(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងអំណរគុណដល់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់ កិច្ចប្រឹងប្រែងផ្នែកការទូតរបស់លោកនៅឯទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាសង្រ្គាមជាង ២៥ខែរបស់រុស្ស៉ី ហើយថាចិនអាចដើរតួនាទី ក្នុងការស្វែងរកសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤។

អំឡុងពេលជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ជាង៣ម៉ោង នៅឯទីក្រុងប៉េកាំង លោក Scholz បានស្នើឱ្យលោកដាក់សម្ពាធលើរុស្ស៉ី ដោយការធ្វើដូច្នេះ លោក ពូទីន អាចឈានទៅការបិទបញ្ចប់សង្គ្រាមដ៏គួរឱ្យភ័យខ្លាចនេះបាន។ នៅក្នុងសុន្ទរកថាតាមវីដេអូ លោក ហ្សេលេនស្គី បានបញ្ជាក់ថា «ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Olaf Scholz អធិការបតីនៃប្រទេសអាល្លឺម៉ង់ សម្រាប់ភាពជាអ្នកដឹកនាំ និងការប្រាស្រ័យទាក់ទងជាអន្តរជាតិដ៏សមរម្យរបស់លោក។ ជាសញ្ញាដែលយើងបានឮពីប៉េកាំង ចិនពិតជាអាចជួយស្ដារសន្តិភាពសម្រាប់អ៊ុយក្រែន និងស្ថិរភាពក្នុងទំនាក់ទំនងអន្តរជាតិ»

គួរបញ្ជាក់ថា អ៊ុយក្រែន កំពុងប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឱ្យទទួលបានការគាំទ្រពីចិន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ី សម្រាប់កិច្ចប្រជុំសន្តិភាពដែលគ្រោងធ្វើឡើង នៅឯប្រទេសស្វីស ក្នុងខែមិថុនា។ យ៉ាងនេះក្តី លោក ស៉ី ជីនពីង ត្រូវបានគេមើលឃើញថាទំនងជាបដិសេធការចូលរួមកិច្ចប្រជុំនោះ ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកដំណោះស្រាយសន្តិវិធី គួរតែត្រូវបានទទួលស្គាល់ដោយភាគីទាំងពីរ និងការចូលរួមដោយស្មើភាពពីគ្រប់ភាគីទាំងអស់៕