(ប៉េកាំង)៖ លើកកម្ពស់ដោយទ្រង់ទ្រាយធំបំផុតនូវលំដាប់ថ្នាក់នៃ «សន្ធិសញ្ញាការពារសន្តិសុខរវាងអាមេរិកនិងជប៉ុន » សហការជាមួយអាមេរិក អូស្រ្តាលីនិងហ្វីលីពីន ដើម្បីធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង ស្វែងរកការចូលជាសមាជិកនៃអង្គការ AUKUS ។ល។ ឥស្សរជនមានការយល់ដឹងខ្ពស់មួយចំនួន របស់ប្រទេសជប៉ុនបានលើកឡើងថា រដ្ឋាភិបាលជប៉ុនបាននិងកំពុងពង្រីក កម្លាំងយោធារបស់ខ្លួនតាមរយៈសម័្ពន្ធភាពយោធា និងដើរតាម “ផ្លូវដ៏គ្រោះថ្នាក់ដែលឆ្ពោះទៅរកសង្រ្គាម” ដូច្នេះប្រទេសក្នុងតំបន់ចាំបាច់ត្រូវប្រុងប្រយ័ត្នខ្ពស់។

ក្នុងសកម្មភាពមួយចំនួនរបស់ជប៉ុន ទង្វើដែលមានជម្លោះខ្លាំងបំផុត គឺពង្រឹងសម័្ពន្ធភាពយោធារវាងអាមេរិកនិងជប៉ុនយ៉ាងខ្លាំង។ ប៉ុន្មានឆ្នាំកន្លងទៅនេះ អាមេរិកបានផ្សព្វផ្សាយអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” ហើយបានចាត់ទុកជប៉ុនជាកូនអុកដ៏សំខាន់ ។ រីឯពួកស្តាំនិយមមួយចំនួនក្នុងស្រុកជប៉ុន ក៏ប៉ុនប៉ងបំរះខ្លួនចេញពីការរឹតត្បិតនៃធម្មនុញ្ញសន្តិភាព ស្វែងរកប្រក្រតីភាពរបស់ប្រទេសជាតិ និងប្រទេសខ្លាំងខាងយោធា ដូច្នេះពួកគេចង់ពឹងផ្អែកទៅលើកម្លាំងជាក់ស្តែងរបស់អាមេរិក។

នៅឆ្នាំទៅមិញ រដ្ឋាភិបាលជប៉ុនបានផ្តល់មុខងារថ្មីដល់កងស្វ័យការពារ ដែលប្រែពី “ការពារ”ទៅជា “មានសមត្ថភាពវាយប្រហារ” ។ ក្នុងកិច្ចប្រជុំកំពូលនៃប្រមុខរដ្ឋអាមេរិកនិងជប៉ុន ដែលបើកធ្វើនៅក្រុងវ៉ាស៊ីនតោនលើកនេះ ប្រទេសទាំងពីរបាន “លើកកម្ពស់ដោយទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកចំពោះលំដាប់ថ្នាក់នៃ «សន្ធិសញ្ញាការពារសន្តិសុខ រវាងអាមេរិកនិងជប៉ុន» គោលបំណងវាគឺដើម្បីកែប្រែមុខងាររបស់កងស្វ័យការពារ និងធ្វើឱ្យកងស្វ័យការពារក្លាយទៅជា “កងវាយប្រហាររបស់ជប៉ុន” ក៏ដូចជាបង្កើនការធ្វើសមាហរណកម្មយោធារវាងអាមេរិក និងជប៉ុនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះទេ ភាគីទាំងពីរក៏បានប្រកាសថា នឹងលើកកម្ពស់លំដាប់ថ្នាក់នៃទំនាក់ទំនងសម័្ពន្ធភាពពី “សម័្ពន្ធមិត្ត” ឡើងដល់ “ដៃគូសកល”ដែលចាត់ទុក “កិច្ចសហប្រតិបតិ្តការរួមលើវិស័យការពារជាតិ” ជាចំណុចសំខាន់ ដើម្បីពង្រីកក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ។ ព្រមពេលជាមួយគ្នានេះ សេចក្តីថ្លែងការណ៍រួមបានលើកឡើង ដល់សមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង និងបញ្ហាតៃវ៉ាន់ ដោយបានអះអាងថា នឹងបង្កើនអ្វីដែលហៅថាកិច្ចសហប្រតិបតិ្តការពហុភាគី និងបង្កើនទំនាក់ទំនងជាមួយ អង្គការណាតូជាដើម។ អ្នកវិភាគសម្គាល់ឃើញថា ទង្វើថ្មីៗទាំងនេះបង្ហាញថា ជប៉ុនបាននិងកំពុងចេញឆ្ងាយពីធម្មនុញ្ញសន្តិភាព ថែមមួយកម្រិតទៀត ហើយដើរស្របគ្នាជាមួយយុទ្ធសាស្ត្រសកលរបស់អាមេរិក លើវិស័យជាច្រើន អូសទាញនិងបង្កើតជាក្រុមសម័្ពន្ធតូច គោលបំណងដែលសំដៅចំពោះប្រទេសចិនកាន់តែច្បាស់លាស់។

