នុងរបៀបអនុវត្តជាក់ស្តែង និងស្របតាមច្បាប់»