(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ទី១៦ ខែមេសានេះបានប្រកាសថាខ្លួននឹងដាក់ទណ្ឌកម្មថ្មីលើកម្មវិធីមីស៊ីល និងយន្ដហោះដ្រូនរបស់អ៉ីរ៉ង់ក្នុងពេលឆាប់ៗ បន្ទាប់ពីការវាយប្រហារសងសឹកលើអ៉ីស្រាអែលកាលពីសប្ដាហ៍មុន ហើយសង្ឃឹមថាសម្ព័ន្ធមិត្តរបស់ខ្លួនក៏នឹងដាក់ទណ្ឌកម្មលើទីក្រុងតេហេរ៉ង់ដែរ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសពីការដាក់ទណ្ឌកម្មរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី Janet Yellen បានបញ្ជាក់ពី ការដាក់ទណ្ឌកម្មថ្មីប្រឆាំងអ៉ីរ៉ង់ ខណៈប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានបញ្ជាក់ថាការិយាល័យរបស់លោកក៏កំពុងធ្វើការងារ លើកិច្ចការនេះដែរ។

តាមលោក Jake Sullivan នៅប៉ុន្មានថ្ងៃខាងមុខ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងអ៉ីរ៉ង់ ក្នុងនោះរួមមានកម្មវិធីមីស៊ីល និងដ្រូន ព្រមទាំងកងកម្លាំងឆ្មាំបដិវត្តន៍ និងក្រសួងការពារជាតិអ៉ីរ៉ង់។ លោក Sullivan បន្ថែមថាសហរដ្ឋអាមេរិកក៏សង្ឃឹមដែរថាសម្ព័ន្ធមិត្តរបស់ខ្លួន ក៏ដូចជាប្រទេសជាដៃគូនឹងប្រកាសពីការដាក់ទណ្ឌកម្មថ្មី របស់ពួកគេលើទីក្រុងតេហេរ៉ង់ ដើម្បីដាក់សម្ពាធ និងកាត់បន្ថយសមត្ថភាពយោធាអ៉ីរ៉ង់៕