(យូអិន)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) នឹងត្រូវបោះឆ្នោតសម្រេច​លើសំណើរបស់ប៉ាឡេស្ទីន ស្តីអំពីការសុំសមាជិកភាពពេញលេញនៅ UN។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤។

ប្រភពពីក្រុមអ្នកការទូតបានបង្ហើបឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិកសរុប១៥ប្រទេស នឹងត្រូវបោះឆ្នោតនៅវេលាម៉ោង​៣រសៀល ថ្ងៃសុក្រ ទី១៩ ខែមេសា លើសេចក្តីព្រាងដំណោះស្រាយមួយ ផ្តល់អនុសាសន៍ទៅកាន់មហាសន្និបាត UN ដែលមានសមាជិក១៩៣ប្រទេស ថារដ្ឋប៉ាឡេស្ទីនគួរតែត្រូវទទួលចូលជាសមាជិករបស់ UN។ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ នឹងត្រូវការ​យ៉ាងហោចសំឡេងបោះឆ្នោតគាំទ្រចំនួន៩ ហើយពុំមានការបោះឆ្នោតវេតូពីសំណាក់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង រុស្ស៉ី ឬចិនឡើយ ទើបអាចអនុម័តទៅបាន។ បើតាមក្រុមអ្នកការទូត សេចក្តីព្រាងដំណោះស្រាយខាងលើ អាចទទួលបានការគាំទ្រពីសមាជិករហូតដល់១៣ នៅក្រុមប្រឹក្សាសន្តិសុខ ខណៈប្រការនេះនឹងបង្ខំឱ្យអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៉ីស្រាអែល ត្រូវប្រើអំណាចវេតូរបស់ខ្លួន។

សព្វថ្ងៃ ប៉ាឡេស្ទីនមានឋានៈត្រឹមជារដ្ឋសង្កេតការណ៍ប៉ុណ្ណោះ នៅអង្គការសហប្រជាជាតិ ខណៈវាគឺជាឋានៈដែលត្រូវបានផ្តល់​ឱ្យ ដោយមហាសន្និបាត UN កាលពីឆ្នាំ២០១២។ ពាក្យស្នើសុំជាសមាជិកពេញលេញ ចាំបាច់ត្រូវទទួលបានការយល់ព្រម ពីក្រុមប្រឹក្សាសន្តិសុខ UN ហើយបន្ទាប់មកពីសំណាក់យ៉ាងហោច២ភាគ៣ នៃមហាសន្និបាត UN។ ក្រុមប្រឹក្សាសន្តិសុខ UN បានគាំទ្រជាយូរមកហើយ នូវចក្ខុវិស័យនៃដំណោះស្រាយរដ្ឋពីរ ពោលគឺប៉ាឡេស្ទីននិងអ៉ីស្រាអែល រស់នៅជាប់ព្រំប្រទល់គ្នាដោយសន្តិភាព និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

ជនជាតិប៉ាឡេស្ទីន ចង់បានរដ្ឋឯករាជ្យពេញលេញមួយ ដែលមានតំបន់ West Bank, ហ៊្សេរុយសាឡិមខាងកើត និង Gaza Strip ជាទឹកដីនៃប្រទេសរបស់ខ្លួន។ យ៉ាងណាមិញ តំបន់ទាំងអស់នេះ ត្រូវបានអ៉ីស្រាអែលត្រួតត្រា ចាប់តាំងពីឆ្នាំ១៩៦៧។ មកទល់ពេលនេះ មានភាពរីកចម្រើនតិចតួចស្តួចស្តើងប៉ុណ្ណោះ ជុំវិញកិច្ចប្រឹងប្រែងសម្រេចឱ្យបាន ​ភាពជាប្រទេសរបស់ប៉ាឡេស្ទីន គិតចាប់តាំងពីការចុះសន្ធិសញ្ញាទីក្រុងអូស្លូ រវាងអ៉ីស្រាអែលនិងអាជ្ញាធរប៉ាឡេស្ទីន (Palestinian Authority) កាលពីអំឡុងដើមទសវត្សរ៍ឆ្នាំ ១៩៩០មក។

គួរបញ្ជាក់ថា អាជ្ញាធរប៉ាឡេស្ទីន ដែលដឹកនាំដោយប្រធានាធិបតីលោក Mahmoud Abbas មានអំណាចមិនពេញលេញនោះឡើយ នៅក្នុងតំបន់ West Bank ហើយជាដៃគូនៅក្នុងសន្ធិសញ្ញាក្រុងអូស្លូ ជាមួយអ៉ីស្រាអែល។ ចំណែក ក្រុមហាម៉ាសវិញ កាលពីឆ្នាំ២០០៧ បានដណ្តើមអំណាចពីអាជ្ញាធរប៉ាឡេស្ទីន នៅឯតំបន់ Gaza Strip។ ការស្នើសុំជាថ្មីរបស់ប៉ាឡេស្ទីន ក្នុងការក្លាយជា​សមាជិក UN ពេញលេញលើកនេះ គឺកើតមានឡើងនៅរយៈពេលជាង៦ខែ នៃសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ Gaza និងស្របពេលដែលអ៉ីស្រាអែល កំពុងបន្តពង្រីកការតាំងទីលំនៅរបស់ជនជាតិខ្លួន នៅតំបន់ West Bank៕