អ្នកវិភាគសម្គាល់ឃើញថា គោលបំណងចុងក្រោយរបស់រដ្ឋាភិបាលជប៉ុន គឺធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាព សម្រេចបាននូវ “ភាពរលុងដោយគ្រប់ជ្រុងជ្រោយ” លើវិស័យយោធា។ ប៉ុន្តែដោយសារប្រជាពលរដ្ឋភាគច្រើនក្នុងស្រុកសម្តែងការប្រឆាំង បានជារដ្ឋាភិបាលជប៉ុនប៉ុនប៉ងបំបែកជាបន្តបន្ទាប់ នូវការហាមឃាត់លើវិស័យយោធា បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ក្នុងសភាពមិនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នាពេលបច្ចុប្បន្ន ក្នុងនោះបូករួមទាំងលូកដៃចូលក្នុងជម្លោះក្នុងតំបន់ ដោយយកការជួយប្រទេសផ្សេងទៀត ដែលជាសម័្ពន្ធមិត្តរបស់ខ្លួនធ្វើជាលេស ដើម្បីសម្រេចបាននូវគោលបំណងជាសន្សឹមៗ។

ទង្វើដ៏មានគ្រោះថ្នាក់មួយចំនួនរបស់រដ្ឋាភិបាលជប៉ុន បានបណ្តាលឱ្យគ្រប់មជ្ឈដ្ឋានមានការប្រុងប្រយ័ត្នខ្ពស់។ នាពេលថ្មីៗកន្លងទៅនេះ កាសែត «Asahi Shimbun» បានបញ្ចេញមតិថា រូបភាពរបស់ជប៉ុនដែលជា ”ប្រទេសសន្តិភាព” កំពុងរងការចោទជាមន្ទិលសង្ស័យ។ ក្នុងនាមជាប្រទេសធំជាងគេខាងយោធាលើពិភពលោកទាំងមូល ដើមឡើយ ការលូកដៃចូលក្នុងកិច្ចការអាស៊ីប៉ាស៊ីហ្វិក របស់អាមេរិកក៏ ជាទង្វើដែលជាប់ពាក់ព័ន្ធនឹងយោធាផងដែរ។ អាមេរិកនិងជប៉ុនលើកកម្ពស់លំដាប់ថ្នាក់នៃសម័្ពន្ធភាពយោធា ប្រហែលនឹង បំផ្លាញតុល្យភាព មានស្រាប់ក្នុងតំបន់នេះ បណ្តាលឱ្យប្រទេសផ្សេងទៀតមានការព្រួយបារម្ភនិងមិនពេញចិត្ត ហើយនឹងនាំមក នូវគ្រោះថ្នាក់លាក់កំបាំងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

តំបន់អាស៊ីប៉ាស៊ីហ្វិកជាតំបន់ដែលពោរពេញទៅដោយសន្តិភាពនិងការអភិវឌ្ឍ មិនមែនជាក្តារអុកសម្រាប់ប្រទេសធំ ធ្វើការប្រកួតប្រជែង នោះទេ។ ក្នុងនាមជាប្រទេស ដែលបានជំពាក់បំណុលយ៉ាងច្រើនសន្ធឹកក្នុងប្រវត្តិសាស្ត្រ បើសិនជាជប៉ុន ដើរតាមអាមេរិក ត្រឡប់ទៅកាន់ផ្លូវ “ប្រទេសធំខាងយោធា”វិញ នោះមុខជានឹងបណ្តាលឱ្យខ្លួនធ្លាក់ក្នុង សភាពកាន់តែគ្រោះថ្នាក់ជាក់មិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន